កាលពីម្សិលមិញ លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងបានចុះជួបកម្មករកម្មការិនីរាប់ពាន់នាក់មកពីតំបន់សេដ្ឋកិច្ចពិសេសចំនួនពីរកន្លែងក្នុងខេត្តស្វាយរៀង ដែលបានធ្វើកូដកម្មទាមទារដំឡើងប្រាក់ខែ និងទាមទារលក្ខខណ្ឌការងារល្អប្រសើរចាប់តាំងពីថ្ងៃទី១៦ ខែធ្នូ មក។
កម្មករកម្មការិនីជាង២៥.០០០នាក់មកពីរោងចក្រចំនួន៣៦នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ម៉ានហាតាន និងតំបន់សេដ្ឋកិច្ចពិសេសតាយសេងបាវិត បានចាប់ផ្ដើមធ្វើកូដកម្មកាលពីសប្ដាហ៍មុន ដើម្បីទាមទារឲ្យដំឡើងប្រាក់ខែអប្បបរមាភ្លាមៗពី៨០ដុល្លារទៅ១៥៤ដុល្លារក្នុងមួយខែ និងទាមទារឲ្យរោងចក្ររបស់ខ្លួនបញ្ឈប់ការពិន័យកម្មករចំនួន១៥ដុល្លារក្នុងមួយថ្ងៃ នៅពេលពួកគេអវត្តមានមិនមកធ្វើការ។
កម្មករភាគច្រើនបានសម្រាកនៅផ្ទះនៅឡើយចាប់តាំងពីថ្ងៃពុធមក ដែលនៅពេលនោះមេដឹកនាំកូដកម្មចំនួន១៣នាក់ត្រូវបាននគរបាលឃាត់ខ្លួនព្រោះការគប់ដំថ្មទៅលើរោងចក្រ ដើម្បីជំទាស់នឹងការព្រមព្រៀងមួយរវាងមេដឹកនាំសហជីព និងអាជ្ញាធរ ដើម្បីបញ្ចប់ការធ្វើកូដកម្មនេះ។
នៅពេលទៅដល់តំបន់សេដ្ឋកិច្ចពិសេសម៉ានហាតាន ដែលស្ថិតនៅជាប់ព្រំដែនវៀតណាមនៅម៉ោងប្រហែល៧ និង៣០នាទីព្រឹក លោក សម រង្ស៊ី បានមានប្រសាសន៍ទៅកាន់កម្មករពីរបីពាន់នាក់ ដែលបានចេញមកខាងក្រៅរោងចក្រ ដើម្បីធ្វើកូដកម្មថា គណបក្សសង្គ្រោះជាតិគាំទ្រការទាមទាររបស់ពួកគេសុំដំឡើងប្រាក់ខែអប្បបរមាភ្លាមៗសម្រាប់កម្មករកម្មការិនីរោងចក្រកាត់ដេរ។
លោកបានមានប្រសាសន៍នៅក្នុងខ្សែវីដេអូមួយបង្ហោះក្នុងទំព័រហ្វេសបុករបស់លោកថា “យើងបានទាមទារឲ្យដំឡើងប្រាក់ខែអប្បបរមានៅខែមករាឆ្នាំក្រោយ ប៉ុន្តែអាជ្ញាធរ និងម្ចាស់រោងចក្របានឃុបឃិតគ្នាយល់ព្រមដំឡើងប្រាក់ខែនេះទាល់តែឆ្នាំ២០១៨ ដូច្នេះបងប្អូនទាំងអស់គ្នានឹងស្លាប់ដោយសារដាច់ពោះ”។
លោកបានបន្តទៀតថា “នៅឆ្នាំ២០១៨ នៅពេលតម្លៃទំនិញកាន់តែកើនឡើង ការដំឡើងប្រាក់ខែ១៦០ដុល្លារ នឹងមិនគ្រប់គ្រាន់សម្រាប់កម្មករទេ ដូច្នេះពេលនោះបងប្អូនទាំងអស់គ្នាត្រូវការដំឡើងប្រាក់ខែដល់៣០០ដុល្លារក្នុងមួយខែ”។
