28.4 C
Phnom Penh

ធនាគារ​និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ប្រកាស​លុប​បំណុល​គ្រួសារ​យោធិន​ពលី ពិការ និង​របួស​ក្នុង​សង្គ្រាម​កម្ពុជា-ថៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា ប្រកាស​លុប​បំណុល​គ្រួសារ​យោធិន​ពលី គ្រួសារ​យោធិន​ពិការ និង​គ្រួសារ​យោធិន​រង​របួស​ក្នុង​សង្គ្រាម​រវាង​កម្ពុជា-ថៃ ចោល​ទាំងអស់។

នៅ​ថ្ងៃទី​៣០ ខែ​កក្កដា នេះ ធនាគារ​នៅ​កម្ពុជា ចំនួន​១២ រួម​មាន ធនាគារ​ជាតិ​នៃ​កម្ពុជា ធនាគារ​អេស៊ីលីដា ធនាគារ​អភិវឌ្ឍន៍​ជនបទ និង​កសិកម្ម ធនាគារ​ខេប៊ី​ប្រាសាក់ ធនាគារ​វីង គ្រឹះស្ថាន​អម្រឹត ធនាគារ​អេចអេច ធនាគារ​កាណាឌីយ៉ា ធនាគារ​ជីប ម៉ុង ធនាគារ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​នៃ​កម្ពុជា ធនាគារ​ព្រីនស៍ និង​ធនាគារ​វឌ្ឍនៈ បាន​សម្រេច​លុប​ចោល​បំណុល​ដល់​គ្រួសារ​យោធិន​ពលី និង​អ្នក​រួម​ខ្ចី​ដែល​បាន​បំពេញ​ប្រតិបត្តិការ​ក្នុង​សមរភូមិ​ការពារ​បូរណភាព​ទឹកដី​កម្ពុជា​ចោល​ទាំងស្រុង។

ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​ចេញ​សេចក្តី​ណែនាំ​នៅ​ថ្ងៃទី​៣០ កក្កដា នេះ​ថា ធនាគារ​សម្រេច​លុប​ចោល​កម្ចី​រហូត​ទៅ​ដល់ ៨០​លាន​រៀល​របស់​អតិថិជន ឬ​អ្នក​រួម​ខ្ចី​ជា​យោធិន​ពលី និង​លុប​ចោល​កម្ចី​រហូត​ទៅ​ដល់ ១០​លាន​រៀល​របស់​យោធិន​ពិការ និង​ផ្តល់​ការ​អនុគ្រោះ​ផ្សេងៗ​ដល់​ជនភៀសសឹក ពលករ និង​យោធិន​ជួរមុខ​ផង​ដែរ។

ធនាគារ​ជាតិ​នៃ​កម្ពុជា តម្រូវ​ឱ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំងអស់ លើកលែង​បង់​ការប្រាក់ និង​ការ​ផាក​ពិន័យ​ឥណទាន​ដល់​ជនភៀសសឹក​រយៈពេល ៣​ខែ ចាប់ពី​ថ្ងៃទី​៣០ ខែ​កក្កដា ដល់​ថ្ងៃទី​៣១ ខែ​តុលា ឆ្នាំ​២០២៥។

បន្ថែម​ពី​នេះ ក៏​ត្រូវ​លើកលែង​បង់​ការប្រាក់ និង​ផាក​ពិន័យ​រយៈពេល ៦​ខែ​ផង​ដែរ ដោយ​គិត​ចាប់ពី​ថ្ងៃទី​៣០ ខែ​កក្កដា រហូត​ដល់​ថ្ងៃទី​៣១ ខែ​មករា ឆ្នាំ​២០២៦ ចំពោះ​គ្រួសារ​យោធិន​ដែល​កំពុង​ប្រតិបត្តិការ​ការពារ​ទឹកដី​នៅ​លើ​សមរភូមិ។

ជុំវិញ​បញ្ហា​នេះ ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងនោះ បាន​សម្រេច​លុប​ចោល​បំណុល​ទាំងស្រុង​ដល់​យោធិន​ពលី​ជីវិត និង​អ្នក​រួម​ខ្ចី ក្នុង​ស្មារតី​មនុស្សធម៌ ដើម្បី​ជួយ​សម្រាល​បន្ទុក​ដល់​គ្រួសារ​យោធិន​ដែល​កំពុង​បំពេញ​ប្រតិបត្តិការ​ក្នុង​សមរភូមិ​ការពារ​បូរណភាព​ទឹកដី​កម្ពុជា នា​ពេលនេះ។

