ក្រុមមន្ត្រីបាននិយាយកាលពីម្សិលមិញថា កាលពីថ្ងៃពុធអង្គភាពប្រឆាំងអំពើពុករលួយបានចាប់ខ្លួនមន្ត្រីសាខាពន្ធដារខេត្តសៀមរាបម្នាក់ បញ្ជូនមកឃុំខ្លួនបណ្ដោះអាសន្ននៅទីក្រុងភ្នំពេញ។
លោក ឌុច សុខសារិន ប្រធានសាលាដំបូងខេត្តសៀមរាប បានមានប្រសាសន៍ថា លោកលីវ ប៊ុនថន ប្រធានផ្នែកគ្រប់គ្រងអ្នកជាប់ពន្ធមធ្យមនៃសាខាពន្ធដារខេត្តសៀមរាប ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទពុករលួយតាមមាត្រា ៥៩២ និងមាត្រា ៥៩៣ នៃក្រមព្រហ្មទណ្ឌ។
បទល្មើសនេះអាចមានទោសជាប់ពន្ធនាគារពីពីរឆ្នាំទៅប្រាំឆ្នាំ និងពិន័យជាប្រាក់ពី៤លានរៀលទៅ១០លានរៀល។
លោកចៅក្រម សុខសារិន មានប្រសាសន៍ថា លោក ប៊ុនថន ត្រូវបានចាប់ខ្លួនពីបទយកពន្ធលើអចលនទ្រព្យលើសចំនួនផ្លូវការដែលរដ្ឋាភិបាលបានកំណត់ ហើយយកលុយបង់ពន្ធលើសនោះដាក់ហោប៉ៅផ្ទាល់ខ្លួន។
លោក សុខសារិន បានមានប្រសាសន៍ថា “ គាត់បានយកពន្ធ៥០០ដុល្លារ ប៉ុន្តែកត់ត្រាចូលក្នុងបញ្ជីចំណូលរបស់រដ្ឋតែ២០០ដុល្លារប៉ុណ្ណោះ”។ លោកបានឲ្យដឹងទៀតថា គេមិនដឹងច្បាស់ថា លោក ប៊ុនថន បានធ្វើបែបនេះប៉ុន្មានដងទេ ហើយអង្គភាពប្រឆាំងអំពើពុករលួយនឹងស៊ើបអង្កេតរឿងនេះ។
លោកបានមានប្រសាសន៍ថា “ នៅពេលសាកសួរ គាត់សុំប្រើសិទ្ធិរបស់គាត់មិននិយាយរហូតដល់គាត់មានមេធាវីសិន ប៉ុន្តែខ្ញុំបានសម្រេចឃុំខ្លួនគាត់បណ្ដោះអាសន្នពីបទពុករលួយ”។ លោកបានមានប្រសាសន៍ថា ឥឡូវនេះលោក ប៊ុនថន មានមេធាវីហើយ។
លោក ខូយ ឈិន ប្រធានសាខាពន្ធដារខេត្តសៀមរាបបានបញ្ជាក់ថា លោក ប៊ុនថន ត្រូវបានមន្ត្រីមកពីអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួនកាលពីថ្ងៃពុធ និងបានមានប្រសាសន៍ថា មន្ត្រីរូបនេះមានតួនាទីជាអ្នកប្រមូលពន្ធលើអចលនទ្រព្យពីសណ្ឋាគារនៅក្នុងខេត្តសៀមរាប។
ប៉ុន្តែលោក ឈិន បានមានប្រសាសន៍ថា លោកមិនបានដឹងពីទំហំនៃអំពើពុករលួយដែលត្រូវបានគេចោទនេះទេ។
លោក ឆាយ សាវុធ អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយបដិសេធមិននិយាយអំពីករណីនេះទេ លុះត្រាតែការស៊ើបអង្កេតចប់សព្វគ្រប់សិន ដោយគ្រាន់តែនិយាយថា លោកគ្មានសិទ្ធិនិយាយអំពីរឿងនេះទេ។
កាលពីខែវិច្ឆិកា មន្ត្រីសាខាអគ្គិសនីខេត្តមណ្ឌលគិរីពីរនាក់ និងមន្ត្រីពន្ធដារខេត្តព្រះសីហនុម្នាក់ ត្រូវបានចោទប្រកាន់ពីបទពុករលួយ និងត្រូវបានឃុំខ្លួនបណ្ដោះអាសន្ន។
អង្គភាពប្រឆាំងអំពើពុករលួយមិននិយាយអំពីករណីទាំងពីរនេះទេ ហើយក៏មិនទាន់បានស៊ើបអង្កេតលើអំពើពុករលួយដែលមូលនិធិពិភពលោកដើម្បីប្រយុុទ្ធប្រឆាំងជំងឺអេដស៍ របេង និងគ្រុនចាញ់ បានរកឃើញនៅក្នុងវិស័យសុខាភិបាលកាលពីខែមុននោះដែរ។
លោក ប៉ែន ប៊ុណ្ណារ៍ អ្នកស៊ើបអង្កេតជាន់ខ្ពស់នៅអង្គការអាដហុក បានកត់សម្គាល់ថា អង្គភាពប្រឆាំងអំពើពុករលួយបានផ្ដោតតែលើមន្ត្រីថ្នាក់ក្រោម ចាប់តាំងពីអង្គភាពនេះបង្កើតឡើងនៅក្នុងឆ្នាំ២០១០មក។
លោកបានមានប្រសាសន៍ថា “ ជារឿយៗខ្ញុំសង្កេតឃើញថា អង្គភាពប្រឆាំងអំពើពុករលួយរើសអើងណាស់។ ការចាប់ខ្លួនធ្វើឡើងដោយរើសមុខ ហើយពួកគេផ្ដោតតែលើមន្ត្រីថ្នាក់ក្រោមប៉ុណ្ណោះ។
លោកបានបន្ថែមថា “ ប្រសិនបើអង្គភាពប្រឆាំងអំពើពុករលួយនៅតែចាប់ខ្លួនមន្ត្រីថា្នក់ក្រោម និងថ្នាក់កណ្តាលទៀតអាចនឹងមានការតវ៉ាធំពីមន្ត្រីថ្នាក់ក្រោមទាំងនោះ ពីព្រោះអំពើពុករលួយកើតឡើងជាប្រព័ន្ធ។ គួរតែចាប់ត្រីធំដែរដើម្បីធ្វើឲ្យមានតុល្យភាពនៅក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ៕គឹមហឿន