ក្រុមប្រឹក្សាពិគ្រោះយោបល់ការងារគ្រោងនឹងជួបប្រជុំនៅថ្ងៃនេះ ដើម្បីសម្រេចលើសំណើមួយចំនួនសុំដំឡើងប្រាក់ខែអប្បបរមាជួនកម្មករកម្មការិនីរោងចក្រកាត់ដេរ។
ទីស្ដីការគណៈរដ្ឋមន្ត្រីបានស្នើឲ្យក្រុមប្រឹក្សាពិគ្រោះយោបល់ការងារអនុវត្តការដំឡើងប្រាក់ខែប្រចាំឆ្នាំជាលំដាប់ ហើយការដំឡើងប្រចាំឆ្នាំជាលំដាប់នេះនឹងឡើងដល់១៦០ដុល្លារនៅឆ្នាំ ២០១៨។
មុនពេលអាហារថ្ងៃត្រង់ លោក សម រង្ស៊ី ក៏បានចោទប្រកាន់ម្ចាស់រោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសម៉ានហាតាន ចំពោះការចាត់ទុកកម្មកររបស់ខ្លួនដូចជាអ្នកទោស និងការមិនអនុញ្ញាតឲ្យពួកគេចូលរួមជាមួយប្រធានគណបក្សសង្គ្រោះជាតិរូបនេះ និងកម្មករកូដកម្ម ដែលកំពុងតវ៉ានៅខាងក្រៅ។
លោក អ៊ូ សុឃឿន អនុប្រធានមន្ទីរការងារខេត្តស្វាយរៀងបានមានប្រសាសន៍ថា តាមពិតទៅកម្មករមកពីរោងចក្រមួយចំនួនបានយល់ព្រមត្រឡប់ចូលធ្វើការវិញហើយកាលពីព្រឹកម្សិលមិញ ប៉ុន្តែត្រូវបានបញ្ជូនត្រឡប់ទៅផ្ទះវិញពេលអាហារថ្ងៃត្រង់ បន្ទាប់ពីលោក សម រង្ស៊ី ធ្វើការអត្ថាធិប្បាយបែបញុះញង់រួច។
លោក អ៊ូ សុឃឿន បានមានប្រសាសន៍ថា “កម្មករនៅរោងចក្រប្រាំឬប្រាំមួយនៅម៉ានហាតាន ត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះវិញបន្ទាប់ពីអាហារថ្ងៃត្រង់ពីព្រោះម្ចាស់រោងចក្រព្រួយបារម្ភខ្លាចអ្នកតវ៉ាចាប់ផ្ដើមគប់ដុំថ្មលើកម្មករនៅខាងក្នុង”។
លោក សម រង្ស៊ី បានបញ្ជាក់ថា ខណៈពេលដែលកម្មករធ្វើកូដកម្មមួយចំនួនបានសម្រេចចិត្តចូលធ្វើការវិញមុនពេលលោកទៅដល់ មាន “ការបំភិតបំភ័យ” នៅក្នុងតំបន់នោះ ពេលដែលសន្ដិសុខបានរារាំងកម្មករមិនឲ្យចូលរួមធ្វើការតវ៉ាម្ដងទៀត។
លោកបានមានប្រសាសន៍ថា “ខ្ញុំបានព្យាយាមនិយាយជាមួយកម្មករនៅខាងក្នុងទាំងនោះ ហើយពួកគាត់មានការភ័យខ្លាចយ៉ាងខ្លាំង។ ខ្ញុំបានសួរពួកគាត់ថា ‘តើបងប្អូនចង់ចូលរួមជាមួយសហសេវិករបស់បងប្អូនមកពីរោងចក្រផ្សេងទៀតដែលនៅខាងក្រៅដែរទេ?’ ហើយពួកគាត់បានឆ្លើយថា ‘ចង់ ប៉ុន្តែខ្ញុំភ័យខ្លាចណាស់’”។