ចំណែក​ធនាគារ​វីង បាន​សម្រេច​លុប​ចោល​បំណុល​ទាំងស្រុង​ដល់​យោធិន​ពលី និង​យោធិន​ពិការ ខណៈ​យោធិន​រង​របួស គឺ​លុប​បំណុល​ត្រឹមតែ ៧៥% ប៉ុណ្ណោះ ខណៈ​ធនាគារ​កាណាឌីយ៉ា ក៏​សម្រេច​លុប​ចោល​បំណុល​ត្រឹមតែ ៨០% ដែរ សម្រាប់​យោធិន​រង​របួស ឬ​អ្នក​រួម​ខ្ចី​នោះ។

ដោយឡែក​ធនាគារ ជីប ម៉ុង មិន​ត្រឹមតែ​លុប​ចោល​បំណុល​ទាំងស្រុង​ដល់​គ្រួសារ​យោធិន​ពលី ពិការ និង​រង​របួស​ទេ ថែមទាំង​ឧបត្ថម្ភ​ប្រាក់​បន្ថែម​ដល់​យោធិន​ទាំងនោះ​ទៀត​ដែរ ក្នុង​នោះ យោធិន​ពលី​ទទួល​បាន ២០​លាន​រៀល យោធិន​រង​របួស​ធ្ងន់​ទទួល​បាន ១០​លាន​រៀល និង​យោធិន​រង​របួស​ស្រាល​ទទួល​បាន ២​លាន​រៀល។

ការ​សម្រេច​លុប​បំណុល​ដល់​គ្រួសារ​យោធិន​ពលី ពិការ និង​រង​របួស​នេះ ធ្វើឡើង​តាម​ការ​អំពាវនាវ​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា កាលពី​ពេល​ថ្មីៗ​នេះ។

កាលពី​ថ្ងៃទី​២៩ ខែ​កក្កដា លោក ហ៊ុន ម៉ាណែត បាន​អំពាវនាវ​ឱ្យ​សមាគម​ធនាគារ​នៅ​កម្ពុជា និង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ពិនិត្យ​លទ្ធភាព​ជួយ​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​សម្រាប់​កងកម្លាំង​ប្រដាប់​អាវុធ​ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​យ៉ាង​សកម្ម​នៅ​ក្នុង​បុព្វហេតុ​ការពារ​បូរណភាព​ទឹកដី​នៅ​ក្នុង​សមរភូមិ​ប្រយុទ្ធ​នា​ពេលនេះ។

ជាង​នេះ​ទៅ​ទៀត ក៏​ត្រូវ​ជួយ​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ដល់​គ្រួសារ​យោធិន​ពលី យោធិន​រង​របួស និង​ពិការ រួម​ទាំង​ពលរដ្ឋ​ជា​ជនភៀសសឹក​ដោយសារ​ការ​ប្រយុទ្ធ​គ្នា​រវាង​កម្ពុជា-ថៃ ផង​ដែរ។

លោក ហ៊ុន ម៉ាណែត បាន​ចេញ​បទបញ្ជា​ឲ្យ​ក្រសួង​ការពារ​ជាតិ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ រៀបចំ​នូវ​គោលនយោបាយ​លើក​ទឹកចិត្ត​ពិសេស​សម្រាប់​កងកម្លាំង​ប្រដាប់​អាវុធ ទាំង​យោធា ទាំង​នគរបាល​ជាតិ ដែល​បាន​ចូលរួម​ដោយ​ផ្ទាល់​នៅ​ក្នុង​សមរភូមិ​ការពារ​បូរណភាព​ទឹកដី​នា​ពេលនេះ។

លោក​បញ្ជាក់​ថា យោធិន និង​កង​នគរបាល​ជាតិ​ដែល​បាន​ពលី ឬ​ធ្លាក់​ខ្លួន​ពិការ​មិន​អាច​បំពេញ​ភារកិច្ច​បន្ត​បាន នោះ​រដ្ឋាភិបាល​នឹង​ផ្ដល់​ក្របខ័ណ្ឌ​ឲ្យ​សាច់ញាតិ​បង្កើត​របស់​គាត់​មួយ​រូប​បាន​ចូល​បម្រើ​ប្រទេស​ជាតិ​នៅ​តាម​អង្គភាព​ដែល​គាត់​បំពេញ​ភារកិច្ច​មុន​ពលី ឬ​ធ្លាក់​ខ្លួន​ពិការ​ផង​ដែរ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស