អ្នកគាំទ្រគណបក្សប្រឆាំងប្រហែល៣០.០០០នាក់បានជួបជុំគ្នានៅទីលានប្រជាធិបតេយ្យ និងហែក្បួនក្នុងទីក្រុងភ្នំពេញកាលពីម្សិលមិញ ដើម្បីអំពាវនាវឲ្យលោក ហ៊ុន សែន ចុះចេញពីតំណែង ជាការហែក្បួនធំបំផុតប្រឆាំងមេដឹកនាំគណបក្សប្រជាជនរូបនេះចាប់តាំងពីមានការតវ៉ាដ៏ធំស្រដៀងគ្នានេះ ក្រោយការបោះឆ្នោតឆ្នាំ១៩៩៨។ ការហែក្បួនកាលពីម្សិលមិញ គឺជាការហែក្បួនថ្ងៃទី៨ជាប់ៗគ្នានៅក្នុងទីក្រុងភ្នំពេញប្រឆាំងលោក ហ៊ុន សែន ដែលបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសុក្រថា លោកគ្មានបំណងចុះចេញ ឬរៀបចំការបោះឆ្នោតថ្មីមុនដាច់អាណត្តិប្រាំឆ្នាំរបស់លោក ដូចដែលគណបក្សសង្គ្រោះជាតិកំពុងទាមទារនោះទេ។
ការហែក្បួនរយៈពេលរាប់ម៉ោងរបស់បាតុករជាង២០.០០០នាក់នេះបានដើររាប់គីឡូម៉ែត្រតាមមហាវិថីព្រះមុនីវង្ស ហើយបន្ទាប់មកបានបត់តាមមហាវិថីម៉ៅសេទុង បត់ទៅជើងតាមផ្លូវ១៦៣ ដើរជុំវិញស្ដាតអូឡាំពិក និងតាមមហាវិថីសាលដឺហ្គោល មុនពេលត្រឡប់ទៅទីលានប្រជាធិបតេយ្យវិញ ដែលនៅទីនោះមានបាតុកររាប់ពាន់នាក់កំពុងរង់ចាំការវិលត្រឡប់របស់ពួកគេ។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានប្រាប់អ្នកចូលរួមហែក្បួន ដែលបានចាប់ផ្ដើមដើរពីម៉ោង២ និង៣០នាទីរសៀល ដល់ម៉ោង៧យប់ថា អ្នកគាំទ្រគណបក្សសង្គ្រោះជាតិជាងកន្លះលាននាក់កំពុងហែក្បួនតាមផ្លូវ។ លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីបានប្រាប់ថា អ្នកតវ៉ាមានចំនួនជាង១០.០០០នាក់។
ការហែក្បួននេះបានឈប់សម្រាក២០នាទីនៅជិតចំណុចប្រសព្វរវាងមហាវិថីព្រះមុនីវង្ស និងមហាវិថីព្រះសីហនុនៅម៉ោងប្រហែល៤ល្ងាច ដែលនៅពេលនោះលោក សម រង្ស៊ី និងលោក កឹម សុខា បានហៅអ្នកគាំទ្រឲ្យឡើងឈរលើរថយន្តជាមួយពួកគាត់ និងពន្យល់ប្រាប់តាមឧគ្ឃោសនសព្ទនូវអ្វីដែលលោកនាយករដ្ឋមន្ត្រីបានធ្វើ ទើបបានជាមានការអំពាវនាវពីពួកគេឲ្យលោកលាលែង។
កាលពីថ្ងៃសុក្រ លោក ហ៊ុន សែន បានពន្យល់ប្រាប់ពីមូលហេតុ ដែលលោកមិនព្រមចុះចេញថា លោកមិនបានធ្វើអ្វីខុសទេ អំឡុងពេលលោកធ្វើជាមេដឹកនាំប្រទេសរយៈពេលពីរទសវត្សរ៍នេះ។
ស្ត្រីម្នាក់បាននិយាយថា “នាយករដ្ឋមន្ត្រី ហ៊ុន សែន បានលក់ទឹកដី និងកេរដំណែលវប្បធម៌របស់យើង។ ធនធានរ៉ែនិងព្រៃឈើរបស់យើងត្រូវបានលក់អស់ហើយ ដូច្នេះតើអនាគតកម្ពុជានឹងទៅជាយ៉ាងណា?”។
