27 C
Phnom Penh

ប្រាក់​​​ខែ​​​កម្មករត្រូវ​​​​ដំឡើង​​​ដល់​​​៩៥​​​ដុលា្លរ​​​ តែសហជីព​​​ប្តេជ្ញា​​​ធ្វើ​​​កូដកម្ម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ រដ្ឋាភិបាល​បាន​ប្រកាស​ថា ប្រាក់​ខែ​អប្បបរមា​នៅ​ក្នុង​វិស័យ​កាត់​ដេរ​នឹង​ត្រូវ​ដំឡើង​ដល់​​៩៥​ដុល្លារ​នៅ​ខែ​មេសា​ គឺ​​កើន​ឡើង​១៩​ភាគរយ​ពីលើ​ប្រាក់​ខែ​បច្ចុ​ប្ប​ន្ន​​ចំនួន​៨០​ដុល្លារ​ ជា​ជំហាន​ដំបូង​នៅ​ក្នុង​ផែន​ការ​​ប្រាំ​ឆ្នាំ ដើម្បី​ដំឡើង​ប្រាក់​ខែ​អប្បបរមា​ឲ្យ​ដល់​១៦០​ដុល្លារ​ត្រឹម​ឆ្នាំ​២០១៨។

បន្ទាប់ពី​មាន​សេចក្ដី​សម្រេច​ដែល​មិន​​​​ស្រប​​​តាម​​​​ការ​ទាម​ទារ​របស់​សហជីព​ឲ្យ​​​ដំឡើង​ប្រាក់​ខែ​អប្បបរមា​១០០​ភាគរយ​​​នៅ​ឆ្នាំ​ក្រោយនោះ​​​​ កូដ​កម្ម​​និង​ការ​តវ៉ាទ្រង់​ទ្រាយ​តូច​បាន​ផ្ទុះឡើង​នៅ​ទូទាំង​ប្រទេស​ រីឯ​​​​មេដឹកនាំ​សហជីព​ឯក​រាជ្យ​ និង​សហ​ជីព​ដែល​មាន​ទំនាក់​ទំនង​ជាមួ​យ​គណបក្ស​ប្រឆាំង​បាន​និយាយ​ថា ពួកគេ​នឹង​ធ្វើ​កូដកម្ម​​​​នៅ​​​ទូទាំង​ប្រទេស​ដើម្បី​បង្ខំ​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ខែ​ថែម​ទៀត​។

លោក អុិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការ​ងារ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​បន្ទាប់ពី​កិច្ច​ប្រជុំ​របស់​​​គណៈ​​​កម្មការ​​​​ប្រឹក្សា​​​ការ​ងារ​ ​​​ជា​ស្ថាប័ន​ចម្រុះ​ភាគី​ដែល​​​​ជា​​​អ្នក​​​សម្រេច​​​​លើ​​​ការ​​​​ផ្លាស់​ប្ដូរ​ប្រាក់​ខែ​ថា រដ្ឋាភិបាល​បាន​ធ្វើ​​​ការ​​​​ពិចារណា​​​ដូច​​​​គ្នា​អំពីការ​ទាម​ទារ​របស់​កម្មករ​ និង​ម្ចាស់​រោង​ចក្រ​។

លោក​ អុិត សំហេង បានមាន​ប្រសាសន៍​ថា “ យើង​ចង់​ដំឡើង​ប្រាក់​ខែ​​​​ឲ្យ​​​បាន​​​ច្រើន​​​ជាង​​​នេះ​ទៅទៀត​ ប៉ុន្តែ​យើង​មិនអាច​ធ្វើបាន​ទេ​ ព្រោះ​​​ការ​ដំឡើង​ប្រាក់ខែ​អប្បបរមា​​ផ្អែក​លើ​កត្តា​ជាច្រើន​ រួម​ទាំង​ជីវភាព​រស់​នៅ​ ផលិត​កម្ម និង​ការ​ប្រកួត​ប្រជែង​ដើម្បី​ទាក់​ទាញ​វិនិយោ​គិន​មកពី​ប្រទេស​ជិត​ខាង​”។

