យោងតាមរបាយការណ៍ដែលអង្គការសិទ្ធិមនុស្សអាដហុក ចេញកាលពីម្សិលមិញបានឲ្យដឹងថា គ្រាន់តែឆ្នាំ២០១១ មានប្រជាជនជិត៦០.000នាក់ត្រូវបានបណ្តេញចេញទាំងបង្ខំពីផ្ទះសម្បែងរបស់ខ្លួននិងជារឿយៗពួកគេត្រូវបានបញ្ជូនទៅឲ្យរស់នៅកន្លែងគ្មានេហដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ហើយនៅទីនោះ ពួកគេគ្មានការងារធ្វើ និងជំពាក់បំណុលគេកាន់តែច្រើន។
របាយការណ៍នេះបានឲ្យដឹងថា ប្រជាជនសរុបចំនួន៥៩.៩០៤នាក់មកពីសហគមន៍ចំនួន១២៧ត្រូវបានបណ្តេញចេញពីលំនៅដ្ឋានទាំងបង្ខំ។របាយការណ៍នេះបានឲ្យដឹងទៀតថា គ្រាន់តែក្នុងរាជធានីភ្នំពេញមួយ មានប្រជាជនចំនួន៣០.០០៩នាក់មកពីសហគមន៍ចំនួន៨១ត្រូវបានបណ្តេញចេញពីសហគមន៍របស់ខ្លួន។
របាយការណ៍នេះក៏បានឲ្យដឹងផងដែរថាមានសហគមន៍ចំនួន៧៣៣ទៀតនៅតាមខេត្តចំនួន១១កំពុងតែប្រឈមនឹងការបណ្តេញចេញពីទីលំនៅរបស់ខ្លួន ដើម្បីបង្ហាញពីឥទ្ធិពលនៃការបណ្តេញចេញដោយបង្ខំទាំងនេះ អង្គការអាដហុកបានតាមអង្កេតប្រជាជន ដែលត្រូវបានក្រុមហ៊ុន7NG បណ្តេញចេញពីខណ្ឌចម្ការមនក្នុងរាជធានីភ្នំពេញកាលពីឆ្នាំ២០០៦។
ប្រជាជនដែលកំពុងរស់នៅក្នុងទីតាំងថ្មីនៅជាយរាជធានីភ្នំពេញទាំងនោះត្រូវទិញទឹក និងភ្លើងអគ្គិសនីក្នុងតម្លៃខ្ពស់ពីឈ្មួញឯកជន។ របាយការណ៍នេះឲ្យដឹងថា លើសពីនេះទៅទៀតនោះ អត្រាគ្មានការងារធ្វើ និងបំណុលរបស់អ្នកដែលត្រូវបានបណ្តេញចេញទាំងនោះបានកើនឡើងជិតទ្វេដងចាប់តាំងពីការបណ្តេញចេញនោះមក។
លោក ធនសារាយ ប្រធានអង្គការអាដហុកបានមានប្រសាសន៍អំឡុងពេលផ្សព្វផ្សាយរបាយករណ៍នេះថា “យើងសូមអំពាវនាវឲ្យរដ្ឋាភិបាលបញ្ឈប់ការបណ្តេញសហគមន៍ក្រីក្រចេញទៀត”។
លោកបានមានប្រសាសន៍ថា “ប្រសិនបើពេលនេះរដ្ឋាភិបាលគ្មានលទ្ធភាពអភិវឌ្ឍកន្លែងតាំងលំនៅថ្មីទេរដ្ឋាភិបាលគួរតែរក្សាប្រជាជនទាំងនោះឲ្យនៅទីតាំងដើមរបស់ពួកគេ ហើយរង់ចាំខ្លួនមានថវិកាគ្រប់គ្រាន់…ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធឲ្យបានប្រសើរនៅកន្លែងតាំងលំនៅថ្មីនោះ”៕
(រាយការបន្ថែមដោយគុចណារ៉េន)
ប្រែសម្រួលដោយ ហួង កុកទៀន