មន្ត្រីកងរាជអាវុធហត្ថបានឲ្យដឹងកាលពីម្សិលមិញថា នគរបាលកំពុងស្វែងរកជនសង្ស័យពាក់ព័ន្ធនឹងការដាក់គ្រាប់បែកកាលពីយប់ថ្ងៃពុធ ក្នុងបំណងបំផ្លាញស្ពាននៅតាមបណ្ដោយផ្លូវជាតិលេខ៤ នៅចន្លោះព្រំប្រទល់ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ។
នគរបាលបានឲ្យដឹងថា បុរសបួននាក់ត្រូវបានសាកសួរ និងដោះលែងវិញតាំងពីថ្ងៃព្រហស្បតិ៍។ គ្រាប់បែកកែច្នៃផ្សំពីម្សៅតេអិនតេ ជីគីមីនិងប្រេងសាំងទម្ងន់៣០គីឡូក្រាមត្រូវបានគេដាក់នៅក្រោមស្ពាន និងកំណត់ម៉ោងឲ្យផ្ទុះនៅម៉ោង៩យប់ ប៉ុន្ដែ មិនបានបំផ្លាញស្ពានឬធ្វើឲ្យនរណាម្នាក់របួសនោះទេ។
លោក ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានបដិសេធមិនប្រាប់ឈ្មោះជនសង្ស័យ ឬមូលហេតុនៃការដាក់គ្រាប់បែកនេះទេ ដោយសារតែរឿងនេះកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតនោះ បានមានប្រសាសន៍ថា “ យើងបានស្គាល់អត្តសញ្ញាណរបស់ជនសង្ស័យហើយ។ ពេលនេះយើងកំពុងស្វែងរកចាប់ខ្លួនជនសង្ស័យ”។
លោក ទីតូ បានមានប្រសាសន៍ថា“ យើងមិនទាន់បញ្ចប់ការស៊ើបអង្កេតនៅឡើយទេ។ ដូច្នេះ យើងមិនអាចនិយាយបានថា តើការដាក់គ្រាប់បែកនេះជាភេរវកម្ម ឬគ្រាន់តែដើម្បីបង្កចលាចលនោះទេ។ យើងកំពុងតែស៊ើបអង្កេត”។
លោកបានបន្ថែមថា បុរសអាយុ៥០ឆ្នាំម្នាក់ ដែលកងរាជអាវុធហត្ថឃាត់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍នោះ ត្រូវបានដោះលែងកាលពីម្សិលមិញវិញហើយ ដោយសារតែពួកគេពុំបានរកឃើញភស្តុតាងភ្ជាប់គាត់ទៅនឹងបទល្មើសនេះ។ លោកបានបន្ថែមទៀតថា “ យើងមិនបារម្ភថា រឿងនេះនឹងអាចកើតឡើងម្ដងទៀតនោះទេ”។
លោក ស្វាយ យឿន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តកំពង់ស្ពឺបានមានប្រសាសន៍ថា កាលពីថ្ងៃព្រហស្បតិ៍មន្ត្រីរបស់លោក ក៏បានសាកសួរបុរសបីនាក់ផ្សេងទៀត ដែលបានសាងសង់ផ្ទះចម្ងាយនៅប្រហែល៥០ម៉ែត្រពីស្ពាននោះដែរប៉ុន្ដែពួកគាត់ត្រូវបានដោះលែងវិញនៅថ្ងៃនោះ។
លោកបានមានប្រសាសន៍ថា“ យើងបានអញ្ជើញពួកគាត់មកសាកសួរ ពីព្រោះពួកគាត់សង់ផ្ទះជិតស្ពាននោះ ប៉ុន្ដែ យើងបានដោះលែងពួកគាត់វិញ ដោយសារតែពួកគាត់មិនបានពាក់ព័ន្ធក្នុងរឿងនេះ”។
គ្រាប់បែក ដែលដាក់ក្នុងធុងជ័រធំនោះបានរមៀលចេញពីស្ពានពេលវាផ្ទុះ នេះបើយោងតាមមន្ត្រីមូលដ្ឋាន។ការខូចខាតបន្តិចបន្តួចមកលើផ្លូវដែលបម្រើចរាចរណ៍រវាងរាជធានីភ្នំពេញនិងខេត្តព្រះសីហនុក៏ត្រូវបានជួសជុលរួចហើយដែរ៕
ប្រែសម្រួលដោយ ហម សុផាណ្ណា