កាលពីម្សិលមិញ ក្រុមប្រឹក្សាធម្មនុញ្ញ បានលើកឡើងថា ខ្លួននឹងបើកសវនាការជា សាធារណៈមួយនៅ សប្តាហ៍នេះរវាងគណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) និងគណបក្សសង្គ្រោះជាតិ បន្ទាប់ពីគណបក្សប្រឆាំងនេះបានប្តឹងតវ៉ាថា គ.ជ.ប. បានប្រើប្រាស់ឯកសារបោះឆ្នោតដែលបើកចំហ និងអាចមានការលួចបន្លំ ដើម្បីស៊ើបអង្កេតពីភាពមិនប្រក្រតីនៃការបោះឆ្នោត។
អំឡុងព្រឹត្តិការណ៍ជាសាធារណៈមួយកាលពីថ្ងៃអាទិត្យនៅទីស្នាក់ការ គ.ជ.ប. មានកញ្ចប់ចំនួន៥ក្នុងចំណោមកញ្ចប់ទាំង១៣ដែលមានផ្ទុកឯកសារបូកសរុបសន្លឹកឆ្នោតមកពីការិយាល័យបោះឆ្នោតនៅក្នុងខេត្តក្រចេះនោះត្រូវបានបិទដោយមិនត្រឹមត្រូវ ហើយកញ្ចប់មួយចំនួនចំហតែម្តង ដោយធ្វើឲ្យមានការស្នើសុំឲ្យក្រុមប្រឹក្សាធម្មនុញ្ញធ្វើការស៊ើបអង្កេតបន្ថែមទៀតពីការលួចបន្លំសន្លឹកឆ្នោត។
លោក ព្រហ្ម ញាណវិចិត្រ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញបានមានប្រសាសន៍ថា “យើងនឹងបើកសវនាការជាសាធារណៈមួយដើម្បីផ្តល់ឱកាសដល់ដើមចោទ និងដើម្បីឲ្យ គ.ជ.ប. និយាយការពារខ្លួនពាក់ព័ន្ធនឹងលទ្ធផលនៃការបើកកញ្ចប់សុវត្ថិភាព “ក” នេះ”។
លោកបានមានប្រសាសន៍ថា “នៅពេលមានការកំណត់កាលបរិច្ឆេទបើកសវនាការជាសាធារណៈយើងនឹងជម្រាបដល់សាធារណជន និងប្រព័ន្ធផ្សព្វផ្សាយយ៉ាងហោចណាស់ក៏២៤ម៉ោងមុនថ្ងៃបើកសវនាការដែរ ដូច្នេះសាធារណជនអាចមកចូលរួមបាន”។
លោក ញាណវិចិត្រ មិនបាននិយាយលម្អិតថា តើនឹងត្រូវចាត់វិធានការអ្វីនោះទេប្រសិនបើ គ.ជ.ប. មិនបានពន្យល់ឲ្យបានត្រឹមត្រូវអំពីមូលហេតុដែលកញ្ចប់ទាំងនេះមកដល់ដោយមិនបានបិទឲ្យបានត្រឹមត្រូវនោះ។
អង្គការសិទ្ធិមនុស្ស រួមមានអង្គការលីកាដូ ជាដើមបានលើកឡើងពីភាពមិនប្រក្រតីអំឡុងការបោះឆ្នោតកាលពីថ្ងៃទី២៨ខែកក្កដាកើតឡើងច្រើននៅក្នុងតំបន់មួយចំនួនក្នុងប្រទេសកម្ពុជាដែលចាំបាច់ត្រូវរាប់សន្លឹកឆ្នោតឡើងវិញ និងបោះឆ្នោតឡើងវិញទំាងស្រុងនៅក្នុងករណីមួយចំនួន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅយប់ថ្ងៃអាទិត្យ លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពអន្តរជាតិក្នុងប្រទេសកម្ពុជាមានប្រសាសន៍ថា ឯកសារដែលមិនបានបិទឲ្យបានត្រឹមត្រូវនេះបានរំលោភច្បាប់បោះឆ្នោត។ លោកបានមានប្រសាសន៍ថា “នេះគឺជាការរំលោភច្បាប់បោះឆ្នោតទាំងស្រុង ហើយធ្វើឲ្យមានកង្វល់ជុំវិញសុវត្ថិភាពឯកសារសម្ងាត់ទាំងនេះ។
ផ្អែកតាមបណ្តឹងរបស់គណបក្សនយោបាយ មានភាពខុសគ្នាពាក់ព័ន្ធនឹងសន្លឹកឆ្នោតមិនបានការអាចបង្កឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់លទ្ធផលបោះឆ្នោតនៅក្នុងមណ្ឌលក្រចេះ”។
លោកក៏បានមានប្រសាសន៍ផងដែរថា នឹងមានការបើកសវការពាក់ព័ន្ធបណ្តឹង ផ្សេងៗទៀតនៅពេលអនាគតដល់សាធារណជន និងផ្សព្វផ្សាយតាមបណ្តាញទូរទស្សន៍ផងដែរ។
លោក ញាណវិចិត្រ បានមានប្រសាសន៍ថា កាលពីម្សិលមិញ “សេចក្តីប្រកាសបន្ទាន់” មួយដែលបោះត្រាដោយលោក ឯក សំអុល ក៏បានបង្គ្រាប់ឲ្យបើកកញ្ចប់ជាច្រើនទៀតក្នុងការិយាល័យបោះឆ្នោតចំនួនប្រាំបីនៅក្រុងបាត់ដំបងផងដែរ ដើម្បីធ្វើការផ្ទៀតផ្ទាត់។
សេចក្តីប្រកាសនេះមានខ្លឹមសារថា ការបើកកញ្ចប់ទាំងនេះ គឺដើម្បី “ផ្ទៀងផ្ទាត់សន្លឹកឆ្នោតតាមទម្រង់១១០២ ១១០៨ និងឯកសារកត់ត្រាសន្លឹកឆ្នោតផ្សេងៗទៀត”។
លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប. បានមានប្រសាសន៍ថា ស្ថាប័ននេះត្រៀមខ្លួនចូលរួមនៅក្នុងសវនាការនាពេលខាងមុខនេះ ហើយបានបញ្ជាក់ឡើងវិញថា “បញ្ហាបច្ចេកទេស” គួរត្រូវបានបន្ទោសចំពោះកំហុសនៃការបិទនោះ។
កាលពីថ្ងៃអាទិត្យមន្ត្រី គ.ជ.ប. បានលើកឡើងថា មូលហេតុដែលកញ្ចប់ទាំងនេះចំហនោះគឺដោយសារបុគ្គលិក គ.ជ.ប. មួយចំនួនដែលបម្រើការក្នុងការបោះឆ្នោតនោះទទួលបានការបណ្តុះបណ្តាលតែមួយថ្ងៃប៉ុណ្ណោះ។
នៅពេលសួរថា តើត្រូវដាក់ទោសចំពោះមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលធ្វេសប្រហែសឬអត់នោះ លោកបានបន្ទោសស្ថាប័នខ្លួនឯងចំពោះការមិនបានបណ្តុះបណ្តាលបុគ្គលិកទាំងនេះឲ្យបានត្រឹមត្រូវ ហើយបានបដិសេធថា មិនមានការលួចបន្លំសន្លឹកឆ្នោតទេ។ នៅដែលពេលសួរថា តើកញ្ចប់សុវត្ថិភាពក្រោយៗត្រូវបានបិទត្រឹមត្រូវ ឬអត់នោះ លោកបានមានប្រសាសាន៍ថា “ខ្ញុំមិនអាចទាយទុកមុនបានទេ”៕
(រាយការណ៍បន្ថែមដោយ Lauren Crothers)
ប្រែសម្រួលដោយ សោម សារុន