ប្រជាពលរដ្ឋជាង១៨០គ្រួសារដែលរស់នៅជិតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញត្រូវបានប្រាប់កាលពីម្សិលមិញថា ពួកគេត្រូវតែចាកចេញពីលំនៅដ្ឋានរបស់ខ្លួន ដើម្បីរក្សាសន្តិសុខសុវត្ថិភាពរបស់លោកប្រធានាធិបតីអាមេរិកបារ៉ាក់អូបាម៉ា (Barack Obama) ដែលគ្រោងមកធ្វើទស្សនកិច្ចនៅខែវិច្ឆិកា។
ឈ្មោះ ច្រាយ និន អាយុ៣៤ឆ្នាំ ជាតំណាងឲ្យប្រជាពលរដ្ឋចំនួន១៨២គ្រួសារ ដែលកំពុងប្រឈមនឹងការបណ្តេញចេញពីភូមិថ្មគោល ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បាននិយាយថា “ យើងបានទទួលដំណឹងថា សាលារាជធានីមានផែនការពង្រីកអាកាសយានដ្ឋាន ដើម្បីផ្តល់សុវត្ថិភាពសម្រាប់លោកអូបាម៉ា”។
អ្នកស្រីច្រាយនិនរួមជាមួយនឹងអ្នកភូមិ២០នាក់ទៀតបានដាក់ពាក្យបណ្តឹងកាលពីម្សិលមិញទៅសាលារាជធានីភ្នំពេញ ដើម្បីទាមទារសំណង ពីព្រោះពួកគេអះអាងថាពួកគេកាន់កាប់ដីនេះដោយស្របច្បាប់។ នៅពេលទទួលពាក្យបណ្តឹងរបស់អ្នកភូមិទាំងនេះ មន្ត្រីសាលារាជធានីបានលើកឡើងថា ការបណ្តេញចេញនេះ មិនអាចពន្យារពេលបានទេ ពីព្រោះចាំបាច់ត្រូវសា្ថាបនាផ្លូវសន្តិសុខមួយត្រឹមខែវិច្ឆិកាសម្រាប់លោកប្រធានាធិបតី អូបាម៉ា។
លោកវ៉ា សារ៉ាងចៅសង្កាត់រង ចោមចៅបញ្ជាក់ថា ការបណ្តេញចេញនេះ គឺសម្រាប់គោលបំណងសន្តិសុខមុនកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ ពីថ្ងៃទី១៨ ខែវិច្ឆិកាដល់ថ្ងៃទី២០ ខែវិច្ឆិកា នៅក្នុងរាជធានីភ្នំពេញ។
លោក សារ៉ាង បានមានប្រសាសន៍ថា “ អាជ្ញាធរសង្កាត់និងខណ្ឌ បានទទួលបទបញ្ជាមួយពីសាលារាជធានីឲ្យត្រៀមផ្លូវសុវត្ថិភាពមួយសម្រាប់ក្រុមមេដឹកនាំបស្ចិមប្រទេស មកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន”។
លោក ស៊ាន ម៉ាកឃិនតុស (Saen McIntosh) អ្នកនាំពាក្យស្ថានទូតអាមេរិក មិនបានធ្វើអត្ថាធិប្បាយអំពីផែនការបណ្តេញចេញនេះទេកាលពីម្សិលមិញ ដោយគ្រាន់តែបញ្ជាក់ថាការចូលរួមរបស់លោក អូបាម៉ា នៅក្នុងរាជធានីភ្នំពេញ មិនទាន់ត្រូវបានបញ្ជាក់ច្បាស់នៅឡើយទេ។
លោកម៉ាកឃិនតុសបានលើកឡើងក្នុងអុីម៉េលមួយថា“ សេតវិមាន មិនទាន់បានចេញសេចក្តីប្រកាសបញ្ជាក់ពីផែនការធ្វើដំណើររបស់លោកប្រធានាធិបតី អូបាម៉ាទេ”។
ប្រជាជននៅភូមិថ្មគោល ដំបូងបានទទួលសេចក្តីជូនដំណឹងអំពីការបណ្តេញចេញនេះកាលពីខែកក្កដា ប៉ុន្តែ បានរួចផុតពីការបណ្តេញចេញមួយរយៈ ដោយការធ្វើពាក្យបណ្តឹងទៅសាលារាជធានី ដើម្បីស្វែងរកដំណោះស្រាយ។
នៅពេលនោះ សាលារាជធានីបានកាត់បន្ថយទំហំនៃគម្រោងពង្រីកអាកាសយានដ្ឋាននេះពី៣០.០០០ម៉ែត្រក្រឡា មកត្រឹម១៥.០០០ម៉ែត្រក្រឡាវិញ ដោយធ្វើឲ្យប្រជាជនយ៉ាងតិច៨០គ្រួសាររួចផុតពីការបាត់បង់ផ្ទះរបស់ខ្លួន។
លោក យិន គា អភិបាលរងខណ្ឌពោធិ៍មានជ័យ ទទួលបន្ទុកគណៈកម្មការដោះស្រាយវិវាទដីធ្លីបានបញ្ជាក់ថា គ្រួសារទាំងនេះ រស់នៅលើដីនេះដោយខុសច្បាប់។
លោកបានមានប្រសាសន៍ថា “ យើងបានស្នើឲ្យពួកគេចាកចេញ ពីព្រោះពួកគេរស់នៅដោយខុសច្បាប់។យើងមិនទាន់បានកំណត់កាលបរិច្ឆេទសម្រាប់ការបណ្តេញចេញទេពីព្រោះយើងកំពុងតែព្យាយាមរកដំណោះស្រាយសមស្រប”៕
ប្រែសម្រួលដោយ ចេវប៊ុននី