គណបក្សសង្គ្រោះជាតិបានបន្តធ្វើការតវ៉ាជាសាធារណៈឈានចូលដល់ថ្ងៃទី៦ របស់ខ្លួនក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃសុក្រ ដើម្បីទាមទារឲ្យនាយករដ្ឋមន្ត្រី ហ៊ុន សែន លាលែងពីតំណែង ហើយអំពាវនាវឲ្យមានការរៀបចំការបោះឆ្នោតឡើងវិញ។
អ្នកគាំទ្រគណបក្សប្រឆាំងរាប់ពាន់នាក់បានជិះម៉ូតូ ម៉ូតូរឺុម៉ក់កង់បី និងកង់ តាមផ្លូវនានានៅក្នុងខណ្ឌដូនពេញ និងខណ្ឌ៧មករា ដោយស្រែកបន្លឺឮៗថា “ ហ៊ុន សែន អើយ! ចាកចេញទៅ!” ។
នគរបាលចរាចរបានធ្វើដំណើរបើកផ្លូវពីខាងមុខក្បួនដង្ហែដែលដឹកនាំដោយលោក សម រង្ស៊ី និងលោក កឹម សុខា ដើម្បីធ្វើឲ្យប្រាកដថា ក្បួនម៉ូតូដ៏វែងនេះឆ្លងកាត់តាមផ្លូវនានាក្នុងរាជធានីភ្នំពេញ ដោយគ្មានឧបទ្ទវហេតុ ហើយគ្មានការកក់ស្ទះចរាចរណ៍ខ្លាំងពេកទេ។
ពេលត្រឡប់ទៅដល់ទីលានប្រជាធិបតេយ្យវិញ ទីដែលអ្នកគាំទ្រគណបក្សប្រឆាំងរាប់រយនាក់បានបោះជំរុំចាប់តាំងពីការតវ៉ាបានចាប់ផ្តើមនៅថ្ងៃអាទិត្យ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា នៅថ្ងៃអាទិត្យខាងមុខនេះ នឹងជាការបង្ហាញកម្លាំងសន្តិវិធី និងធំបំផុតរបស់គណបក្សប្រឆាំង រហូតមកទល់ពេលនេះ។
លោកបានមានប្រសាសន៍ថា “ នៅថ្ងៃអាទិត្យមានមនុស្សច្រើនមកពីតាមខេត្ត ហើយកម្មកររោងចក្រកាត់ដេរក៏នឹងមកដែរ។ [យើង] នឹងដើរទាំងអស់់គ្នានៅទូទាំងរាជធានីភ្នំពេញ” ។លោកបានបន្តថា គ្មានអ្វីខុសច្បាប់ទេនៅក្នុងការតវ៉ាដោយសន្តិវិធីរបស់គណបក្សប្រឆាំងដែលត្រូវបានការពារក្រោមរដ្ឋធម្មនុញ្ញ។
លោក កឹម សុខា ក៏ទាមទារឲ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស៊ើបអង្កេតភាពមិនប្រក្រតីអំឡុងការបោះឆ្នោតជាតិកាលពីខែកក្កដា ដែលគណបក្សប្រជាជនកម្ពុជាកាន់អំណាច បានបដិសេធមិនធ្វើតាមរហូតមក។
លោកចោទសួរថា “ បើគាត់និយាយថា ការបោះឆ្នោតនេះមានលក្ខណៈសេរី ដូច្នេះ ហេតុអ្វីបានជាមិនអនុញ្ញាតឲ្យមានការស៊ើបអង្កេត ឬរៀបចំការបោះឆ្នោតជាថ្មី?”។
លោក សម រង្ស៊ី បានឡើងលើវេទិកានៅទីលានប្រជាធិបតេយ្យ ហើយបានមានប្រសាសន៍ថា វាដល់ពេលដែល “ ជាតិខ្មែរ” សង្គ្រោះខ្លួនឯងពីការបំផ្លិចបំផ្លាញហើយ។ លោកបន្តថា “ មានតែឱកាសនេះទេ វាជាឱកាសចុងក្រោយ ប្រសិនបើយើងចង់រំដោះប្រទេសជាតិរបស់យើងនៅពេលនេះ”។
លោកបានចោទសួរថា “ អ្នកខ្លះនិយាយថា បាតុកម្មរបស់យើងធ្វើឲ្យកកស្ទះចរាចរណ៍ និងរំខានដល់ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវ។ ប៉ុន្តែអ្នកណាដែលត្រូវបានរំខាន នៅពេលប្រទេសជាតិត្រូវបានបំផ្លិចបំផ្លាញអស់រយៈពេល៣០ឆ្នាំមកនេះ? ហេតុអ្វីបានជាពួកគេមិនគិតពីរឿងនេះផង”។
សំដៅដល់ការអត្ថាធិប្បាយរបស់លោក ហ៊ុន សែន ធ្វើឡើងក្នុងថ្ងៃតែមួយ បានមានប្រសាសន៍ថា រដ្ឋធម្មនុញ្ញមិនអនុញ្ញាតឲ្យលោកចុះចេញពីតំណែង ឬក៏អំពាវនាវឲ្យមានការបោះឆ្នោតថ្មីមួយ។ លោក សម រង្ស៊ី បានមានប្រសាសន៍ថា រដ្ឋធម្មនុញ្ញក៏មិនអនុញ្ញាតឲ្យនរណាម្នាក់លួចសន្លឹកឆ្នោតដែរ ជាការសំដៅចំៗដល់ការអះអាងរបស់គណបក្សប្រឆាំងថា គណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោតដោយសារការលួចបន្លំសន្លឹកឆ្នោត។
កាលពីថ្ងៃសុក្រ សាលារាជធានីភ្នំពេញ បានចេញលិខិតមួយអំពាវនាវឲ្យលោក កឹម សុខា និងលោក សម រង្ស៊ី ចូលរួមកិច្ចប្រជុំមួយនៅថ្ងៃសៅរ៍ ដោយលើកឡើងពីថា កត្តា “ មិនសមរម្យ” ជាច្រើននៅក្នុងបាតុកម្មរបស់ពួកគេ រួមទាំងការគ្រប់គ្រងបាតុករ សន្តិសុខសាធារណៈ និងធ្វើអត្ថាធិប្បាយជាសារធារណៈថាបានធ្វើឲ្យប៉ះពាល់ដល់សិទ្ធិរបស់អ្នកដទៃ។
ព្រឹទ្ធសភាក៏បានចេញសេចក្ដីថ្លែងការណ៍មួយដែរ ដោយលើកឡើងថា ខ្លួនគាំទ្រការបកស្រាយរបស់លោក ហ៊ុន សែន អំពីរដ្ឋធម្មនុញ្ញពាក់ព័ន្ធនឹងអសមត្ថភាពរបស់រូបលោកចុះចេញពីអំណាចសម្រាប់រូបលោកលាឈប់ពីតំណែង ឬអំពាវនាវឲ្យមានការបោះឆ្នោតជាថ្មី។
សេចក្ដីថ្លែងការណ៍ដដែលបានបន្តថា “ព្រឹទ្ធសភាពិចារណាថា ការទាមទាររបស់គណបក្សសង្គ្រោះជាតិ និងអ្នកតវ៉ារបស់ខ្លួននឹងធ្វើបំផ្លាញសន្តិភាព ស្ថិរភាព សន្ដិសុខសង្គម និងការអភិវឌ្ឍជាតិ”៕ សុខុម