ស្ត្រីម្នាក់ទៀតបានប្រាប់ថា ប្រាក់ខែដែលរដ្ឋាភិបាលបានកំណត់នេះមិនគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់គ្រួសាររបស់គាត់ទេ។
គាត់បាននិយាយថា “ខ្ញុំទទួលបានប្រាក់ខែ៨០ដុល្លារក្នុងមួយខែ ហើយខ្ញុំចំណាយវាទៅលើទឹកភ្លើង និង២០ដុល្លារទុកសម្រាប់ផ្ញើឲ្យឪពុកម្ដាយ។ ឥឡូវនេះយើងស្នើសុំឲ្យរដ្ឋាភិបាលកំណត់ប្រាក់ខែ១៥០ដុល្លារក្នុងមួយខែ។ប្រសិនបើរដ្ឋាភិបាលមិនអាចធ្វើបានទេ េហតុអ្វីបានជាគាត់មិនចុះចេញ?”។
និស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យជាតិគ្រប់គ្រងម្នាក់បានប្រាប់ពីការគ្មានការងារធ្វើនៅក្នុងប្រទេស។
នាងបាននិយាយថា “ខ្ញុំបានរៀនចប់សាកលវិទ្យាល័យហើយ ប៉ុន្តែខ្ញុំរកការងារមិនបានធ្វើទេ។ អ្នកមានទ្រព្យសម្បត្តិ និងអ្នកមានអំណាចទទួលបានការងារដោយស្រួល ពីព្រោះពួកគេមានខ្នង”។
កម្មករកាត់ដេរម្នាក់ទៀតបានលើកករណី ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ដែលបានបាញ់កម្មការិនីតវ៉ាបីនាក់ឲ្យរងរបួស និងនៅតែមិនទាន់ចាប់ខ្លួននោះជាឧទាហរណ៍ នៃនិទណ្ឌភាព ដែលរដ្ឋាភិបាលរបស់លោក ហ៊ុន សែន បណ្តោយឲ្យមាន។
នាងបាននិយាយថា “អាជ្ញាធរបានបាញ់កម្មកររបស់យើង។ យើងស្នើឲ្យនាយករដ្ឋមន្ត្រីរកយុត្តិធម៌ឲ្យយើង ប៉ុន្តែគាត់មិនខ្វល់ទេ។ ដូច្នេះហើយយើងត្រូវការឲ្យ ហ៊ុន សែន ចុះចេញ”។
ពេលថ្លែងទៅកាន់ក្រុមអ្នកតវ៉ាលោក កឹម សុខា បានលើកឡើងថា ប្រសិនបើលោក ហ៊ុន សែន នៅតែមិនស្តាប់ហេតុផលរបស់បាតុករ ដើម្បីទាមទារឲ្យលោកចុះចេញទេនោះ គណបក្សសង្គ្រោះជាតិអាចធ្វើការតវ៉ានៅពេលខាងមុខនៅជិតផ្ទះរបស់លោកនៅក្បែរវិមានឯករាជ្យតែម្តង។
លោកបានប្រាប់អ្នកគាំទ្រថា “ពេលនេះយើងបានដើរតាមមហាវិថីព្រះមុនីវង្សទាំងសងខាង ប៉ុន្តែលើកក្រោយយើងអាចដើរនៅកន្លែងណាមួយកាន់តែកៀក”។
លោកបានសួរទៅលោក ហ៊ុន សែន ថា “តើលោកឮយើង ឬមិនឮ? ប្រសិនបើមិនឮទេ តើយើងគួរទៅជិតផ្ទះគាត់ដើម្បីឲ្យគាត់ឮយើងនិយាយឬ?”។
លោកបានបន្ថែមថា “ប្រសិនបើលោកឮយើងនិយាយហើយ ត្រូវមកនិយាយជាមួយអ្នកដឹកនាំបាតុកម្មថា តើលោកយល់ព្រមឲ្យមានការបោះឆ្នោតឡើងវិញឬអត់”។
ព្រះសង្ឃរាប់រយអង្គនិមន្តហែក្បួននៅខាងមុខលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិនិងលោក កឹម សុខា ទោះបីជាលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញថ្លែងព្រមាននៅវត្តលង្កាកាលពីថ្ងៃព្រហស្បតិ៍ថា ព្រះសង្ឃដែលចូលរួមនៅក្នុងការតវ៉ារបស់គណបក្សនយោបាយអាចប្រឈមនឹងការបាត់បង់សិទ្ធិបោះឆ្នោត។
ការតវ៉ានេះមានការចូលរួមយ៉ាងច្រើនពីកម្មកររោងចក្រកាត់ដេររាប់ពាន់នាក់ ដែលភាគច្រើនមកពីសហព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ដែលបានមកចូលរួមការហែក្បួននេះនៅថ្ងៃឈប់សម្រាក។
លោក សម រង្ស៊ី និងលោក កឹម សុខា បានលើកឡើងម្ដងទៀតអំពីការសន្យារបស់គណបក្សសង្គ្រោះជាតិដើម្បីដំឡើងប្រាក់ខែបច្ចុប្បន្នពី៨០ដល់១៥០ដុល្លារ។ កាលពីសប្ដាហ៍មុនរដ្ឋាភិបាលស្នើឲ្យមានការដំឡើងប្រាក់ខែដល់១៦០ដុល្លារនៅ២០១៨ ដែលនៅពេលនោះគឺជាពេលបោះឆ្នោតជាតិលើកក្រោយ។
ការហែក្បួនកាលពីម្សិលមិញមានស្ត្រីចូលរួមជាច្រើន ដោយកាន់មីក្រូហ្វូន និងឧបករណ៍បំពងសំឡេងជិះតាមរថយន្តនិងរឺុម៉កម៉ូតូកង់បី ដែលបានដឹកនាំក្រុមអ្នកតវ៉ាស្រែកថា “ហ៊ុន សែន ចុះចេញទៅ” និងស្រែកថា “ដូរៗ!” នៅពេលដែលពួកគាត់ហែក្បួនកាត់ទីក្រុង។
អ្នកឈរមើលបានឈរតម្រង់ជួរតាមផ្លូវ និងឈរនៅលើរានហាលផ្ទះ ហើយអ្នកឈរមើលជាច្រើនថតវីដេអូតាមស្មាតហ្វូន និងចូលរួមស្រែកនៅពេលការហែក្បួនឆ្លងកាត់។
នៅពេលមានការតវ៉ាកាលពីសប្ដាហ៍មុន មាននគរបាលចរាចរឈរនៅតាមកាច់ជ្រុងដើម្បីជួយសម្រួលការកកស្ទះចរាចរណ៍។
ពេលថ្លែងទៅកាន់អ្នកគាំទ្រពេលត្រឡប់មកដល់ទីលានប្រជាធិបតេយ្យវិញនៅម៉ោងប្រហែល៧និង៣០នាទីយប់ លោក កឹម សុខា បានមានប្រសាសន៍ថា ការដែលលោក ហ៊ុន សែន លើកឡើងថា រដ្ឋធម្មនុញ្ញមិនអនុញ្ញាតឲ្យនាយករដ្ឋមន្ត្រីរម្លាយសភានោះ គឺមិនត្រឹមត្រូវទេ។
លោក កឹម សុខា បានមានប្រសាសន៍ថា “កុំនិយាយថា គ្មានច្បាប់ឲ្យរៀបចំការបោះឆ្នោតឡើងវិញ។ លោក [ហ៊ុន សែន] កំពុងនិយាយខុសហើយ។ ច្បាប់បង្កើតឡើងសម្រាប់ប្រជាជន ហើយឥឡូវនេះប្រជាជនកំពុងទាមទារឲ្យមានការបោះឆ្នោតឡើងវិញ”។
លោក សម រង្ស៊ី បានមានប្រសាសន៍ថា បាតុកម្មរបស់គណបក្សប្រឆាំងនឹងបន្តនៅទីលានប្រជាធិបតេយ្យពេញមួយសប្ដាហ៍នេះ ហើយបានសន្យាថា បាតុកម្មនៅចុងសប្ដាហ៍ក្រោយកាន់តែធំជាងនេះ ប្រសិនបើរដ្ឋាភិបាលមិនឆ្លើយតបតាមការទាមទាររបស់គណបក្សសង្គ្រោះជាតិឲ្យមានការបោះឆ្នោតឡើងវិញ ឬស៊ើបអង្គេតលើការបោះឆ្នោតកាលពីខែកក្កដា នេះទេ។
លោកបានមានប្រសាសន៍ថា “នៅសប្ដាហ៍ក្រោយចំនួនបាតុករនឹងកើនឡើងលើសពីនេះពីរដង ហើយយើងនឹងអនុញ្ញាតឲ្យបាតុករសម្រេចនូវអ្វីដែលពួកគេគួរធ្វើ។ រដ្ឋាភិបាលមិនអាចរារាំងបានទេ។ រដ្ឋាភិបាលមានពេលមួយសប្ដាហ៍គិតអំពីរឿងនេះ និងដោះស្រាយបញ្ហានេះ”៕គឹមហឿន