ពាក់ព័ន្ធមុខរបរទុច្ចរិតឆបោកតាមអន្តរបណ្ដាញ និងតាមទូរសព្ទ គេនិយមហៅថា online scams អង្គការសិទ្ធិមនុស្សអន្តរជាតិឈ្មោះ Amnesty International ផ្សាយសេចក្តីរាយការណ៍នៅថ្ងៃទី២៧ ខែមករា នេះថា ការរំលោភសិទ្ធិមនុស្ស និងរំលោភច្បាប់បានកើតមានក្នុងព្រះរាជាណាចក្រកម្ពុជា មានទំហំធំធេងណាស់ ដែលសាធារណជនមិនបានដឹង ឬជួយរួមដៃគ្នាលាក់បាំងការពិត។
អ្នកផងទាំងឡាយបានដឹងគ្រាន់តែត្រឹមថា មានការរត់ពន្ធមនុស្ស។
អង្គការ Amnesty International រាយការណ៍ដោយមានប្រភពច្បាស់ការថា បណ្ដុំអគារឆបោកបានបង្ខាំងមនុស្សឲ្យបម្រើការងារ បើស្ត្រីភេទរំលោភដល់មានផ្ទៃពោះពីសំណាក់មេការ វាយដំធ្វើទារុណកម្ម និងធ្វើឃាតយកសពទៅបោះចោល។ គេរកឃើញថាមានជនរងគ្រោះជាច្រើននាក់ស្លាប់ក្រោមកណ្ដាប់ដៃមេខ្លោងឆបោក។
សេចក្តីរាយការណ៍បន្តថា ក្រោយមណ្ឌលឆបោកត្រូវបានអាជ្ញាធរបំបែកឲ្យខ្ចាត់ខ្ចាយ ជនបរទេសជាច្រើនជួបនឹងបញ្ហាធំច្រើនយ៉ាង ដូចជាគ្មានអត្តសញ្ញាណបណ្ណសម្គាល់ខ្លួន ដោយសារគេដកហូតយកលិខិតឆ្លងដែន គ្មានប្រាក់កាស គ្មាននរណាយកចិត្តទុកដាក់បញ្ហាសុខភាពពេលឈឺ ជាដើម។ល។
Amnesty International មានឱកាសជួបសម្ភាសជាមួយជនជាតិជាច្រើនដែលធ្លាក់ខ្លួនជាទាសករក្នុងមុខរបរឆបោករំលោភបំពានច្បាប់នៅស្រុកខ្មែរជាច្រើនឆ្នាំ ហើយរាជរដ្ឋាភិបាលថាមិនបានដឹងនោះ មានពលរដ្ឋពីប្រទេសប្រេស៊ីល, ឥណ្ឌូនេស៊ី, មីយ៉ាន់ម៉ា, នីហ្សេរីយ៉ា, Sierra Leone, Liberia, Uganda, កេនយ៉ា, បង់ក្លាដេស, ឥណ្ឌា, ហ្វីលីពីន និង Madagascar៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

