28.4 C
Phnom Penh

អ្នក​ឃ្លាំមើល​រិះគន់​ការ​មិន​បើក​ប្រាក់ខែ​ឱ្យ​កងទ័ព​តាម​ធនាគារ និង​មិន​មាន​របប​សន្តិសុខ​សង្គម (ប.ស.ស)

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​តាមដាន​បញ្ហា​សង្គម លើកឡើង​ថា ការ​ដែល​រដ្ឋ​មិន​បើក​ប្រាក់បៀវត្សរ៍​ឱ្យ​យោធិន​តាម​ប្រព័ន្ធ​ធនាគារ​ក្រោម​កង្វល់​ផ្នែក​សន្តិសុខ​ព័ត៌មាន និង​មិន​តម្រូវ​ឱ្យ​មាន​របប​សន្តិសុខ​សង្គម (ប.ស.ស) គឺជា​កំហុស​យុទ្ធសាស្ត្រ​ក្នុង​ការ​ពង្រឹង​កម្លាំង​កងទ័ព តាមរយៈ​ទំនើបកម្ម​រដ្ឋបាល និង​ប្រព័ន្ធ​គាំពារ​សង្គម​យ៉ាង​ធ្ងន់ធ្ងរ។

ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា លោក ប៉ា ចន្ទរឿន សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៣ កុម្ភៈ នេះ​ថា ការ​បើក​ប្រាក់បៀវត្សរ៍​ឱ្យ​យោធិន​តាម​ប្រព័ន្ធ​ធនាគារ ជា​សញ្ញាណ​នៃ​អភិបាលកិច្ច​ល្អ និង​តម្លាភាព​ក្នុង​រដ្ឋបាល​សាធារណៈ​ទំនើប ព្រោះ​ប្រព័ន្ធ​នេះ​អាច​ធានា​បាន​ថា ប្រាក់បៀវត្សរ៍​ទាំងអស់​បាន​ទៅ​ដល់​ពួកគេ​ដោយ​ផ្ទាល់ និង​អាច​កាត់បន្ថយ​បាតុភាព​អសកម្ម​ផ្សេងៗ​ថែមទៀត។

លោក​ថា បណ្តា​ប្រទេស​ជឿនលឿន ដូចជា អាមេរិក បារាំង និង​ជប៉ុន ជាដើម បាន​ប្រើប្រាស់​ប្រព័ន្ធ​ធនាគារ​បើក​ប្រាក់ខែ​ឱ្យ​យោធិន​ជា​យូរ​មក​ហើយ។

លោក​បន្ថែម​ថា រដ្ឋ​អាច​អនុវត្ត​ប្រព័ន្ធ​នេះ​ដោយ​ប្រើប្រាស់​បណ្ដាញ​ធនាគារ ឬ​ប្រព័ន្ធ​ឌីជីថល​ដែល​ត្រូវ​បាន​អ៊ិនគ្រីប (Encrypted) ដែល​មាន​សុវត្ថិភាព​ខ្ពស់ ដើម្បី​រក្សា​ការសម្ងាត់ និង​សន្តិសុខ​ព័ត៌មាន​របស់​ជាតិ។

លោក ប៉ា ចន្ទរឿន លើកឡើង​ថា ការ​យល់​ឃើញ​ថា​មន្ទីរពេទ្យ​យោធា​អាច​ជំនួស​របប​សន្តិសុខ​សង្គម គឺជា​ការ​យល់​ច្រឡំ​យ៉ាង​ធំ​រវាង “សេវា​ព្យាបាល” និង “ប្រព័ន្ធ​គាំពារ​សង្គម”។

លោក​បន្ត​ថា អត្ថប្រយោជន៍​នៃ​របប​សន្តិសុខ​សង្គម គឺ​លើស​ពី​ការ​ព្យាបាល ព្រោះ​វា​អាច​ការពារ​នូវ​ហានិភ័យ​ការងារ ដូចជា គ្រោះថ្នាក់ ឬ​ពិការភាព ជាដើម ព្រមទាំង​ជួយ​ឱ្យ​របប​សោធន​និវត្តន៍​មាន​ចីរភាព​ផង​ដែរ ដែល​មន្ទីរពេទ្យ​យោធា​មិន​អាច​ផ្តល់​ឱ្យ​ពួកគេ​បាន។ ជាង​នេះ​ទៀត របប​សន្តិសុខ​សង្គម ក៏​ជួយ​ឱ្យ​យោធិន​ទទួល​បាន​សេវា​សុខភាព​ទូទាំង​ប្រទេស​ថែមទៀត ដោយ​មិន​ចាំបាច់​ធ្វើ​ដំណើរ​មក​មន្ទីរពេទ្យ​យោធា​ក្នុង​ករណី​បន្ទាន់ ឬ​ស្ថិត​នៅ​តំបន់​ដាច់ស្រយាល​នោះ។

