ខណៈកំពុងដើរទិញទូរទស្សន៍កាលពីពេលថ្មីៗនេះ លោក ឡឹក ប៊ុនហៃ អាយុ ២៧ ឆ្នាំ ទិញបានទូរទស្សន៍ អិលស៊ីឌី (LCD)មួយគ្រឿងម៉ាកសូនី ក្នុងតម្លៃ៣៤៥ដុល្លារនៅឯហាងលក់សម្ភារប្រើប្រាស់ របស់ក្រុមហ៊ុនស៊ុនស៊ីមុិចកូ ស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស ក្នុងរាជធានីភ្នំពេញ។
ប៉ុន្តែប្រាក់ខែចំនួន៣០០ដុល្លារ ដែលលោក ឡឹក ប៊ុនហៃ ទទួលបានពីការងាររបស់ខ្លួនជាមន្ត្រីឥណទាននៅគ្រឹះស្ថានមីក្រូហិរញ្ញ
វត្ថុមួយក្នុងរាជធានីភ្នំពេញ មិនអាចឲ្យលោកមានលទ្ធភាពទិញទូរទស្សន៍នេះបានទេ។ ដូច្នេះ លោកក៏បានខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Aeon មកពីប្រទេសជប៉ុន ដែលបានបើកការិយាល័យមួយនៅក្នុងហាងរបស់ក្រុមហ៊ុនស៊ុនស៊ីមុិចកូ កាលពីឆ្នាំមុន។លោក ប៊ុនហៃ បាននិយាយថា “ ឥឡូវ យើងអាចទិញរបស់របរប្រើប្រាស់ ដូចជាទូរទស្សន៍ និងសម្ភារផ្សេងៗទៀតបាន
ដោយយើងគ្រាន់តែត្រូវបង់រំលោះប្រចាំខែប៉ុណ្ណោះ។ តាមរយៈប្រព័ន្ធទូទាត់បែបនេះអាចទិញរបស់របរប្រើប្រាស់ផ្សេងៗ ដែលយើងត្រូវការបានដោយងាយ”។
ចាប់តាំងពីវិស័យមីក្រូឥណទាននៅកម្ពុជាបានចាប់ផ្តើមនៅដើមទសវត្សរ៍៩០ ហើយអង្គការសង្គមស៊ីវីលចាប់ផ្តើមផ្តល់សេវាប្រាក់កម្ចីខ្នាតតូចដល់សហគមន៍ក្រីក្រ ដែលត្រូវការមូលនិធិ ដើម្បីបង្កើតមុខរបររកស៊ីមក គ្រឹះស្ថានមីក្រូហិញ្ញវត្ថុនៅប្រទេសកម្ពុជាកំពុងចាប់ផ្តើមផ្លាស់ប្តូរទិសដៅ។
ដូចជានៅប្រទេសថៃ និងប្រទេសវៀតណាមដែរ វិស័យមីក្រូហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា បានចាប់ផ្តើមសម្លឹងរកមើលអតិថិជនដូចជាលោក ប៊ុនហៃ ដែលមានប្រាក់ចំណូលច្រើនជាងប្រាក់ឈ្នួលអប្បបរមា ប៉ុន្តែ ដែលពំុមានអំណាចទិញគ្រប់គ្រាន់ ដើម្បីទទួលបានរបស់របរប្រើប្រាស់ថ្លៃៗដូចជាទូរទស្សន៍និងទូទឹកកក ជាដើម។
Aeon គឺជាគ្រឹះស្ថានមីក្រូហិញ្ញវត្ថុដំបូងក្នុងចំណោមគ្រឹះស្ថានមីក្រូហិញ្ញវត្ថុចុះបញ្ជីត្រឹមត្រូវទាំង២៨ដែល បានផ្លាស់ប្តូរទម្រង់នៃការផ្តល់ឥណទានតាមបែបប្រពៃណីទៅជាការផ្តល់ឥណទានតាមរូបភាពទិញសម្ភារប្រើប្រាស់វិញ។របៀបធ្វើពាណិជ្ជកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Aeon ជាផ្នែកមួយនៃគោលនយោបាយជំរុញចលនាមីក្រូហិរញ្ញវត្ថុឲ្យកាន់តែទូលំទូលាយរបស់ធនាគារជាតិនៃកម្ពុជា (NBC) ដើម្បីធ្វើឲ្យមានភាពសម្បូរបែបក្នុងវិស័យមីក្រូហិរញ្ញវត្ថុ បន្ថែមពីលើការផ្តល់ប្រាក់កម្ចីក្នុងបរិមាណតិចតួចដល់អាជីវកម្មខ្នាតតូចក្នុងប្រទេសកម្ពុជា។
លោកស្រី ងួន សុខា អគ្គនាយិកាធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា “យើងត្រូវតែធ្វើឲ្យមានភាពសម្បូរបែបក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ដើម្បីឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានលទ្ធភាពផ្តល់សេវាកម្មកាន់តែច្រើនដល់អតិថិជន ហើយលោកស្របន្ថែមថា ធនាគារកណ្តាលនឹងរៀបចំសេចក្តីព្រាងបទបញ្ញត្តិស្តីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដោយសហការជាមួយនាគារពិភពលោកនៅក្នុងខែនេះហើយ។
លោកស្រីបានបន្ថែមទៀតថា “យោងតាមផែនការលម្អិត យើងនឹងពិនិត្យមើលឱកាសដើម្បីឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មានលទ្ធភាពផ្តល់សេវាកម្មហិរញ្ញវត្ថុច្រើនប្រភេទដល់អតិថិជនរបស់ខ្លួន។ ប៉ុន្តែបច្ចុប្បន្ននេះ យើងមិនទាន់មាននិយមន័យច្បាស់លាស់អំពីសកម្មភាពរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទេ”។
ទោះបីជាអ្នកបង្កើតគោលនយោបាយ ជឿជាក់ថា ការធ្វើឲ្យមានភាពសម្បូរបែបក្នុង វិស័យមីក្រូហិរញ្ញវត្ថុ នឹងជួយឲ្យសេដ្ឋកិច្ចមានស្ថិរភាពក៏ដោយ ក៏ក្រុមអ្នកវិភាគសេដ្ឋកិច្ច បាននិយាយថា វិស័យមីក្រូហិរញ្ញវត្ថុដែលទើបនឹងចាប់ផ្តើមដំណើរការដូចជានៅក្នុងប្រទេសកម្ពុជាជាដើមនេះ ត្រូវការក្របខណ្ឌ
បទបញ្ញត្តិស៊ីជម្រៅដើម្បីការពារហានិភ័យនៃការបាត់បង់សមត្ថភាពសងរបស់អតិថិជនដែលបានខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ អត្រាឥណទានឥតដំណើរការនៅក្នុងប្រទេសកម្ពុជាមានចំនួនក្រោម១ភាគរយ នេះបើយោងតាមសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។ ប៉ុន្តែសហគមន៍ក្រីក្រតែងតែរអ៊ូររទាំអំពីការកើនបំណុលដោយសារការពាក់ព័ន្ធជាមួយអ្នករកស៊ីចងការប្រាក់និងភាពងាយស្រួលក្នុងការខ្ចីប្រាក់ច្រើនដងពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុលើសពីមួយ។
លោក ម៉ារេន ឌូវិនឌេក (Maren Duvendack) អ្នកស្រាវជ្រាវនៅវិទ្យាស្ថានអភិវឌ្ឍន៍ក្រៅប្រទេស (Overseas Development Institute) បានមានប្រសាសន៍ថា “ក្នុងករណីខ្លះ ការធ្វើពាណិជ្ជកម្មបាននាំឲ្យមានការអនុវត្តសកម្មភាពខុសពីបេសកកម្ម និងការប្រព្រឹត្តខុសក្រមសីលធម៌ ហើយដោយសារតែបែបនេះហើយទើបវិស័យមីក្រូហិរញ្ញវត្ថុ ត្រូវមានបទបញ្ញត្តិប្រកបដោយប្រសិទ្ធភាព
និងភាពត្រឹមត្រូវជាងពេលមុន។ លោកបានសរសេរនិក្ខេបបទនៅឯសាកលវិទ្យាល័យអីុស អេនលា យូនីវ័រសីុធី (East Anglia University) នៅក្នុងប្រទេសអង់គ្លេស ក្រោមប្រធានបទ “ផលប៉ះពាល់នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅ
