យោងតាមតួលេខចេញផ្សាយកាលពីថ្ងៃច័ន្ទ បានឲ្យដឹងថា ចំនួនកុងតឺណ័រដឹកទំនិញឆ្លងកាត់ច្រកកំពង់ផែស្វយ័តភ្នំពេញ បានកើនឡើង២៩ភាគរយក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំនេះ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
កំពង់ផែនេះទទួលបានកុងតឺណ័រស្តង់ដារចំនួន៥០.១៥៧ចន្លោះពីខែមករាដល់ខែមិថុនា ពោលគឺបានកើនឡើងពី៣៨.៨៨២កុងតឺណ័រ ក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំ២០១២។
លោក ហ៊ី បាវី អគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ បានមានប្រសាសន៍ថា សកម្មភាពផលិតកម្មផលិតផលវាយនភណ្ឌក្នុងស្រុកដែលបានកើនឡើង ព្រមទាំងបរិមាណតម្រូវការគ្រឿងសំណង់ និងឧបករណ៍ប្រើប្រាស់ក្នុងវិស័យកសិកម្ម គឺជាកត្តាជំរុញឲ្យទំហំពាណិជ្ជកម្មនេះកើនឡើង។
លោក បាវី បន្តថា សកម្មភាពពាណិជ្ជកម្មឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញទំនងជាកើនឡើងបន្តទៀត។ លោកបានមានប្រសាសន៍ថា “ បរិមាណទំនិញពាណិជ្ជកម្មនឹងចាប់ផ្ដើមកើនឡើងបន្ថែមទៀតនៅដើមខែកក្កដា”។ លោក ហ៊ី បាវី បានពន្យល់ថា សកម្មភាពផលិតកម្មផលិតផលវាយនភណ្ឌមានល្បឿនយឺតបន្ដិចរហូតមកទល់នឹងពេលនេះនៃឆ្នាំនេះ ដោយសារតែមានបុណ្យច្រើន។
កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក៏បានរាយការណ៍ពីកំណើននៃចរាចរណ៍កុងតឺណ័រក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំនេះផងដែរ។ លោក ប៉ែន ស៊ីថា នាយករងកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឲ្យដឹងថា ប្រាក់ចំណូលរបស់កំពង់ផែនេះ បានកើនឡើងប្រហែល១០ភាគរយក្នុងអំឡុងពេលនេះ៕
ប្រែសម្រួលដោយ កង សុធា