អ្នកស្រី ម៉ម សូម៉ា លី នាយិកាអង្គការប្រឆាំងការជួញដូរមនុស្សដ៏ល្បីឈ្មោះបានទទួលស្គាល់ថា សេចក្ដីថ្លែងការណ៍ ដែលអ្នកស្រីបានថ្លែងក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនៅខែនេះ មិនត្រឹមត្រូវនោះទេ ដោយបញ្ជាក់ថា ទាហានកម្ពុជាមិនបានសម្លាប់ក្មេងស្រីប្រាំបីនាក់បន្ទាប់ពីការឆ្មក់ចូលមណ្ឌលក្នុងអង្គការរបស់អ្នកស្រីនៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០០៤នោះឡើយ។
ថ្លែងនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិទៅកាន់ប្រទេសជាសមាជិកអង្គការសហប្រជាជាតិ អង្គការផ្ដល់ជំនួយអន្ដរជាតិ និងប្រព័ន្ធផ្សព្វផ្សាយក្នុងបុរីញូវយ៉កកាលពីថ្ងៃទី៣ខែមេសា អ្នកស្រី ម៉មសូម៉ាលីបានមានប្រសាសន៍ថា ក្មេងស្រីប្រាំបីនាក់ត្រូវបានសម្លាប់បន្ទាប់ពីអង្គការអាហ្វេសីុបរបស់អ្នកស្រីបានធ្វើការឆ្មក់ចូលទ្រង់ទ្រាយធំមួយទៅក្នុងកន្លែងម៉ាស្សានៅសណ្ឋាគារឆាយហ៊ួរ២ក្នុងរាជធានីភ្នំពេញហើយគេបានរំដោះស្ត្រី និងក្មេងស្រីចំនួន៨៣នាក់ចេញពីសណ្ឋាគារនោះ រួចបញ្ជូនទៅកាន់មណ្ឌលរបស់អ្នកស្រី។
អ្នកស្រី ម៉មសូម៉ាលី បានលើកឡើងតាមអីុម៉េលកាលពីម្សិលមិញពីទីក្រុងបាងកកថា “ នៅក្នុងការថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ កាលពីខែមេសានោះ ការលើកឡើងមួយចំនួនរបស់ខ្ញុំមិនមានភាពច្បាស់លាស់នោះទេ ហើយខ្ញុំក៏មិនចង់និយាយបំផ្លើសចំពោះហេតុការណ៍ដែលបានកើតឡើងកាលពីឆ្នាំ២០០៤ដែរ។ខ្ញុំមិនមានបំណងទាល់តែសោះ ចំពោះការចោទប្រកាន់ថា ក្មេងស្រីត្រូវបានគេសម្លាប់អំឡុងពេលឆ្មក់ចូលក្នុងមណ្ឌលនោះ”។
អ្នកស្រី ម៉ម សូម៉ាលី បានបន្ដថា “ ខ្ញុំបានទទួលព័ត៌មានបន្ទាប់ពីហេតុការណ៍ឆ្មក់ចូលនោះ តាមរយៈប្រភពដែលគួរឲ្យទុកចិត្តមួយថា ស្ត្រី និងក្មេងស្រីមួយចំនួនដែលពាក់ព័ន្ធនឹងការឆ្មក់ចូលនោះ ក្រោយមកបានស្លាប់នៅក្នុងហេតុការណ៍ជាបន្តបន្ទាប់ ដែលយើងជឿជាក់ថា វាអាចពាក់ព័ន្ធនឹងអ្នកជួញដូរ និងមេបនរបស់ស្ត្រីទាំងនោះ”។
អ្នកស្រីម៉ម សូម៉ាលី បានបញ្ជាក់ថាគ្មានរបាយការណ៍ ឬក៏ពាក្យបណ្ដឹងជាផ្លូវការណាមួយត្រូវបានអង្គការរបស់អ្នកស្រីប្ដឹងទៅកាន់អាជ្ញាធរពាក់ព័ន្ធនឹងការស្លាប់របស់ក្មេងស្រីទាំងប្រាំបីនាក់ដូចដែលបានលើកឡើងដោយប្រភពរបស់អ្នកស្រីនោះទេ។
មន្ត្រីនគរបាលម្នាក់ ដែលកាលពីសប្ដាហ៍មុនបានបញ្ជាក់អំពីការសង្ស័យចំពោះការអះអាងពីដំបូងរបស់អ្នកស្រី ម៉ម សូម៉ាលីអំពីការស្លាប់របស់ក្មេងស្រី ប្រាំបីនាក់នៅឯមណ្ឌលរបស់អ្នកស្រីនោះ មានការសង្ស័យ ចំពោះការបញ្ជាក់របស់អ្នកស្រី កាលពីថ្ងៃម្សិលមិញនេះ។
លោក កែវ ធា នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សរាជធានីភ្នំពេញបានមានប្រសាសន៍ថា “ ខ្ញុំមិនដែលបានឮពីការស្លាប់របស់ស្ត្រីណាម្នាក់នោះទេ។ ខ្ញុំគ្រាន់តែបានឮថា ស្ត្រីទាំងនោះបានចាកចេញពីមណ្ឌលរបស់អ្នកស្រី ម៉ម សូម៉ាលី”។
អ្នកស្រី ម៉មសូម៉ាលី មិនបានឆ្លើយតបទេកាលពីម្សិលមិញចំពោះសំណើសុំបញ្ជាក់ពីអត្តសញ្ញាណក្មេងស្រីទាំងប្រាំបីនាក់ និងសុំឲ្យបង្ហាញថា តើពួកគេបានស្លាប់យ៉ាងដូចម្ដេចនោះ។ ស្ថានទូតសហរដ្ឋអាមេរិក ដែលឃ្លាំមើលបទឧក្រិដ្ឋជួញដូរមនុស្សទូទាំងពិភពលោកនឹងអាចដាក់ទណ្ឌកម្មទៅលើប្រទេសណាដែលមិនការពារជនរងគ្រោះពីអ្នកជួញដូរមនុស្សនោះបានលើកឡើងថាខ្លួននឹងស្វែងរកព័ត៌មានបន្ថែមពីអ្នកស្រី ម៉ម សូម៉ាលី។
កាលពីម្សិលមិញអ្នកស្រី ម៉ម សូម៉ាលីក៏បានឆ្លើយតប ចំពោះការអះអាងរបស់លោកភីយាឡេក្រុស (Pierre Legros) អតីតប្តីរបស់អ្នកស្រី និងជាអតីតប្រធានអង្គការអាហ្វេស៊ីបថាអ្នកស្រីបានធ្វើការបង្ហាញខុសពីហេតុការណ៍មួយពាក់ព័ន្ធនឹងកូនស្រីរបស់ខ្លួនកាលពីឆ្នាំ២០០៤។
អ្នកស្រី ម៉ម សូម៉ាលីបានអះអាងជាយូរមកហើយថា កូនស្រីរបស់អ្នកស្រីត្រូវបានគេចាប់ពង្រត់ និងបានទទួលរងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរក្នុងកណ្ដាប់ដៃរបស់អ្នកជួញដូរមនុស្ស ជាការសងសឹក ចំពោះការឆ្មក់ចូលរបស់អ្នកស្រី ទៅក្នុងសណ្ឋាគារឆាយហ៊ូរ២។
លោកឡេក្រុសបានមានប្រសាសន៍ថាកូនស្រីរបស់ខ្លួនមិនត្រូវបានចាប់ពង្រត់នោះទេ ប៉ុន្ដែបានរត់តាមសង្សារបស់ខ្លួន ហើយបានអះអាងថារឿងចាប់ពង្រត់ត្រូវបានប្រើ “ ជាប្រយោជន៍សម្រាប់ផ្សព្វផ្សាយពីមូលនិធិសូម៉ាលី ម៉ម”។ អ្នកស្រី ម៉ម សូម៉ាលីបានអះអាងតាមអីុម៉េលរបស់អ្នកស្រីថាកូនស្រីរបស់អ្នកស្រីត្រូវបានចាប់ពង្រត់ពិតមែន។
អ្នកស្រីបានសរសេរថា “ ខ្ញុំជឿជាក់ថា កូនស្រីរបស់ខ្ញុំត្រូវបានចាប់ពង្រត់ពិតមែនហើយ ខ្ញុំបានដាក់ពាក្យបណ្ដឹងជាផ្លូវការមួយនៅពេលដែលហេតុការណ៍នេះបានកើតឡើង កាលពីប៉ុន្មានឆ្នាំមុន។ ខ្ញុំទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីក្រសួងមហាផ្ទៃ ដែលបានជួយតាមដានរឿងចាប់ពង្រត់
កូនស្រីរបស់ខ្ញុំ។ ខ្ញុំក៏មានការប្រុងប្រយ័ត្នចំពោះការការពារភាពឯកជនរបស់កូនស្រីខ្ញុំដែរ ហេតុដូច្នេះហើយខ្ញុំសង្ឃឹមថា បញ្ហានេះអាចនឹងត្រូវបានចុះផ្សាយជាសារធារណៈបន្ដទៀត”។
លោកចូសេហ្វ មូសសូម៉េលី (Joseph Mussomeli) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកនៅពេលនោះបានសរសេរតាមសារទូរលេខការទូត កាលពីឆ្នាំ២០០៤ថា អង្គការអាហ្វេស៊ីប បានរាយការណ៍ថាកូនស្រីរបស់អ្នកស្រីម៉មសូម៉ាលី ត្រូវបានសង្សាររបស់នាងពង្រាត់
ទៅខេត្តបាត់ដំបង ដែលក្រោយមក គេបានប្រទះឃើញនៅទីនោះ ក្នុងក្លឹបរាត្រីមួយរួមជាមួយបុរសបីនាក់ ដែលត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទជួញដូរមនុស្ស។
នៅក្នុងសៀវភៅជីវប្រវតិ្តរបស់អ្នកស្រីឆ្នាំ២០០៧ អ្នកស្រី ម៉ម សូម៉ាលី បានសរសេរថា មនុស្សដែលពាក់ព័ន្ធក្នុងការចាប់ពង្រត់កូនស្រីរបស់អ្នកស្រី ក្រោយមកត្រូវបានគេដោះលែងពីពន្ធធនាគារ បើទោះជាមិនទាន់មានការកាត់ទោសក៏ដោយ។
អ្នកស្រី ម៉មសូម៉ាលី មិនបានឆ្លើយតបទេកាលពីម្សិលមិញចំពោះសំណើសុំឲ្យប្រាប់ព័ត៌មានអំពីអត្តសញ្ញាណរបស់ជនចាប់ពង្រត់កូនស្រីរបស់អ្នកស្រី និងស្ថានភាពនៃការកាត់ទោសពួកគេ។
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងមន្ត្រីនគរបាលប្រឆាំងការជួញដូរមនុស្សរាជធានីភ្នំពេញ រួមជាមួយនឹងព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ និងខេត្តបាត់ដំបង បានមានប្រសាសន៍នៅសប្តាហ៍នេះថា ពួកគេមិនដឹងអ្វីទាំងអស់អំពីការចាប់ពង្រត់កូនស្រីរបស់អ្នកស្រីម៉មសូម៉ាលី៕
(រាយការណ៍បន្ថែមដោយ ឡោច័ន្ទតារា)
ប្រែសម្រួលដោយ ស៊ាស៊ុយឈាង