កាលពីថ្ងៃសុក្រ សមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជា រួមទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផង បានបោះឆ្នោតជាឯកច្ឆន្ទសម្រេចឲ្យសមាជិកបក្សខ្លួន គឺលោក ស៊ុយ សែម និងលោក ចម ប្រសិទ្ធ ក្លាយជាប្រមុខ នៃក្រសួងដែលបង្កើតថ្មីចំនួនពីរ គឺក្រសួង រ៉ែ និងថាមពល និងក្រសួងឧស្សាហកម្ម និង សិប្បកម្ម។
សមាជិកសភាគណបក្សកាន់អំណាចទាំង៦៧នាក់ដែលមានវត្តមានក្នុងសម័យប្រជុំនេះក៏បានបោះឆ្នោតជ្រើសតាំងរដ្ឋលេខាធិការចំនួន១៥រូបទៀតសម្រាប់ក្រសួងចំនួនប្រាំផងដែរ គឺមានក្រសួង រ៉ែ និងថាមពល ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រសួងទេសចរណ៍ក្រសួងពាណិជ្ជកម្ម និងក្រសួងកិច្ចការនារី។
លោក ហេង សំរិន ប្រធានរដ្ឋសភាជាតិបានថ្លែងនៅក្រោយការបោះឆ្នោតថា “ អនុលោមតាមលទ្ធផលនៃការបោះឆ្នោតនេះ ខ្ញុំសូមប្រកាសជាឱឡារិកថា សមាសភាពសមាជិករដ្ឋាភិបាលនេះ…គឺត្រូវបានបោះឆ្នោតជ្រើសតាំងដោយសមាជិកសភា”។
លោក ជាម យៀប សមាជិកសភានៃគណ បក្សប្រជាជនកម្ពុជាបានលើកឡើងថា វាជារឿងសំខាន់ណាស់ក្នុងការបំបែកក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ជាពីរក្រសួងផ្សេងគ្នា។
លោកបានមានប្រសាសន៍ថា “ វាជារឿងសំខាន់ណាស់ក្នុងការបំបែកក្រសួងនេះជាពីរក្រសួងផ្សេងគ្នា ព្រោះទំហំការងារគឺធំធេងណាស់”។
លោក ជាម យៀប បានបន្តថា “ ក្រសួងនេះគឺស័ក្តិសមនឹងបំបែកជាពីរដើម្បីធានាប្រសិទ្ធភាពក្នុងការបង្កើនសក្តានុពលក្នុងវិស័យថាមពល និងវិស័យឧស្សាហកម្មទ្រង់ទ្រាយតូចដើម្បីបង្កើតសហគ្រាសធុនមធ្យម។ ជាពិសេសគឺវិស័យថាមពលដែលដើរតួនាទីសំខាន់ក្នុងការផលិតថាមពលសម្រាប់ប្រទេស យើង និងដើម្បីធានាឲ្យបានថា អគ្គិសនី មានតម្លៃថោកសម្រាប់ ប្រជាពលរដ្ឋកម្ពុជា គ្រប់ៗរូប”។
បច្ចុប្បន្ននេះ តម្លៃអគ្គិសនីនៅកម្ពុជា គឺខ្ពស់ជាងនៅប្រទេសជិតខាងឆ្ងាយណាស់។
សមាជិកសភារបស់គណបក្សប្រជាជនកម្ពុជាក៏បានអនុម័តជាឯកច្ឆន្ទលើសេចក្តីព្រាងថវិកាឆ្នាំ២០១៤ និងច្បាប់ស្តីពីការធានារបស់រដ្ឋាភិបាលក្នុងការបង់ប្រាក់ទៅឲ្យក្រុមហ៊ុនឯកជន Alex Corporation ដែលបានចុះហត្ថលេខាលើកិច្ចសន្យាជាមួយរដ្ឋាភិបាលកាលពីថ្ងៃទី៥ខែវិច្ឆិកាស្តីអំពីការសាងសង់បណ្តាញបញ្ជូនចរន្តអគ្គិសនីដែលមានប្រវែង១៩៨គីឡូ ម៉ែត្រនៅតាមបណ្តោយផ្លូវជាតិលេខ៤ ដោយគ្មានការពិភាក្សាដេញដោលអ្វីផងដែរ។
លទ្ធផលនៃការបោះឆ្នោតកាលពីថ្ងៃសុក្រ នេះ គឺអាចសន្មតបានថា ជាសេចក្តីសម្រេចហើយ ព្រោះមានតែសមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន ប៉ុណ្ណោះដែលមានវត្តមាននៅក្នុង សម័យប្រជុំនេះ។
គួររំឭកថា គណបក្សសង្គ្រោះជាតិបានឈ្នះអាសនៈចំនួន៥៥អំឡុងការបោះឆ្នោតកាលពីខែកក្កដា ប៉ុន្តែ បច្ចុប្បន្ននេះកំពុងធ្វើពហិការសភាដើម្បីសម្តែងការតវា៉ាចំពោះភាពមិនប្រក្រតីក្នុងការបោះឆ្នោតជាតិកាលពីថ្ងៃទី២៨ ខែកក្កដា ដែលខ្លួនអះអាងថា បានជួយឲ្យគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះនោះ។
លោក ជាម យៀប ដែលក៏ជាប្រធាននៃគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងសវនកម្មនៃរដ្ឋសភាដែរនោះ បានឲ្យដឹងថា ការធានាអំពីការបង់ប្រាក់ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃសុក្រនេះ ជាកិច្ចព្រមព្រៀង បែបនេះទី១៤ហើយជាមួយនឹងក្រុមហ៊ុនឯកជនដែលកំពុងសាងសង់រោងចក្រដើរដោយថាមពលធ្យូងថ្ម និងទំនប់វារីអគ្គិសនីនៅក្នុងប្រទេសនេះ។
កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Alex នេះ មានការសន្យាថា ក្រុមហ៊ុននេះ គឺនឹងទទួលបានប្រាក់ ទោះបីជាអគ្គិសនីកម្ពុជាពុំប្រើបណ្តាញបញ្ជូនចរន្តអគ្គិសនីនេះ ឬមានវិបត្តិនយោបាយអ្វីក៏ដោយ។
លោក ជាម យៀប បានមានប្រសាសន៍ថា “ គម្រោងបញ្ជូនចរន្តអគ្គិសនីរវាងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុនេះ គឺជាផ្នែកដ៏សំខាន់មួយនៃការបញ្ជូនថាមពលថ្នាក់ជាតិ…និងដើម្បីភ្ជាប់ប្រភពថាមពលអគ្គិសនីដែលកំពុងត្រូវបានអភិវឌ្ឍនៅភាគខាងត្បូងរាជធានីភ្នំពេញ”។
គួរបញ្ជាក់ថា ការសាងសង់បង្គោលបញ្ជូនថាមពលនេះនឹងប៉ះពាល់ដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋប្រហែល៥០០គ្រួសារដែលមានទីតាំងនៅលើផ្ទៃដីលំនៅដ្ឋាន១០៧.៥៥៥ម៉ែត្រក្រឡា៕ សេរីវុធ