ក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍”។ លោកបានមានប្រសាសន៍បន្ថែមថា “វិស័យមីក្រូហិរញ្ញវត្ថុ មិនអាចធ្វើប្រតិបត្តិការទាំងនៅក្នុងស្ថានភាពដែលមិនមានបទបញ្ញត្តច្បាស់លាស់បានទេ។ ការមានក្របខណ្ឌបទបញ្ញតិ្តសមស្របមួយ ទោះជាក្នុងគោលនយោបាយម៉ាក្រូ ឬមីក្រូសេដ្ឋកិច្ចក៏ដោយ ឲ្យតែគាំទ្រដល់ការជំរុញកំណើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋក្រីក្រ គឺពិតជាមានសារៈសំខានណាស់”។
លោក ដៃ ស៊ូកេមេដា (Daisuke Maeda) នាយកគ្រប់គ្រងរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Aeon បានមានប្រសាសន៍ថា អតិថិជនត្រូវតែមានប្រាក់ចំណូលប្រចាំខែ ចាប់ពី២០០ដុល្លារឡើងទៅ ទើបអាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលបានប្រាក់កម្ចី យកទៅប្រើប្រាស់។ ប៉ុន្តែ Aeon មិនតម្រូវឲ្យមានទ្រព្យធានាពីអតិថិជនរបស់ខ្លួនទេ។
លោកបានមានប្រសាសន៍ថា “យើងមានជំនឿថា ប្រជាជនកម្ពុជាមានសិទ្ធិទទួលបានអត្ថប្រយោជន៍និងសេវាកម្មច្រើនជាងសព្វថ្ងៃពីគ្រឹះស្ថានហិរញ្ញវត្ថុ។ បទបញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា មានចំណុចគ្រប់គ្រាន់ល្មមនឹងធ្វើឲ្យប្រជាជនមានលទ្ធភាពទទួលបានផលប្រយោជន៍ និងសេវាកម្មទាំងមូល”។
ទោះបីជាវិស័យមីក្រូហិរញ្ញវត្ថុមានហានិភ័យនៅព័ទ្ធជំុវិញក៏ដោយ (នៅប្រទេសឥណ្ឌា វិស័យនេះបានដួលរលំនៅ ក្នុងឆ្នាំ២០១០ ដោយសារតែអតិថិជនដែលបានខ្ចីប្រាក់ ឈប់សងប្រាក់ឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ) ក៏អ្នកជំនាញបាននិយាយថា ការធ្វើឲ្យមានភាពសម្បូរបែបក្នុងសេវាឥណទានខ្នាតតូច គឺជាយុទ្ធសាស្ត្រដ៏ល្អមួយសម្រាប់វិស័យនេះ។
លោក អិុន ចាន់នី ប្រធាននាយកប្រតិបត្តិរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជាធនាគារផ្តល់ឥណទានខ្នាតតូច ធំបំផុតនៅក្នុងប្រទេសកម្ពុជា បានមានប្រសាសន៍ថា “យុទ្ធសាស្ត្រនេះនឹងជួយឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអតិថិជនរបស់ខ្លួនរីកចម្រើនដូចគ្នា។ ពួកគេត្រូវការបទបញ្ញត្តិដ៏មានប្រសិទ្ធភាព ដើម្បីឲ្យពួកគេអាចណែនាំផលិតផល និងសេវាកម្មថ្មីៗរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឲ្យអតិថិជនរបស់ខ្លួនបានដឹង”។
លោក អិុន ចាន់នី បានបន្ថែមថា គ្រឹះស្ថានថ្មីៗ ដូចជា Aeon ជាដើម ក៏គួរតែធ្វើឲ្យប្រាកដថា ខ្លួនពិតជាបានពិនិត្យមើលសាវតាររបស់អតិថិជនបានត្រឹមត្រូវ ជាពិសេសគឺប្រវត្តិហិរញ្ញវត្ថុរបស់ពួកគាត់តាមរយៈបុគ្គលិកដែរ។ អាជីវកម្មរបស់ Aeon ស្ថិតក្នុងដំណាក់កាលចាប់ផ្តើមនៅឡើយ ប៉ុន្តែមានផែនការអភិវឌ្ឍន៍បន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។