ក្រុមអ្នកតវ៉ាប្រឆាំងនឹងការបណ្តេញចេញនៅកណ្តាលរាជធានីភ្នំពេញកាលពីម្សិលមិញបានលើកស្លាកសញ្ញាធំពីរ ដែលសរសេរថា“ SOS” (មានន័យថាសុំឲ្យលោកជួយ) ដោយជំរុញឲ្យប្រធានាធិបតីសហរដ្ឋអាមេរិកលោក បារ៉ាក់អូបាម៉ា(Barack Obama)និង រដ្ឋមន្ត្រីការបរទេសលោកស្រីហ៊ីលឡារី គ្លីនតុន(Hillary Clinton)ជួយធ្វើអន្តរាគមន៍ក្នុងការទាមទារដីធ្លីរបស់ពួកគាត់ជាយូរមកហើយជាមួយរដ្ឋាភិបាល។
ក្រុមអ្នកតវ៉ាប្រហែល១០០នាក់ ដែលធ្លាប់បានបណ្តេញចេញឬប្រឈមនឹងការបណ្តេញ ចេញពីសហគមន៍នានាក្នុងរាជធានីភ្នំពេញបានលើកសញ្ញាទាំងពីរនេះនៅតំបន់បឹងកក់ ដែលនៅទីនោះមានប្រជាពលរដ្ឋ៤.០០០នាក់ត្រូវបានបណ្តេញចេញក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះដោយក្រុមហ៊ុនមួយដែលគ្រប់គ្រងដោយលោក ឡៅ ម៉េងឃិន សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា។
ទាំងលោក អូបាម៉ានិង លោកស្រី គ្លីតុន នឹងមកដល់ប្រទេសកម្ពុជានៅថ្ងៃនេះដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងអាស៊ីបូព៌ា។អ្នកស្រីទេពវ៉ាន់នីបានមានប្រសាសន៍ថា “ យើងសូមអំពាវនាវទៅលោក អូបាម៉ា ឲ្យជួយពួកយើងទទួលបានសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យពិតប្រាកដក្នុងប្រទេសកម្ពុជាពីព្រោះយើងទាំងអស់គ្នាបច្ចុប្បន្ននេះកំពុងរស់នៅក្រោមការគាបសង្កត់យ៉ាងខ្លាំង”។
អ្នកស្រី ទេព វ៉ាន់នី ជាស្ត្រីម្នាក់ក្នុងចំណោមស្រ្តីអ្នកភូមិនៅសហគមន៍បឹងកក់១៣នាក់ដែលត្រូវបានចាប់ខ្លួនអំឡុងការតវ៉ា ដោយអហិង្សាមួយប្រឆាំងនឹងការបណ្តេញចេញកាលពីខែឧសភា។ស្ត្រីទាំងនោះត្រូវបានដោះលែងវិញមួយខែក្រោយមក។ អ្នកស្រីមានប្រសាសន៍បន្តថា “ យើងត្រូវការគាត់ [លោក អូបាម៉ា] ដើម្បីស្វែងរកយុត្តិធម៌ឲ្យពួកយើងទាំងអស់គ្នាដែលត្រូវបានគេបណ្តេញចេញ”។
អង្គការសិទ្ធិមនុស្សក្នុងស្រុក និងអន្តរជាតិ នាពេលថ្មីៗនេះបានចូលរួមជាមួយសមាជិកសភាសហភាពអឺរ៉ុបអូស្ត្រាលី និងអាមេរិក អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាលើកកម្ពស់សិទ្ធិមនុស្សដែលកាន់តែអាក្រក់ទៅៗនោះ។
កាលពីសប្តាហ៍មុនអាជ្ញាធរបានបង្កើនការគាបសង្កត់លើការប្រឆាំងជាសាធារណៈនៅមុនពេលកិច្ចប្រជុំកំពូលអាស៊ាន ដោយមានការដាក់សម្ពាធលើម្ចាស់កន្លែងឯកជនឲ្យលុបចោលឬ បញ្ឈប់សិក្ខាសាលារបស់អង្គការសង្គមស៊ីវិល។
កាលពីថ្ងៃព្រហស្បតិ៍ នគរបាលបានឃុំខ្លួនប្រជាពលរដ្ឋប្រាំបីនាក់ជាបណ្តោះអាសន្នដោយសារបានបាញ់ថ្នាំជាអក្សរ SOS និង បិទរូបថតលោក អូបាម៉ា នៅលើដំបូលផ្ទះរបស់ពួកគាត់នៅជិតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
អាជ្ញាធររាជធានីភ្នំពេញបាននិយាយថាពួកគេត្រូវតែរុះរើផ្ទះទាំងនោះ ដើម្បីធានាសន្តិសុខសម្រាប់មេដឹកនាំពិភពលោក មកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន។ អ្នកស្រីជ្រៃនីម ប្រជាពលរដ្ឋម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ ដែលត្រូវបានឃុំខ្លួនកាលពីថ្ងៃព្រហស្បតិ៍នោះ ក៏បានចូលរួមធ្វើ ការតវ៉ានៅបឹងកក់ដែរកាលពីម្សិលមិញ។
អ្នកស្រីបាននិយាយថា “ ខ្ញុំសូមអំពាវនាវឲ្យលោកអូបាម៉ា ជួយធ្វើអន្តរាគមន៍ក្នុងគ្រាមានអាសន្នរបស់យើង ពីព្រោះអាជ្ញាធរនឹងបណ្តេញយើងចេញបន្ទាប់ពីកិច្ចប្រជុំកំពូលនេះ។ខ្ញុំក៏ចង់ស្នើឲ្យរដ្ឋាភិបាល និងអង្គការសិទ្ធិមនុស្សនានាធ្វើការស៊ើបអង្កេតដី ដែលយើងបានរស់នៅដោយស្របច្បាប់នេះដែរ ព្រោះអាជ្ញាធរបានចុះហត្ថលេខាលើឯកសារហើយបានទទួលស្គាល់នូវ[កម្មសិទ្ធិស្របច្បាប់] របស់យើងហើយ”។
ក្នុងអំឡុងការធ្វើបាតុកម្ម ក្រុមអ្នកតវ៉ាបាន បង្ហោះប៉ោងប៉ោងចម្រុះពណ៌ និងហៅលោកអូបាម៉ា និងលោកស្រី គ្លីនតុន ថាជា “ បិតានិងមាតា” នៃលទិ្ធប្រជាធិបតេយ្យ។
ក្រុមអ្នកតវ៉ាត្រូវបានរារាំងមិនឲ្យដង្ហែក្បួនទៅកាន់ “សួនសេរីភាព” នៅជិតនោះដែលរដ្ឋាភិបាលបានបង្កើតឡើងសម្រាប់ធ្វើបាតុកម្មបែបនេះទេ។ ក្រុមអ្នកតវ៉ាបាននិយាយថា ពួកគេនឹង ធ្វើការតវ៉ាម្តងទៀតនៅថ្ងៃនេះពេលលោកអូបាម៉ា មកដល់ប្រទេសកម្ពុជា៕
ប្រែសម្រួលដោយឃិនណៃ