យោងតាមនគរបាលអន្តោប្រវេសន៍បានឲ្យដឹងថា ជនជាតិអាមេរិកវ័យ៣៨ឆ្នាំម្នាក់ ដែលត្រូវបាននគរបាលប្រឆាំងគ្រឿងញៀនចាប់ខ្លួននៅក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី៨ខែសីហា ដោយសង្ស័យថាជាអ្នកជួញដូរគ្រឿងញៀន និងបានចូលក្នុងប្រទេសកម្ពុជាដោយខុសច្បាប់ ត្រូវបានបញ្ជូនត្រឡប់ទៅសហរដ្ឋអាមេរិកវិញកាលពីយប់ម្សិល។
លោក អ៊ិន សុង អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងគ្រឿងញៀនរបស់ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា នគរបាលប្រឆាំងគ្រឿងញៀនបានចាប់ខ្លួនជនសង្ស័យ គ្រីស្តូហ្វ័រ ជែម ភិតធឺសេន (Christopher James Petersen) អាយុ៣៨ឆ្នាំនៅឯផ្ទះជួលមួយតាមបណ្តោយផ្លូវលេខ១០៨ ខណ្ឌដូនពេញ បន្ទាប់ពីបានស្វែងរករយៈពេលពីរខែ ដោយមានការចូលរួមសហការពីស្ថានទូតសហរដ្ឋអាមេរិក និងរដ្ឋបាលពង្រឹងគ្រឿងញៀនអាមេរិក។
លោក ឈួ គឹមនី ប្រធាននគរបាលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបានមានប្រសាសន៍ថា “លោក ភិតធឺសេន គ្រោងនឹងចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅម៉ោង១១និង២០នាទីតាមជើងហោះហើររបស់អាកាសចរណ៍កូរ៉េ KE690 ទៅទីក្រុងសេអ៊ូល ជាទីដែលជនសង្ស័យរូបនេះនឹងផ្ទេរយន្តហោះមួយទៀតទៅកាន់សហរដ្ឋអាមេរិក”។
ប្រព័ន្ធផ្សព្វផ្សាយសហរដ្ឋអាមេរិកបានរាយការណ៍បន្ទាប់ពីការចាប់ខ្លួនជនសង្ស័យ ភិតធឺសេន គឺជាអ្នកជួញដូរគ្រឿងញៀន ដែលគេតាមចាប់ខ្លួនពីបទជួញដូរថ្នាំញៀនមេតំហ្វេតាមីនទឹកកកយ៉ាងច្រើន តែការចុះផ្សាយមួយនៅលើគេហទំព័ររបស់រដ្ឋបាលពង្រឹងគ្រឿងញៀនសហរដ្ឋអាមេរិកលើកឡើងថា ជនសង្ស័យរូបនេះត្រូវបានការិយាល័យរបស់អគ្គមេធាវីរដ្ឋកូឡូរ៉ាដូចោទប្រកាន់កាលពីក្នុងខែធ្នូពីបទទទួល និងចែកចាយសារធាតុអុកស៊ីកូដូន (Oxycodone) ។
ប្រទេសកម្ពុជានិងសហរដ្ឋអាមេរិកគ្មានសន្ធិសញ្ញាធ្វើបត្យាប័នផ្លូវការទេ តែរដ្ឋាភិបាលកម្ពុជា ធ្លាប់បានបញ្ជូនពលរដ្ឋអាមេរិកទៅកាត់ទោសនៅសហរដ្ឋអាមរិកកាលពីពេលកន្លងមក។
លោក អ៊ិន សុង បានមានប្រសាសន៍ថា “លោក ភិតធឺសេន គ្មានធ្វើអ្វីមួយខុសច្បាប់នៅក្នុងប្រទេសកម្ពុជាទេ យើងគ្រាន់តែសហការជាមួយរដ្ឋបាលពង្រឹងគ្រឿងញៀន និងស្ថានទូតសហរដ្ឋអាមេរិកប៉ុណ្ណោះ ហើយយើងរំពឹងថា គាត់នឹងត្រឡប់ទៅអាមេរិកវិញឆាប់ៗនេះ”។
លោក គឹមនី បានមានប្រសាសន៍ថា ជនជាតិអាមេរិកទី២ម្នាក់ផ្សេងទៀត ឈ្មោះ ស្តិនលី ជែហ្វ្រេ ថូប (Jeffrey Tobb) អាយុ៥២ឆ្នាំ ក៏ត្រូវបានបញ្ជូនកាលពីម្សិលមិញផងដែរ កាត់តាមទីក្រុងតៃប៉ិ កោះតៃវ៉ាន់ តាមជើងហោះហើរ DR266 ប៉ុន្តែប្រធាននគរបាលអាកាសយានដ្ឋានបាននិយាយថា ខ្លួនមិនបានដឹងពីហេតុផលសម្រាប់ការធ្វើបត្យាប័នលោក ថូប ទេ។
លោក ស៊ាន ម៉ាក់ឃិនតុស អ្នកនាំពាក្យរបស់ស្ថានទូតសហរដ្ឋអាមេរិកបានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីករណីនេះទេ ហើយលោកបានថ្លែងថា លោកមិនអាចបញ្ជាក់អត្តសញ្ញាណបុរសនេះទេ៕
ប្រែសម្រួលដោយ ចេវ ប៊ុននី