លោក មីុ ឡី ប្រធានរដ្ឋបាលនៅរោងចក្រសេកូ ខេមបូឌា ខូអិលធីឌី ជារោងចក្រមួយនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសម៉ានហាតានបានលើកឡើងថា កម្មករប្រហែល៣.០០០នាក់ស្ម័គ្រចិត្តយល់ព្រមត្រឡប់ចូលធ្វើការនៅរោងចក្ររបស់គាត់វិញ ហើយបានបដិសេធថា មិនមានការរារាំងពួកគេមិនឲ្យចាកចេញនោះទេ។
លោកបានលើកឡើងទៀតថា “យើងបានចាក់សោទ្វាររោងចក្រមិនមែនដើម្បីឃាត់ទុកកម្មករនោះទេ ប៉ុន្តែដោយសារតែយើងបារម្ភខ្លាចអ្នកតវ៉ាសម្រុកចូលមកខាងក្នុង ហើយបំផ្លាញទ្រព្យសម្បត្តិរបស់យើង”។
លោក លី ហុងសិន ម្ចាស់តំបន់សេដ្ឋកិច្ចតាយសេងបាវិតបានបញ្ជាក់ជាថ្មីម្ដងទៀតថា កូដកម្មហិង្សាកាន់តែខ្លាំងឡើងៗនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់លោក និងការធ្វើឲ្យកម្មករពាក់ព័ន្ធនឹងសកម្មភាពនយោបាយកាន់តែច្រើនឡើងៗ បានធ្វើឲ្យការធ្វើពាណិជ្ជកម្មក្នុងប្រទេសកម្ពុជាមិនសូវមានការចាប់អារម្មណ៍។
លោកបានលើកឡើងថា “ពេលនេះរោងចក្រមួយចំនួនកំពុងត្រៀមខ្លួនចាកចេញពីកម្ពុជាទៅភូមា វៀតណាម និងបង់ក្លាដែស ដោយសារតែការទាមទារប្រាក់ខែខ្ពស់របស់ពួកគេ និងកម្មករធ្វើការតវ៉ារាល់ថ្ងៃ ដែលធ្វើឲ្យម្ចាស់រោងចក្រខាតបង់ប្រាក់ចំណេញ”។
លោក ឆេង ឈ័ន មន្ត្រីសហជីពមកពីសម្ពន្ធសហជីពចលនាកម្មករ បានលើកឡើងកាលពីថ្ងៃអាទិត្យថា រូបលោកបានបាត់បង់ការគ្រប់គ្រងកម្មករធ្វើកូដកម្ម បន្ទាប់ពីបានព្រមព្រៀងជាមួយអាជ្ញាធរកាលពីសប្ដាហ៍មុន ដើម្បីបញ្ចប់ការធ្វើកូដកម្មនេះ។
យោងតាមលោក សម រង្ស៊ី បានឲ្យដឹងថា កូដករដែលលែងទទួលស្គាល់សហជីពរបស់លោក ឆេង ឈ័ន បានចាប់ផ្ដើមដំណើរការបង្កើតសហជីពថ្មីផ្ទាល់ខ្លួនរបស់ពួកគេកាលពីម្សិលមិញ។
លោក សម រង្ស៊ី ដែលបានត្រឡប់មកកាន់រាជធានីភ្នំពេញវិញកាលពីម្សិលមិញ ដើម្បីដឹកនាំការហែក្បួន ដែលកំពុងតែបន្តធ្វើរបស់គណបក្សសង្គ្រោះជាតិ បានមានប្រសាសន៍បន្ថែមទៀតថា លោកនិងមេដឹកនាំផ្សេងៗទៀតរបស់គណបក្សប្រឆាំងនឹងចុះជួបកូដករនៅក្នុងខេត្តស្វាយរៀងម្ដងទៀតនៅព្រឹកនេះ៕ សុខុម