លោក​បន្ថែម​ថា ការ​ផ្ដល់​បណ្ណ ប.ស.ស ដល់​គ្រួសារ​យោធិន គឺជា​យុទ្ធសាស្ត្រ​ពង្រឹង​ខឿន​ការពារ​ជាតិ និង​សុខុមាលភាព​គ្រួសារ​ទាហាន​ផង​ដែរ ដែល​ជា​កត្តា​កំណត់​នូវ​ស្មារតី​ប្រយុទ្ធ និង​ភក្ដីភាព​របស់​កងទ័ព​យ៉ាង​ខ្លាំងក្លា ហើយ​ក៏​ជា​ខែល​ការពារ​ហិរញ្ញវត្ថុ​ដែល​អាច​ជួយ​ការពារ​ពលទាហាន​ដែល​មាន​ចំណូល​មធ្យម និង​ងាយ​រងគ្រោះ​ចំពោះ​ការ​ចំណាយ​លើ​សុខភាព​គ្រួសារ​ផង​ដែរ។

រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក ចាន់ សុធី បាន​លើកឡើង​ក្នុង​វេទិកា​សាធារណៈ ស្ដីពី​ការ​គ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច និង​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០២៦ កាលពី​ថ្ងៃទី​២ ខែ​កុម្ភៈ ឆ្នាំ​២០២៦ នេះ​ថា មូលហេតុ​ដែល​រដ្ឋាភិបាល​មិន​បើក​បៀវត្សរ៍​តាម​ប្រព័ន្ធ​ធនាគារ និង​មិន​ធ្វើ​បណ្ណ ប.ស.ស ជូន​កងទ័ព ដោយសារ​ពាក់ព័ន្ធ​នឹង​កិច្ចការ​ការពារ​ជាតិ។

លោក ចាន់ សុធី អះអាង​ថា ទោះបី​កងទ័ព​មិន​មាន​បណ្ណ ប.ស.ស ដើម្បី​ចូល​ព្យាបាល​ជំងឺ​នៅ​តាម​មន្ទីរពេទ្យ​ដោយ​ឥត​គិត​ថ្លៃ​ក៏ដោយ ក៏​រដ្ឋាភិបាល​បាន​ពង្រឹង​មន្ទីរពេទ្យ​យោធា​ដើម្បី​ផ្តល់​សេវា​ព្យាបាល​ជូន​កងទ័ព​រួចរាល់​ដែរ។ បន្ថែម​ពី​នេះ ក្នុង​ពេល​មាន​ការ​ប្រយុទ្ធ​គ្នា​ជាមួយ​ថៃ កន្លង​មក មន្ទីរពេទ្យ​ស៊ីវិល​នានា​ក៏បាន​ទទួល​ព្យាបាល​ឱ្យ​កងទ័ព​ដោយ​ឥត​គិត​ថ្លៃ​ដែរ។ លើស​ពី​នេះ រដ្ឋាភិបាល​ថែមទាំង​បាន​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ថ្លៃ​ម្ហូប​មួយ​ថ្ងៃ ២​ម៉ឺន​រៀល​ជូន​ដល់​យុទ្ធជន​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ​ថែមទៀត ដើម្បី​ជួយ​សម្រួល​ជីវភាព​របស់​ពួកគេ។

យ៉ាងណាក៏ដោយ ពលទាហាន​កម្ពុជា​មួយ​ចំនួន​ទម្លាយ​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​៣ កុម្ភៈ នេះ​ថា ការ​បើក​ប្រាក់បៀវត្សរ៍​ពី​អង្គភាព​ត្រូវ​ប្រឈម​នឹង​អំពើពុករលួយ​យ៉ាង​ធ្ងន់ធ្ងរ ព្រោះ​រាល់​ពេល​បើក​ប្រាក់ខែ​ម្តងៗ ត្រូវ​ប្រធាន​អង្គភាព​កាត់​យក​ប្រាក់បៀវត្សរ៍​មួយ​ចំណែក ក្រោម​ហេតុផល​ផ្សេងៗ​ដោយ​មិន​មាន​មូលហេតុ​ពិតប្រាកដ៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស