ខណៈគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា បានចរចាគ្នាអស់រយៈពេលពីរថ្ងៃក្នុងបំណងបញ្ចប់ភាពជាប់គាំងជុំវិញជម្លោះនៅក្នុងការបោះឆ្នោតជាតិកាលពីខែកក្កដានោះ អ្នកគាំទ្រ បក្សប្រឆាំងនៅរាជធានីភ្នំពេញ កាលពីម្សិលមិញ បានបញ្ជាក់ថា ពួកគេមិនអាចទទួលយកអ្វីក្រៅពីឲ្យគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចយល់ព្រមធ្វើតាមការទាមទាររបស់គណបក្សសង្គ្រោះជាតិទាំងស្រុងឡើយ។
រដ្ឋសភាជាតិនឹងកោះប្រជុំដោយព្រះមហាក្សត្រ នរោត្ដម សីហមុនី នៅថ្ងៃច័ន្ទ ហើយមេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី និង លោក កឹម សុខា បានប្រាប់ប្រជាពលរដ្ឋនៅថ្ងៃបញ្ចប់នៃការធ្វើបាតុកម្មរយៈពេលបីថ្ងៃ នៅទីលានប្រជាធិបតេយ្យកាលពីថ្ងៃអង្គារថា ខ្លួននឹងធ្វើបាតុកម្មបន្តទៀត ប្រសិនបើមិនបានទទួលការសន្យាចូលរួមក្នុងកិច្ចចរចាបន្តទៀតទេនោះ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យ គណបក្សសង្គ្រោះជាតិ ក៏បានមានប្រសាសន៍កាលពីថ្ងៃអង្គារផងដែរថា គណបក្សសង្គ្រោះជាតិមានពេល “ប្រាំថ្ងៃដើម្បីធ្វើការសម្រេច” ថា តើត្រូវធ្វើតាមការគំរាមធ្វើពហិការមិនចូលរួមបើកសម័យប្រជុំសភាលើកដំបូងឬសម្រេចកិច្ចព្រមព្រៀងជាមួយបក្សប្រជាជនកម្ពុជា ហើយចូលរួមប្រជុំ។
ប៉ុន្តែ នៅខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីម្សិលមិញ លោក សួន សំណាង អាយុ៤៦ឆ្នាំ ជាអ្នកបើករថយន្តឈ្នួល បាននិយាយថា មិនមានអ្វីចំណេញពីការសម្រុះសម្រួលជាមួយគណបក្សប្រជាជនទេ ហើយថា ការធ្វើមហាបាតុកម្មគួរតែបន្តធ្វើ “រហូតទាល់តែពួកគេយល់ព្រម ចាំដល់ពេលនោះចាំឈប់ធ្វើបាតុកម្ម”។
លោក សំណាង បានបន្តថា “ ប្រសិនបើពួកគេមិនធ្វើតាមឆន្ទៈរបស់ប្រជាពលរដ្ឋទេ នោះយើងនឹងមិនសុខចិត្តឡើយ ហើយ ប្រជាពលរដ្ឋនឹងទៅជួបលោក សម រង្ស៊ី ដើម្បីស្វែងរកចម្លើយ” ដោយបន្ថែមថា កិច្ចព្រមព្រៀងណាមួយដែលឲ្យមេដឹកនាំគណបក្សសង្គ្រោះជាតិទទួលបានមុខតំណែងធំដុំផ្ទុយពីកិច្ចសន្យារបស់គណបក្សប្រឆាំងជាមួយម្ចាស់ឆ្នោត នឹងធ្វើឲ្យគណបក្សនេះរលាយ។
លោក សំណាង បន្តថា “ប្រសិនបើគាត់ទទួលយកមុខតំណែង ឧទាហរណ៍ ជាប្រធានរដ្ឋសភា ជំនួសឲ្យការលះបង់ដើម្បីប្រជាពលរដ្ឋ នោះ ប្រជាពលរដ្ឋនឹងអស់ជំនឿលើរបៀបវារៈនយោបាយរបស់គាត់ជាមិនខាន។ យើងនឹងហៅគាត់ថា មនុស្សស៊ីបាយ បោកឆ្នាំង”។
គណបក្សសង្គ្រោះជាតិបានអំពាវនាវម្ដងហើយម្ដងទៀតឲ្យមានការស៊ើបអង្កេតដោយឯករាជ្យលើភាពមិនប្រក្រតីក្នុងការបោះឆ្នោត ហើយកាលពីថ្ងៃអាទិត្យ បានបន្ថែមការទាមទារថ្មីទៀត ក្នុងនោះរួមមានទាំងការធ្វើកំណែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បញ្ជីឈ្មោះបោះឆ្នោតថ្មី និងការបង្កើតស្ថានីយទូរទស្សន៍មួយផងដែរ។
