នាយប៉ុស្តិ៍ឃុំផ្ទះព្រៃ ខេត្តពោធិ៍សាត់ បានឲ្យដឹងថា រោងម៉ាស៊ីនកិនស្រូវមួយកន្លែងនៅក្នុងខេត្តនេះ កាលពីថ្ងៃសុក្រសប្តាហ៍មុន បានបំផ្លិចបំផ្លាញអង្ករ១.០០០តោន ហើយធ្វើឲ្យមានការខាតបង់ប្រាក់អស់រាប់សែនដុល្លារ។ លោក បុិច សុផាន នាយប៉ុស្តិ៍ឃុំខាងលើមានប្រសាសន៍ថា ផ្កាភ្លើងដែលបង្កឡើង ដោយការងារផ្សារដែក បានបណ្តាលឲ្យរោងម៉ាស៊ីនកិនស្រូវនៅក្នុងឃុំនេះទទួលរងនូវការខូចខាតដោយសារភ្លើងឆេះ។
លោកបានឲ្យដឹងបន្ថែមថា រថយន្តពន្លត់អគ្គិភ័យប្រាំគ្រឿង បានទៅដល់កន្លែងកើតហេតុ ដើម្បីដោះស្រាយពន្លត់ភ្លើងដែលកំពុង
ឆាបឆេះនេះ ក៏ប៉ុន្តែ មិនអាចទប់ស្កាត់សន្ទុះ ឆាបឆេះបំផ្លិចបំផ្លាញរោងម៉ាស៊ីនកិនស្រូវនេះបានទេ។ លោក បុិច សុផាន និយាយថា
“ យោងតាមម្ចាស់រោងម៉ាស៊ីនកិនស្រូវ អង្ករ១.០០០តោន ស្តុកទុកនៅខាងក្នុងត្រូវបានបំផ្លិចបំផ្លាញអស់គ្មានសល់ ហើយទ្រព្យសម្បត្តិ
គិតជាទឹកប្រាក់សរុបប្រហែល ២៣០.០០០ដុល្លារ ក៏ត្រូវខាតបង់ផងដែរ”។
លោកបានឲ្យដឹងបន្ថែមទៀតថា ករណីអគ្គិភ័យនេះកើតឡើង នៅវេលាម៉ោងប្រហែល២និង៤០នាទីរសៀល នៅពេលកម្មករកំពុងតែផ្សារដំបូលរោងម៉ាស៊ីនកិនស្រូវ ហើយផ្កាភ្លើងព្រាកៗបានបង្កឲ្យខ្សែចរន្តអគ្គិសនីទុស្សេ ហើយបន្ទាប់មក ភ្លើងក៏ចាប់ផ្តើមឆាបឆេះតែម្តង។ លោកបានលើកឡើងថា “ នគរបាលបានសន្និដ្ឋានថាវាជាបញ្ហាចរន្តអគ្គិសនី ហើយកម្មករមានការធ្វេសប្រហែស”។
លោក សុផាន ឲ្យដឹងថា លោក ចាង កុនម៉េង គឺជាម្ចាស់រោងម៉ាស៊ីនកិនស្រូវសម្រាប់នាំអង្ករចេញទៅទីផ្សារក្រៅប្រទេសនេះ។ ក្នុងការជំរុញផលិតកម្មអង្ករក្នុងស្រុកក្នុង
ប្រទេសកម្ពុជា វិស័យនាំចេញកំពុងត្រូវបានលើកកម្ពស់តាមរយៈគម្រោងវិនិយោគកាន់តែច្រើនក្នុងគម្រោងរោងម៉ាស៊ីនកិនស្រូវ៕
ប្រែសម្រួលដោយ កង សុធា