ថ្វីបើ​មានការ​ដំឡើង​ប្រាក់ខែ​បែប​នេះ​ក្តី​​​ក៏ប្រាក់​ខែ​នៅ​កម្ពុជា​ស្ថិត​ក្នុង​ចំណោម​ប្រាក់​ខែ​ទាប​បំផុតនៅ​ក្នុង​​​​ចំណោម​​​ប្រទេស​ផលិត​សម្លៀក​បំពាក់​ធំៗ​។ ប្រាក់ខែ​​​របស់​​​​​​កម្មករ​​​​នៅ​ប្រទេស​​​​ចិន វៀ​ត​ណាម និង​ឥណ្ឌូណេស៊ី បាន​កើន​ឡើង​ច្រើន​ក្នុង​រយៈពេល​ប៉ុន្មា​ន​ឆ្នាំ​ថ្មីៗ​នេះ​។ កាលពី​ដើម​ខែ​នេះ​ប្រទេស​បង់​ក្លាដែ​ស​បាន​ដំឡើង​ប្រាក់​ខែ​អប្បបរមា​របស់​ខ្លួន​៧៧​ភាគ​រយ​ដល់​៦៨​ដុល្លារ​។

លោក អុិត សំហេង បាន​​​​អំពាវនាវ​​​កុំ​ឲ្យ​​សហ​ជីព​ធ្វើ​ការ​តវ៉ា​។

លោក​បាន​មាន​ប្រសាសន៍​ថា “ ខ្ញុំ​សូម​អំពាវ​នាវ​ដល់​មេដឹកនាំ​សហជីព​ទាំង​អស់​​កុំ​ឲ្យ​យក​បញ្ហា​នេះ​ទៅ​ញុះ​ញង់​កម្មករ​ឲ្យ​ធ្វើ​កូដ​កម្ម​ និង​បាតុកម្ម​ ពីព្រោះ​វា​មិនមាន​ប្រយោជន៍​​សម្រាប​់​កម្មករ​ និង​និយោជក​របស់​យើង​ទេ​។ យើង​នឹង​​​​មិន​ផ្លាស់​ប្ដូរ​ការ​សម្រេច​នេះទេ​ ពីព្រោះ​យើង​​​​ខ្លាច​វិនិយោគិន​ចាក​ចេញ​ពី​ប្រទេស​​​កម្ពុជា​”។

កម្មករ​មួយ​ក្រុម​មាន​គ្នា​ប្រហែល​១០០​នាក់​ដែល​ជា​សមាជិក​សហព័ន្ធ​សហជីព​ប្រជា​ធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​ (ស៊ីខាវឌូ) បាន​ជួប​ជុំគ្នា​នៅ​ខាង​ក្រៅ​កិច្ច​ប្រជុំ​នៅ​ក្រសួង​ការ​ងារ​ ដែល​ស្ថិត​នៅ​តាម​មហាវិថី​សហព័ន្ធ​រុស្ស៊ី ហើយ​បាន​បិទ​ផ្លូវ​នោះ​មួយស​ន្ទុះ​ បន្ទាប់​ពីរដ្ឋាភិបាល​ប្រកាស​សេចក្ដី​សម្រេច​នេះ​។

លោក អាត់ ធន់ ប្រធាន​សហជីព​ស៊ីខាវ​ឌូ ដែល​ជា​មេដឹកនាំ​មួយ​រូប​ក្នុង​ចំណោ​ម​មេដឹក​នាំ​សហជីព​ពីរ​រូប​ដែល​បាន​បោះ​ឆ្នោត​ជំទាស់​​​នឹង​​​​ការ​​​សម្រេច​​​រ​បស់​រដ្ឋាភិបាល​នេះ​បាន​​​មាន​​​​ប្រសាសន៍​ថា សហជីព​របស់​លោក​នឹង​មិន​ធ្វើ​តាម​​​​ការ​​​អំពាវ​​​នាវ​​​រ​បស​់​រដ្ឋមន្ត្រី​ក្រសួង​ការ​ងារ​ មិន​ឲ្យ​តវ៉ា​នោះ​​​ទេ។

លោក អាត់ ធន់​ បាន​មាន​ប្រសាសន៍​ថា “ យើង​នឹង​ចេញ​សេចក្ដី​ប្រកាស​ច្រាន​ចោល​​​ការ​ដំឡើង​ប្រាក់​ខែ​នេះ ហើយ​យើង​នឹ​ង​ធ្វើ​មហាបាតុកម្ម​នៅទូទាំង​ប្រទេស​ដើម្បី​ទាម​ទារ​ឲ្យ​ដំឡើង​ប្រាក់​ខែ​ខ្ពស់​ជាង​នេះ​”។

លោក ជា មុនី ប្រធាន​​សហជីព​សេរីកម្ម​ករ​បានមាន​ប្រសាសន៍​ថា សមាជិក​សហជីព​របស់​លោក​បាន​ចាប់​ផ្ដើម​ធ្វើ​កូដកម្ម​ប្រឆាំង​នឹង​​​​សេចក្ដី​សម្រេច​នេះ​ហើយ​ ហើយ​បាន​ព្យាករថា មេដឹកនាំ​សហជីព​មិន​អាច​រារាំង​​​ការ​ធ្វើ​កូដកម្ម​បន្ថែម​ទៀត​នៅ​ក្នុង​រយៈ ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​បានទេ​។

លោក​បាន​មាន​ប្រសាសន៍​ថា “ កម្មករ​នឹង​តវ៉ា​ ពីព្រោះពួកគេ​មិន​សប្បាយ​ចិត្ត​ចំពោះ​ប្រាក់​ខែ​អប្បបរមា​នេះទេ។ យើង​មិនអាច​គ្រប់​គ្រង​​កម្មករ​ទាំង​អស់​នេះ​បានទេ​ ពីព្រោះ​​​​កំហឹង​របស​់​ពួកគេ​កំពុង​ផ្ទុះឡើង​ដោយ​​​សារ​​​​សេច​ក្ដី​សម្រេច​ដំឡើង​ប្រាក់​ខែ​នេះ​”។

យោង​តាម​លោក យ៉ែន សុខហា៊ន តំណាង​​សហជីព​នៅ​រោង​ចក្រ​ម៉ាន​ហាតាន់ ​ក្នុង​ខេត្ត​កំពង់​ចាម ​ឲ្យ​ដឹង​ថា កម្មករ​ប្រហែល​៣.០០០​​​នាក់​ដែល​ជា​សមាជិក​សហជីព​សេរី​កម្មករ​បាន​បន្ត​ធ្វើ​កូដ​កម្ម​នៅ​រោង​ចក្រ​នេះ​កាលពី​ម្សិលមិញ​ ហើយ​លោក​បាន​មាន​ប្រសាសន៍​ថា កូដកម្ម​នឹង​បន្ត​ទៀត​នៅ​ថ្ងៃ​នេះ​។

លោក អ៊ុំ វិសាល មន្ត្រី​ផ្នែក​ច្បាប់​នៅ​សហ​​​​ជីព​ស៊ីខាវឌូ បានមាន​ប្រសាសន៍​ថា កម្មករ​ប្រហែល​១០.០០០​នាក់​នៅ​រោងចក្រ​ចំនួន​១០​ក្នុង​ខេត្ត​កណ្ដាល ខេត្ត​កំពង់​ស្ពឺ និង​រាជ​ធានីភ្នំពេញ បាន​បន្ត​ធ្វើ​កូដកម្ម​បន្ទាប់ពី​ការ​ប្រកាស​សេចក្ដី​សម្រេច​នេះ​។

លោក​បានមាន​ប្រសាសន៍​ថា “ ខ្ញុំគិ​ត​ថា ​កម្មករ​​មកពី​រោង​ចក្រ​ជាច្រើន​ទៀត​នឹង​បន្ត​ធ្វើ​កូដកម្ម​នៅ​ថ្ងៃ​ស្អែក​”។

លោក កែន លូ អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់​ដេរ​នៅកម្ពុជា មាន​ប្រសាសន៍​ថា ​ប្រាក់​ខែ​អប្បបរមា​​​មិនអាច​ដំឡើង​បានទេ ឲ្យ​​​តែ​​​រោង​ចក្រ​​​​បន្ត​​​​ខាត​បង់​ដោយ​សារ​កូដ​​​កម្ម​​​​ខុស​ច្បាប់​នៅ​ក្នុង​​វិស័យ​នេះ​។