លោក សៀង សុឃីម អាយុ៤៣ឆ្នាំ ជាអ្នករត់រ៉ឺម៉កម៉ូតូបានយល់ស្របថា ការសម្រុះសម្រួលណាមួយជាមួយគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺគ្មានតម្លៃទេ ហើយបាននិយាយថា ការធ្វើមហាបាតុកម្ម គួរតែបន្តធ្វើដោយគ្មានពេលកំណត់ រហូតទាល់តែគណបក្សប្រជាជនកម្ពុជា ព្រមឲ្យមានការស៊ើបអង្កេតដោយឯករាជ្យអំពីលទ្ធផលនៃការបោះឆ្នោត។
លោកនិយាយសំដៅលើគោលនយោបាយចំនួនប្រាំពីរចំណុចរបស់គណបក្សសង្គ្រោះជាតិអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត ដែលរួមមានទាំងប្រាក់ខែគោល១៥០ដុល្លារក្នុង១ខែ ប្រាក់សោធនិវន្តប្រចាំខែសម្រាប់ប្រជាពលរដ្ឋមានអាយុចាប់ពី៦៥ឆ្នាំឡើងទៅ និងឱកាសទទួលបានការអប់រំប្រសើរជាងមុនថា “ប្រសិនបើមិនមានដំណោះស្រាយចំពោះលទ្ធផលឆ្នោតទេនោះ យើងគួរតែបន្តធ្វើមហាបាតុកម្មដោយគ្មានពេលកំណត់។ ខ្ញុំគ្មានការភ័យខ្លាច ក្នុងការធ្វើបាតុកម្មទេ ទោះបីជាមានអំពើហិង្សាកើតឡើងក៏ដោយ គឺរហូតទាល់តែយើងទទួលបានប្រាំពីរចំណុចនេះ”។
លោក ប៊ុន ណា អាយុ ៥៣ឆ្នាំ ជា អ្នកលក់គ្រឿងបន្លាស់រថយន្ត បានទាមទារលើសពីអ្វីដែលគណបក្សសង្គ្រោះជាតិបានទាមទារពីគណបក្សប្រជាជនកម្ពុជាទៅទៀត ហើយបាននិយាយថា កិច្ចព្រមព្រៀងណាមួយក្រៅពីការផ្លាស់ប្តូរនាយករដ្ឋមន្ត្រី គឺអ្នកគាំទ្របក្សប្រឆាំងមិនទទួលយកឡើយ។
លោកបានបន្តថា “វាជារឿងសំខាន់ដែលយើងត្រូវធ្វើបាតុកម្មរហូតទាល់តែលោក ហ៊ុន សែន ចុះចេញពីតំណែង។ នៅពេលនោះយើងនឹងបានធូរស្បើយ។ យើងនឹងបន្តធ្វើការតវ៉ារហូតទាល់តែយើងទទួលបាននូវអ្វីដែលយើងចង់បាន”។
លោក អែម ផល្លា អាយុ៣៧ឆ្នាំ និយាយថា ខ្លួនកំពុងតែមានការព្រួយបារម្ភខ្លាចគណបក្សសង្គ្រោះជាតិយល់ព្រមទទួលយកមុខតំណែងធំដុំ ជំនួសឲ្យការសន្យាធ្វើកំណែទម្រង់លើការបោះឆ្នោត និងការស៊ើបអង្កេតដោយឯករាជ្យលើការបោះឆ្នោត។ លោកបន្តថា “ខ្ញុំព្រួយបារម្ភខ្លាំងណាស់ខ្លាចពួកគេឈានដល់ការចែកអំណាចគ្នា ហើយបញ្ឈប់ការស្វែងរកនូវអ្វីដែលប្រជាពលរដ្ឋចង់បាន”។
ក្រុមអ្នកវិភាគបានលើកឡើងក្នុងពេលកន្លងមកថា គណបក្សកាន់អំណាចមិនទំនងថា នឹងយល់ព្រមឲ្យមានការបង្កើតគណៈកម្មការឯករាជ្យដើម្បីស៊ើបអង្កេតពីការបោះឆ្នោត ដែលអាចធ្វើឲ្យខូចភាពស្របច្បាប់របស់ការបោះឆ្នោតនេះទេ ហើយថា គណបក្សសង្គ្រោះជាតិជៀសមិនរួចពីការចរចាឲ្យមានការសម្រុះសម្រួលគ្នាដាច់ដោយឡែកមួយជាមួយគណបក្សប្រជាជនកម្ពុជាពាក់ព័ន្ធនឹងការធ្វើកំណែទម្រង់ឡើយ។
លោក ខាល ថេយ័រ (Carl Thayer) អ្នកជំនាញផ្នែកតំបន់អាស៊ីអាគ្នេយ៍នៅសាលាបណ្ឌិតសភាកងកម្លាំងការពារជាតិអូស្ត្រាលី ក្នុងទីក្រុងកង់បេរ៉ា បានលើកឡើងថា ត្រង់ថា តើលោក សម រង្ស៊ី នឹងធ្វើតាមការសន្យាអំឡុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតