30.7 C
Phnom Penh

ការ​បន្ត​តែងតាំង​កូនចៅ​និង​សាច់ញាតិ​ឱ្យ​កាន់​តំណែង​សំខាន់ៗ​ក្នុង​ស្ថាប័ន​រដ្ឋ នឹង​ធ្វើ​ឱ្យ​យុវជន GenZ អស់​ជំនឿ​លើ​រដ្ឋាភិបាល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​នៅ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក លោក សេង វណ្ណលី យល់​ថា​ការ​ដឹកនាំ​តាម​ប្រព័ន្ធ​គ្រួសារ​និយម​តាមរយៈ​ការ​តែងតាំង​កូនចៅ និង​សាច់សាលោហិត​របស់​អ្នក​មាន​អំណាច​ឱ្យ​កាន់​តំណែង​សំខាន់ៗ​នៅ​កម្ពុជា ដោយ​គ្មាន​ការ​ប្រកួតប្រជែង​ជា​សាធារណៈ គឺជា​ឧបសគ្គ​ដ៏​ធំធេង​ដែល​រាំងស្ទះ​ដល់​ដំណើរការ​អភិវឌ្ឍ​ជាតិ និង​បំផ្លាញ​អនាគត​យុវជន​ខ្មែរ។

លោក សេង វណ្ណលី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៨ កុម្ភៈ ថា និន្នាការ​នេះ​មិន​ត្រឹមតែ​បង្កើត​ឱ្យ​មាន​វិសមភាព​សង្គម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ធ្វើ​ឱ្យ​យុវជន​ដែល​មាន​សមត្ថភាព​ពិតប្រាកដ បាក់​ទឹកចិត្ត និង​អស់​ជំនឿ​ចិត្ត​លើ​រដ្ឋាភិបាល​បច្ចុប្បន្ន​កាន់តែ​ខ្លាំង​ថែមទៀត។

លោក​បន្ត​ថា ការ​ខ្វះ​យន្តការ​ប្រកួតប្រជែង​ប្រកប​ដោយ​តម្លាភាព បាន​ធ្វើ​ឱ្យ​ប្រព័ន្ធ​អភិបាលកិច្ច​ចុះ​ខ្សោយ និង​បង្កើត​ឱ្យ​មាន​ស្ថាប័ន​រដ្ឋ​ដែល​ខ្វះ​ប្រសិទ្ធភាព ដោយសារ​ការ​សម្រេច​ចិត្ត​ផ្អែកលើ​ភក្ដីភាព​នៃ​ក្រុម​គ្រួសារ ជាជាង​គុណាធិបតេយ្យ និង​វិជ្ជាជីវៈ​របស់​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល។

យោង​តាម​វចនានុក្រម​ខ្មែរ ពាក្យ​ថា គុណាធិបតេយ្យ (គុ-ណា-ធិ-ប៉ៈ-តៃ) មាន​ន័យ​ថា សង្គម ឬ​ប្រព័ន្ធ​សង្គម​ដែល​ប្រជាជន ឬ​បុគ្គល​ម្នាក់​មាន​អំណាច​ដោយសារតែ​គុណសម្បទា ឬ​គុណូបការៈ​របស់​ខ្លួន មិនមែន​ដោយសារ​មាស​ប្រាក់ ឬ​ឋានៈ​សង្គម​ឡើយ។

អ្នក​ឃ្លាំមើល​សង្គម​រូប​នេះ​លើកឡើង​ថា ក្នុង​បរិបទ​ដែល​ប្រទេស​ដទៃ​ទៀត​ក្នុង​តំបន់​កំពុង​ធ្វើ​កំណែ​ទម្រង់​នីតិរដ្ឋ​យ៉ាង​សកម្ម លោក ហ៊ុន ម៉ាណែត មិន​គួរ​បណ្តែតបណ្តោយ​ឱ្យ​វប្បធម៌​បក្ខពួក​និយម បន្ត​ចាក់ឫស​ជ្រៅ​នៅ​ប្រទេស​កម្ពុជា​ទៀត​ទេ ប្រសិនបើ​ចង់​ប្រកួតប្រជែង​ខាង​សេដ្ឋកិច្ច ចំណេះដឹង និង​បច្ចេកវិទ្យា​ជាមួយ​ប្រទេស​ដទៃ​នោះ។

