យោងតាមតួលេខ ដែលត្រូវបានចេញផ្សាយដោយក្រសួងពាណិជ្ជកម្មបានបង្ហាញថា កាលពីឆ្នាំ២០១២ ក្រុមហ៊ុនថ្មីៗជិត៣.៤០០ក្រុមហ៊ុន ដែលបានទៅចុះបញ្ជីនៅឯក្រសួងពាណិជ្ជកម្ម ពោលគឺមានការកើនឡើងចំនួន៩ភាគរយ បើប្រៀបធៀបទៅនឹងការចុះបញ្ជីកាលពីឆ្នាំ២០១១។
តួលេខ ដែលត្រូវបានចេញផ្សាយដោយក្រសួងពាណិជ្ជកម្មកាលពីសប្តាហ៍មុននេះបានបង្ហាញថា កាលពីឆ្នាំ២០១២ នាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្មចុះបញ្ជីក្រុមហ៊ុនថ្មីបានចំនួន៣.៣៨៥ក្រុមហ៊ុន បើប្រៀបធៀបនឹងចំនួន៣.១០៤ក្រុមហ៊ុនកាលពីឆ្នាំ២០១១។
លោក ហ៊ឹម ហ៊ាន ប្រធាននាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្មមានប្រសាសន៍ថា ប្រហែលជា៦០ភាគរយនៃក្រុមហ៊ុនដែលត្រូវបានចុះបញ្ជីគឺជាក្រុមហ៊ុនក្នុងស្រុក ហើយចំនួន៤០ភាគរយគឺជាក្រុមហ៊ុន ដែលត្រូវបានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជាដោយវិនិយោគិនបរទេស។
លោក ហ៊ឹម ហ៊ាន បានឲ្យដឹងបន្ថែមទៀតថា លោកមិនអាចពន្យល់បានថា មានក្រុមហ៊ុនប្រភេទណាខ្លះនោះទេ ដែលបានទៅចុះបញ្ជីនៅអំឡុងឆ្នាំ២០១២នោះ ក៏ប៉ុន្តែ មន្ត្រីមួយរូបបម្រើការនៅក្នុងនាយកដ្ឋាននេះ ដែលគេមិនអនុញ្ញាតឲ្យនិយាយជាមួយអ្នកសារព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុនថ្មីៗជាច្រើនគឺជាក្រុមហ៊ុនប្រកបអាជីវកម្មខាងការនាំចេញនាំចូល។ មន្ត្រីរូបនេះបានឲ្យដឹងថា “យើងឃើញមានក្រុមហ៊ុន ដែលនាំចូល និងនាំចេញទំនិញ”។
មន្ត្រីដដែលនេះបានឲ្យដឹងបន្តទៀតថា ការកើនឡើងចំនួនក្រុមហ៊ុនចុះបញ្ជី ដែលបានកើនឡើងកាលពីរយៈពេលពីរឆ្នាំមុនផងដែរនោះទំនងជាឆ្លុះបញ្ចាំងឲ្យឃើញពីការបន្តមានស្ថិរភាពនយោបាយ និងការបន្តមានកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។
ក្រុមហ៊ុននាំចេញនាំចូលថ្មីៗ ដែលមន្ត្រីរូបនេះបានលើកឡើង ប្រហែលជាបានធ្វើឲ្យកំណើនយ៉ាងច្រើននៅក្នុងវិស័យពាណិជ្ជកម្មកាលពីឆ្នាំមុន។ បើយោងតាមនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា កាលពីឆ្នាំ២០១២ ទំនិញនាំចូលប្រទេសកម្ពុជាមានទំហំទឹកប្រាក់៨,១ពាន់លានដុល្លារ បើប្រៀបធៀបនឹងចំនួន៦,៦ពាន់លានកាលពីឆ្នាំ២០១១។ តួលេខនេះបានបង្ហាញថា ការនាំចេញទំនិញគ្រប់មុខបានកើនឡើងពីចំនួន៤,៩ពាន់លានដុល្លារកាលពីឆ្នាំ២០១១ដល់ចំនួន៥,៥ពាន់លានដុល្លារនៅក្នុងឆ្នាំ២០១២។
លោក អុិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានមានប្រសាសន៍ថា ធនគារអេស៊ីលីដា បានផ្តល់ឥណទានទៅឲ្យក្រុមហ៊ុនថ្មីៗយ៉ាងច្រើនកាលពីឆ្នាំ២០១២ ហើយភាគច្រើននៃក្រុមហ៊ុនទាំងនោះគឺជាសហគ្រាសខ្នាតតូច និងខ្នាតមធ្យម។ លោកបានមានប្រសាសន៍ថា “ការផ្តល់ឥណទានរបស់យើងបានកើនឡើងប្រហែល២៥ភាគរយនៅក្នុងឆ្នាំ២០១២” ដោយពន្យល់ថា ភាគច្រើននៃការផ្តល់ឥណទានទាំងនេះគឺជាឥណទានខ្នាតតូច។
លោក អុិន ចាន់នី បានមានប្រសាសន៍ឲ្យដឹងបន្ថែមទៀតថា “វាគឺជាសហគ្រាសខ្នាតតូច និងសហគ្រាសខ្នាតមធ្យមនៅគ្រប់វិស័យទាំងអស់ ដែលរួមមានវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម និងសេវាកម្មជាដើម”៕
ប្រែសម្រួលដោយ ហួង កុកទៀន