អ្នកឃ្លាំមើលសង្គម ព្រមានថា ការប្រើវេទិកាអន្តរជាតិដើម្បីលាតត្រដាងអំពើរំលោភបំពានពីភាគីថៃ ប្រាប់ពិភពលោក គឺជាយុទ្ធសាស្ត្រដ៏ត្រឹមត្រូវ ប៉ុន្តែប្រសិទ្ធភាពវានឹងត្រូវរលាយបាត់ទៅវិញ ប្រសិនបើប្រទេសកម្ពុជាមិនព្រមដោះស្រាយវិបត្តិផ្ទៃក្នុងឱ្យបានឆាប់រហ័ស។
អ្នកតាមដានភូមិសាស្ត្រនយោបាយនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក លោក សេង វណ្ណលី សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២០ កុម្ភៈ នេះថា ទោះជាការខិតខំប្រឹងប្រែងលើឆាកការទូតអន្តរជាតិដើម្បីលាតត្រដាង និយាយប្រើពាក្យ មហិច្ឆតាឈ្លានពានរបស់ថៃ តាមរយៈបណ្ដាញសារព័ត៌មានធំៗ ដូចជាទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ Reuters និង Fox News ជាដើមក៏ដោយ ប៉ុន្តែប្រសិទ្ធភាពនៃយុទ្ធសាស្ត្រនេះ នឹងត្រូវចុះខ្សោយ ឬរលាយបាត់ទៅវិញ ប្រសិនបើរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មិនព្រមដោះស្រាយវិបត្តិផ្ទៃក្នុងដ៏រ៉ាំរ៉ៃទេនោះ។
លោក សេង វណ្ណលី លើកឡើងថា បញ្ហារឿងអាស្រូវឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា អំពើពុករលួយជាប្រព័ន្ធ និងបក្ខពួកនិយមដែលកំពុងចាក់ឫសយ៉ាងជ្រៅ គឺជាឧបសគ្គដ៏ធំ ដែលធ្វើឱ្យសហគមន៍អន្តរជាតិមានមន្ទិលសង្ស័យលើសុចរិតភាពនៃសារនយោបាយរបស់លោក ហ៊ុន ម៉ាណែត។
ជាងនេះទៀត ការបន្តរឹតត្បិតសេរីភាពសកម្មភាពគណបក្សប្រឆាំង និងការបន្តឃុំខ្លួនអ្នកទោសនយោបាយនានា រួមទាំងប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ក៏ជាចំណុចរសើបបំផុតដែលមហាអំណាចលោកសេរីប្រើប្រាស់សម្រាប់វាយតម្លៃពីភាពស្របច្បាប់នៃរដ្ឋាភិបាលរបស់គាត់ដែរ។
អ្នកឃ្លាំមើលសង្គមរូបនេះ អះអាងថា ការកែទម្រង់ផ្ទៃក្នុងដោយបើកលម្ហប្រជាធិបតេយ្យ និងការសម្អាតអំពើពុករលួយឱ្យមានតម្លាភាពពិតប្រាកដ គឺជាគ្រឹះដ៏រឹងមាំក្នុងការបង្កើតភាពស្របច្បាប់ពេញលេញ និងជាមេដែកយ៉ាងមានឥទ្ធិពលក្នុងការទាក់ទាញការគាំទ្រដោយឥតលក្ខខណ្ឌពីមជ្ឈដ្ឋានអន្តរជាតិ។
លោកបន្តថា នៅពេលដែលកម្ពុជាមានផ្ទៃក្នុងរឹងមាំ និងមានយុត្តិធម៌សង្គមច្បាស់លាស់ នោះរាល់ការតវ៉ាលើបញ្ហាព្រំដែន នឹងមានទម្ងន់កាន់តែខ្លាំង ដែលធ្វើឱ្យពិភពលោកហ៊ានចេញមុខការពារកម្ពុជាប្រឆាំងនឹងការឈ្លានពានពីបរទេសជិតខាងដោយទំនុកចិត្ត។
លោក សេង វណ្ណលី ព្រមានថា បើរឿងអាស្រូវក្នុងស្រុកនៅតែបន្តកើតមាន វានឹងក្លាយជាអាវុធសម្រាប់គូជម្លោះប្រើប្រាស់ដើម្បីបង្វែរការចាប់អារម្មណ៍ពីបញ្ហាអធិបតេយ្យភាព មកជារឿងរំលោភសិទ្ធិមនុស្ស និងអភិបាលកិច្ចដ៏អាក្រក់ទៅវិញ ដែលនាំឱ្យកម្ពុជាខាតបង់ផលប្រយោជន៍ជាតិទាំងមូល។
កាលពីថ្ងៃទី១៤ កុម្ភៈ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិប្រទេសកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានថា នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត នឹងធ្វើដំណើរទស្សនកិច្ចទៅចូលរួមកិច្ចប្រជុំ «ក្រុមអភិបាលសន្តិភាព» (Board of Peace) ព្រមទាំងធ្វើទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុប ផងដែរ ដែលមានរយៈពេល ១២ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ។
រដ្ឋាភិបាលថៃ បានបញ្ជូនឯកអគ្គរាជទូតខ្លួនប្រចាំសហរដ្ឋអាមេរិក ទៅចូលរួមក្នុងកិច្ចប្រជុំក្រុមអភិបាលសន្តិភាព ក្នុងនាមជាអ្នកសង្កេតការណ៍។
ជុំវិញបទសម្ភាសន៍ជាមួយសារព័ត៌មានអន្តរជាតិ ទាំង Reuters ទាំង Fox News Digital កាលពីថ្ងៃទី១៩ កុម្ភៈ នេះ លោក ហ៊ុន ម៉ាណែត បាននិយាយតែអំពីថៃ រំលោភបំពានទឹកដីប្រទេសកម្ពុជា ហើយបានច្រានចោលទាំងស្រុងនូវការចោទប្រកាន់ដែលថាចិនគ្រប់គ្រងផ្ដាច់មុខលើមូលដ្ឋានទ័ពជើងទឹករាម។ លោកអះអាងថា កម្ពុជានឹងចាប់ផ្តើមធ្វើសមយុទ្ធយោធា «ឆ្មាំអង្គរ» (Angkor Sentinel) ជាមួយអាមេរិកឡើងវិញនៅឆ្នាំនេះ៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