លោក​ កែន លូ​ ​មាន​ប្រសាសន៍​ថា “ យើង​​​មិន​អាច​ដំឡើង​ប្រាក់​ខែ​បានទេ។ យើង​ចង់​​​​ឲ្យ​​​មានការ​លុប​បំបាត់​កូដកម្ម​ខុស​ច្បាប់​។ ប្រសិន​បើ​កូដកម្ម​ខុស​ច្បាប់​នៅ​តែ​កើត​មាន​ និង​កើតឡើង​កាន់​តែ​ញឹក​ញាប់​នោះ សូម្បី​តែ​​កាត់​បន្ថយ​​​​ប្រាក់​​​ខែ​​​កម្មករ​​​​ពាក់​កណ្ដាល​​ ក៏ឧស្សាហកម្មនេះ​នៅ​តែ​ស្លាប់​ដែរ”។

គណបក្ស​សង្គ្រោះជាតិ បាន​ចេញ​សេចក្ដី​ប្រកាស​មួយ​កាលពីម្សិលមិញ​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​ពិចារណា​សេចក្ដី​សម្រេច​របស់​ខ្លួន​ឡើង​វិញ​ និង​ដំឡើង​ប្រាក់​ខែ​អប្បបរមា​​ជាបន្ទាន់​ឲ្យ​បាន​១៦០​ដុល្លារ​ដូច​ការ​ទាម​ទារ​របស់​សហជីព​។

សេចក្ដី​ប្រកាស​នោះ​លើ​ក​ឡើង​ថា “ គណ​​​បក្ស​​​​សង្គ្រោះជាតិ​​​គិត​​​ថា ​​​ប្រសិន​​​បើ​​​មិន​​​ដំឡើង​​​ប្រាក់​ខែ​អប្បបរមា​​​​ឲ្យ​​​​ដល់​១៦០​ដុល្លារ​ភ្លាម​ទេ តម្លៃ​ម្ហូប​អាហា​រ​​​ឡើង​​​ថ្លៃ​​​​ និង​ការ​ចំណាយ​​​​​​ច្រើន​​​​នៅ​ក្នុង​​​​ការ​​​​​​រស់​​​នៅ​​​ ​មិនអាច​ធ្វើ​ឲ្យ​កម្មករ​​​​ដោះ​ស្រាយ​តម្រូវ​ការ​ជាមូល​ដ្ឋាន​របស់​ខ្លួន​បាន​ទេ​ ហើយ​កូដកម្ម​ដែល​បាន​​​ញាំញី​វិស័យ​​កាត់​ដេរ​នេះ​​នឹង​បន្ត​នៅពេល​ឆាប់ៗនេះ​”។

អំឡុង​ពេល​ការ​ហែក្បួន​​របស់​គណបក្ស​សង្គ្រោះជាតិ​កាលពីម្សិលមិញ លោក​ សម រង្ស៊ី មេដឹកនាំគណបក្ស​ប្រឆាំង​បាន​ជំរុញ​ដោយ​ផ្ទាល់​ឲ្យ​កម្មករ​នៅទូទាំង​ប្រទេស​បន្ត​ធ្វើកូដកម្ម​ទាម​ទារដំឡើង​ប្រាក់​ខែ​។

លោក​បានមាន​ប្រសាសន៍​ថា “ យើង​គាំ​ទ្រ​ទាំង​ស្រុង​ចំពោះការ​តវ៉ា​ទូទាំង​ប្រទេស​នៅ​ថ្ងៃ​ស្អែក​ ហើយ​យើង​ក៏​ស្នើ​សុំ​ឲ្យ​កម្មករ​ទាំង​អស់​ឈប់​ធ្វើការ​​មកចូល​រួម​ធ្វើកូដកម្ម​ ឬការ​តវ៉ា​ ដើម្បី​​​​​​ទាម​​​ទារ​​​ឲ្យ​​​ដំឡើង​ប្រាក់​ខែ​​​ដល់​១៦០​​​​ដុល្លារ​ក្នុង​មួយ​ខែ”។ គឹមហឿន​

(រាយការណ៍​បន្ថែម​ដោយ ម៉ិច ដារ៉ា)

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស