យោងតាមសេចក្តីរាយការណ៍ព័ត៌មានមួយបានឲ្យដឹងថា ស្ត្រីជនជាតិនូវែលសេឡង់ម្នាក់នៅក្នុងប្រទេសអូស្ត្រាលីបានបង្ហាញខ្លួននៅតុលាការ កាលពីថ្ងៃពុធ ហើយពេលនេះកំពុងរង់ចាំការកាត់ទោស ពីបទប៉ុនប៉ងជួញដូរគ្រឿងញៀនមេតំហ្វេតាមីនទម្ងន់៨,៥គីឡូក្រាមពីប្រទេសកម្ពុជាចូលក្នុងប្រទេសអូស្ត្រាលី។
នគរបាលសហព័ន្ធអូស្ត្រាលី និងគយព្រមទាំងអង្គភាពការពារព្រំដែនអូស្ត្រាលីបានឲ្យដឹងកាលពីថ្ងៃច័ន្ទថា ស្ត្រីជនជាតិនូ វែលសេឡង់ អាយុ៤១ឆ្នាំម្នាក់ ត្រូវបានចាប់ខ្លួន បន្ទាប់ពីធ្វើដំណើរតាមជើងយន្តហោះកាលពីសប្តាហ៍មុនឆ្ពោះទៅទីក្រុង ដវីន (Darwin) ពីប្រទេសកម្ពុជា ដោយឆ្លងកាត់តាមប្រទេសសង្ហបុរី ហើយវ៉ាលិសចំនួនពីររបស់ស្ត្រីរូបនេះត្រូវបានបញ្ជូនទៅតាមក្រោយគាត់តាមជើងយន្តហោះមួយនៅថ្ងៃបន្ទាប់។
វ៉ាលិសទាំងពីរនោះត្រូវបានគេឃើញសំប៉ែតទទេ ដែលមានថ្នាំញៀនមេតំហ្វេតាមីនសរុប៨,៥គីឡូក្រាមលាក់ទុកក្នុងទ្រនាប់។
សេចក្តីរាយការណ៍មួយនៅលើគេហទំព័រព័ត៌មាន អេប៊ីស៊ី (ABC) បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ប័រណាឌីន ព្រីន (Bernadine Prince) បានឡើងតុលាការក្រុង ដវីន កាលពីថ្ងៃពុធ។
សេចក្តីរាយការណ៍នេះបានឲ្យដឹងថា “ ស្ត្រីរូបនេះត្រូវបានឃុំខ្លួន។រឿងក្តីនេះត្រូវបានលើកពេលជំនុំជម្រះរហូតដល់ថ្ងៃទី៦ ខែមិថុនា”។ អ្នកស្រី ព្រីន ប្រឈមនឹងការចោទប្រកាន់ទាក់ទងនឹងគ្រឿងញៀនចំនួនបួនករណី ដោយអាចជាប់ពន្ធនាគាររយៈពេល១០ឆ្នាំ និងពិន័យជាប្រាក់ចំនួន៣៤០.០០០ដុល្លារ។
លោក អុិន សុង អនុប្រធានអង្គភាពកែច្នៃនៅនាយកដ្ឋានប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា នគរបាលកម្ពុជាមិនទាន់ទទួលបានព័ត៌មានអំពីករណីនេះនៅឡើយទេ។
លោក អុិន សុង បានមានប្រសាសន៍ថា “ កន្លងមក យើងបានសហការជាមួយទីភ្នាក់ងារព័ត៌មាន អាអែហ្វប៉េ នៅពេលពួកគេស្នើសុំជំនួយរបស់យើងជាសម្ងាត់។ ពួកគេមានភ័ស្តុតាងនៅក្នុងដៃពួកគេ ដូច្នេះប្រសិនបើពួកគេត្រូវការយើងជួយ ពួកគេអាចត្រូវការពេលវេលាដើម្បីដំណើរការតាមរយៈស្ថានទូតអូស្ត្រាលី”៕
ប្រែសម្រួលដោយ ចេវ ប៊ុននី