លោក​បន្ថែម​ថា ដើម្បី​ធានា​នូវ​សមត្ថកិច្ច​ប្រកួតប្រជែង រដ្ឋាភិបាល​ត្រូវ​ធានា​ឱ្យ​បាន​នូវ​ការ​អនុវត្ត​ច្បាប់​ដោយ​ស្មើភាព និង​ពង្រឹង​ឯករាជភាព​នៃ​ប្រព័ន្ធ​តុលាការ​លើ​ការ​ការពារ​សិទ្ធិ​សេរីភាព រួម​ទាំង​ផ្ដល់​សេចក្ដី​សង្ឃឹម​ដល់​យុវជន GenZ ក្នុង​ការ​ងើប​ឈរ​ដោយ​សមត្ថភាព​ផ្ទាល់ខ្លួន​របស់​ពួកគេ​ផង​ដែរ។

លោក សេង វណ្ណលី បញ្ជាក់​ថា វាសនា​របស់​ប្រទេស​ជាតិ​ត្រូវ​ពឹងផ្អែក​ទាំងស្រុង​លើ​ការ​បង្កើត​បរិយាកាស​នយោបាយ​ដែល​ស្ថិត​ក្រោម​ច្បាប់​ពេញលេញ និង​ការ​ផ្ដល់​តម្លៃ​ខ្ពស់​លើ​គុណាធិបតេយ្យ ដែល​ជា​គ្រឹះ​តែ​មួយ​គត់​ក្នុង​ការ​កសាង​ទំនុកចិត្ត​រវាង​រដ្ឋ និង​យុវជន ដែល​អាច​ធានា​បាន​នូវ​វិបុលភាព​ជាតិ និង​កិត្តិយស​របស់​កម្ពុជា នៅ​លើ​ឆាក​អន្តរជាតិ​ប្រកប​ដោយ​ចីរភាព​ទៅ​ថ្ងៃ​មុខ។

កាលពី​ថ្ងៃទី​២៣ ខែ​ធ្នូ ឆ្នាំ​២០២៥ នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត បាន​ទូល​ថ្វាយ​ព្រះមហាក្សត្រ​សុំ​តែងតាំង​លោក ឡាំ ជុងហាវ ជា​ទីប្រឹក្សា​អម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មាន​ឋានៈ​ស្មើ​នឹង​អគ្គនាយក។ លោក ឡាំ ជុងហាវ ត្រូវ​ជា​កូនប្រសា​ប្រុស​របស់​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ដែល​ត្រូវ​ជា​ស្វាមី​របស់​អ្នកស្រី អូនព័ន្ធ មណីលក្សី។

ជាង​នេះ​ទៀត កាលពី​ថ្ងៃទី​១៤ ខែ​មករា ឆ្នាំ​២០២៦ ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) លោក ឱម យ៉ិនទៀង ក៏បាន​ដាក់​សំណើ​ទៅ​កាន់​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ អ្នកស្រី ម៉ែន សំអន សុំ​តែងតាំង​អនុប្រធាន ឧបការី អគ្គនាយក អគ្គនាយករង អ្នកនាំពាក្យ ប្រធាន​នាយកដ្ឋាន ខុទ្ទកាល័យ តំណាង​ក្រុម និង​អ្នក​កត់ត្រា​កិច្ចប្រជុំ​ផង​ដែរ។

ក្នុង​សំណើ​នេះ លោក ឱម យ៉ិនទៀង បាន​ស្នើសុំ​តែងតាំង​កូនប្រុស​ស្រី​របស់​គាត់​ចំនួន ៣​នាក់ ក្នុង​នោះ គាត់​បាន​ស្នើសុំ​តែងតាំង​លោក យ៉ិនទៀង ពុទ្ធិរិទ្ធ ជា​អនុប្រធាន​ទី​១ នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ស្នើសុំ​តែងតាំង​លោក យ៉ិនទៀង ពុទ្ធិរ៉ា ជា​ឧបការី​នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ខណៈ​អ្នកស្រី យ៉ិនទៀង ពុទ្ធិរស្មី ជា​នាយក​ខុទ្ទកាល័យ​នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ថែមទៀត៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស