ស្នាក់ការធំនៃទីភ្នាក់ងារអូស្ត្រាលីសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ(AusAid) បាននិយាយការពារចំពោះការពាក់ព័ន្ធរបស់ខ្លួននៅក្នុងគម្រោងស្តារផ្លូវដែកដែលត្រូវចំណាយទឹកប្រាក់១៤៣លានដុល្លារ ក្នុងប្រទេសកម្ពុជាដែលត្រូវបានចោទប្រកាន់ថាធ្វើឲ្យប្រជាពលរដ្ឋរាប់រយគ្រួសារធ្លាក់ទៅក្នុងភាពក្រីក្រកាន់តែខ្លាំង ។
ការឆ្លើយតបរបស់ទីភ្នាក់ងារអូស្ត្រាលីសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ កើតឡើងបន្ទាប់ពីគណៈកម្មការសិទ្ធិមនុស្សរបស់ប្រទេសអូស្ត្រាលីជុំវិញសកម្មភាពរបស់ទីភ្នាក់ងារផ្តល់ជំនួយផ្លូវការនេះនិងទាមទារឲ្យមានការស៊ើបអង្កេតឯករាជ្យមួយអំពីបញ្ហានេះ។
បណ្តឹងនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី៤ ខែតុលា ជួសមុខឲ្យប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ចំនួន២៣គ្រួសារ ដែលចោទប្រកាន់ទីភ្នាក់ងារអូស្ត្រាលី សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិថា មិនបានរកវិធីការពារដើម្បីទប់ស្កាត់កុំឲ្យគម្រោងនេះ បង្កផលប៉ះពាល់ធ្ងន់ធ្ងរជាងមុន ហើយបានទាមទារឲ្យមានការគាំទ្របន្ថែមទៀតដល់ពួកគេ។
ទីភ្នាក់ងារអូស្ត្រាលីសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ រួមជាមួយធនាគារអភិវឌ្ឍន៍អាសុី (ADB) ព្រមទាំងរដ្ឋាភិបាលកម្ពុជា កំពុងតែសហការគ្នាផ្តល់មូលនិធិលើគម្រោងមានទឹកប្រាក់រាប់លានដុល្លារ ដើម្បីស្តារកំណាត់ផ្លូវ ដែលកាន់តែទ្រុឌទ្រោមក្នុងប្រទេសនេះ។
កាលពីថ្ងៃសុក្រ អគ្គនាយកទីភ្នាក់ងារអូស្ត្រាលី សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ លោកភីធើ បាកធឺ (Peter Baxter)បានការពារការងាររបស់អង្គការលោកនិងគូសបញ្ជាក់ពីវិធានការកំពុងតែបន្ត ដែលខ្លួនបានរៀបចំឡើង ដើម្បីជួយប្រជាពលរដ្ឋចំនួន៤.០០០គ្រួសារ កំពុងរស់នៅតាមបណ្តោយកំណាត់ផ្លូវដែក ដែលប្រុងនឹងបាត់បង់ចំណែកនៃលំនៅដ្ឋានឬបាត់ផ្ទះទាំងស្រុងតែម្តង។
បើទោះជាសេចក្តីប្រកាសធ្វើឡើងមិនសំដៅចំៗដល់ការប្តឹងផ្តល់នេះក៏ដោយ ក៏សេចក្តីប្រកាសនេះលើកឡើងពីបញ្ហាជាច្រើនដែរ។
លោកបាកធឺ បានលើកឡើងក្នុងសេចក្តីប្រកាសថា “ ទីភ្នាក់ងារអូស្ត្រាលីសម្រាប់ការអភិវឌ្ឍន៍ន៍អន្តរជាតិ បានដឹងចាប់តាំងពីការចាប់ផ្តើមក្នុងឆ្នាំ២០០៩មកថា វានឹងជួបការលំបាកចំពោះរដ្ឋាភិបាលកម្ពុជាក្នុងការគ្រប់គ្រងគម្រោងមួយ ដែលមានផលប៉ះពាល់ដល់លំនៅដ្ឋានចំនួន៤.០០០ខ្នង នៅតាមបណ្តោយកំណាត់ផ្លូវដែកប្រវែងជាង៦០០គីឡូម៉ែត្រ”។លោកបន្តថា នោះគឺជាមូលហេតុ ដែលអង្គការនេះកំពុងធ្វើការជាមួយប្រជាជនក្នុងសហគមន៍ រដ្ឋាភិបាល ធនាគារអភិវឌ្ឃន៍អាសុីនិងធ្វើការជាមួយអង្គការក្រៅរដ្ឋាភិបាល ដើម្បីធ្វើអ្វីៗដែលអាចជួយប្រជាពលរដ្ឋ ដែលងាយរងគ្រោះបំផុតបាន។
លោកបានបន្តថា ដើម្បីដោះស្រាយផលប៉ះពាល់នោះទីភ្នាក់ងារអូស្ត្រាលីសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ បានជួលអ្នកជំនាញផ្នែកតាំងលំនៅថ្មីម្នាក់ មកពីវិទ្យាស្ថាន Brooking ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដើម្បីជួយគ្រួសារដែលបានតាំងលំនៅថ្មីឲ្យចេះចិញ្ជឹមសត្វនិងធ្វើសួនដែលបច្ចុប្បន្ននេះកំពុងចរចាជាមួយអ្នកចងការប្រាក់ដល់គ្រួសារតាំងលំនៅ
ថ្មី ដោយសារបំណុលកាន់តែកើនឡើងនោះដើម្បីសុំឲ្យជួយកាត់បន្ថយការប្រាក់មកវិញ។លោកបាកធឺ ថ្លែងថាទីភ្នាក់ងារអូស្ត្រាលីសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិបានសន្យាផ្តល់ប្រាក់១លានដុល្លារ បន្ថែមលើថវិកាដើមរបស់ខ្លួន ដើម្បីជួយប្រជាពលរដ្ឋនៅក្នុងឆ្នាំ២០១១ហើយសន្យាផ្តល់ប្រាក់១លានដុល្លារថែមទៀតនៅឆ្នាំនេះ ហើយកាលពីខែមុនបានជួបជាមួយប្រជាពលរដ្ឋចំនួន៣០គ្រួសារ ដើម្បីធានាថានឹងកែប្រែកំហុសក្នុងការផ្តល់សំណងដល់ពួកគេ។
លោកបានថ្លែងថា “ ទីភ្នាក់ងារអូស្ត្រាលីសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ ដឹងថា គម្រោងដែលមានពាក់ព័ន្ធនឹងការសង់លំនៅថ្មីឲ្យគ្រួសារប្រជាជន គឺមានបញ្ហារសើប និងលំបាកណាស់។ការងារក្នុងប្រទេសកំពុងអភិវឌ្ឍន៍ដើម្បីសង្គ្រោះជីវិត និងបង្កើតឱកាសសេដ្ឋកិច្ចឲ្យសម្រាប់ប្រជាពលរដ្ឋក្រីក្រ កំពុងតែប្រឈមយ៉ាងខ្លាំង និងមិនមានគម្រោងណាសម្រេចបានដូចផែនការនោះទេ។ ដើម្បីឲ្យមានតុល្យភាព យើងជឿថាការពាក់ព័ន្ធតទៅទៀតរបស់ ប្រទេសអូស្ត្រាលី នឹងធ្វើឲ្យគម្រោងនេះបានល្អប្រសើរឡើង និងប្រកបដោយលទ្ធផលល្អផ្លែផ្កាសម្រាប់ប្រជាជនកម្ពុជា”។
ដោយចាប់ផ្តើមការដឹកទំនិញពាណិជ្ជកម្មឡើងវិញក្នុងប្រទេសកម្ពុជា គម្រោងនេះមានបំណងធ្វើឲ្យប្រទេសនេះអាចឈានទៅជាប្រទេសប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច ជាមួយបណ្តាប្រទេសនៅក្នុងតំបន់ និងធ្វើឲ្យតម្លៃទំនិញប្រើប្រាស់ក្នុងស្រុកចុះថោក។
នៅក្នុងពាក្យបណ្តឹងកាលពីថ្ងៃទី៤ ខែតុលា ដែលដាក់ជូនជួសមុខឲ្យគ្រួសារទាំងនោះអង្គការក្រៅរដ្ឋាភិបាលពីរ គឺអង្គការ សមធម៌កម្ពុជា (Equitable Cambodia) និងអង្គការអភិវឌ្ឍន៍ន៍អន្តរជាតិ (Inclusive Development International) បានចោទប្រកាន់ទីភ្នាក់ងារអូស្ត្រាលី សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិថាមិនបានយកចិត្តទុកដាក់ចំពោះការព្រមានម្តងហើយម្តងទៀតអំពីហានិភ័យរបស់គម្រោង និងអនុវត្តបានតិចតួចក្នុងការជួយប្រជាពលរដ្ឋ ឲ្យរួចផុតពីភាពក្រីក្រខ្លាំងទៅៗ។
អង្គការក្រៅរដ្ឋាភិបាលនេះក៏បានរិះគន់ផងដែរចំពោះការស្លាប់កុមារចំនួនបីនាក់ដោយសារស្ថានភាពលំបាកនៅទីកន្លែងតាំងលំនៅថ្មី រួមទាំងកុមារពីរនាក់ទៀតដែលលង់ទឹកស្លាប់ ខណៈដែលកំពុងដងទឹកនៅក្នុងត្រពាំងមួយ ដោយសារគ្មានអណ្តូងទឹកនៅក្នុងតំបន់តាំងទីលំនៅថ្មី ហើយកុមារម្នាក់ទៀត ត្រូវរថយន្តបុកស្លាប់ ខណៈដែលកំពុងដើរពីសាលារៀនទៅផ្ទះ ពីព្រោះទីនោះគ្មានសាលារៀនដូចដែលបានសន្យា។
ក្នុងចំណោមការសន្យារបស់ខ្លួនប្រាប់ទីភ្នាក់ងារអូស្ត្រាលី សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ គ្រួសារទាំងនោះកំពុងស្នើសុំជំនួយជួយសងបំណុល និងជាប្រាក់សំណងសម្រាប់ការបាត់បង់ប្រាក់ចំណូល និងការអភិវឌ្ឍនៅក្នុងតំបន់សង់លំនៅថ្មីបន្ថែមទៀត។
កាលពីម្សិលមិញលោកដេវីដ ប្រេដ (David Pred) ជំនួយការគ្រប់គ្រងរបស់អង្គការអភិវឌ្ឍន៍អន្តរជាតិបានហៅការលើកឡើងរបស់លោកបាកធឺថា “ មិនពិតនោះទេ” ដោយធ្វើជាករណីលើកលែងមួយ ចំពោះការអះអាងរបស់ខ្លួនថាតំបន់តាំងលំនៅថ្មីកំពុងតែទទួលបាននូវតម្រូវការជាមូលដ្ឋានរបស់គ្រួសារប្រជាពលរដ្ឋ និងជាការធ្វើឲ្យស្ថានភាពរស់នៅរបស់ពួកគេប្រសើរឡើង។
លោកបានមានប្រសាសន៍ដោយសំដៅដល់ពាក្យបណ្តឹងទៅគណៈកម្មការសិទ្ធិមនុស្សអូស្ត្រាលីថា “ វាជាវប្បធម៌បដិសេធរបស់ទីភ្នាក់ងារអូស្ត្រាលី សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ ដែលបានបង្ខិតបង្ខំប្រជាពលរដ្ឋ ទទួលរងប៉ះពាល់ក្នុងការស្វែងរកការស៊ើបអង្កេតឯករាជ្យមួយអំពីហេតុការណ៍នេះ”។
លោកប្រេដបានមានប្រសាសន៍ថាលោកមិនទាន់បានទទួលដំណឹងអំពីពាក្យបណ្តឹងពីគណៈកម្មការនេះនៅឡើយទេ ប៉ុន្តែរំពឹងថានឹងមកដល់ឆាប់ៗនេះ។ កាលពីក្នុងខែមេសា ប្រជាពលរដ្ឋដែលគ្មានទីជម្រកចំនួន១៦៦គ្រួសារ បានដាក់ពាក្យបណ្តឹងស្រដៀងគ្នានេះដែរទៅធនាគារអភិវឌ្ឍន៍អាស៊ី៕
ប្រែសម្រួលដោយ ចេវប៊ុននី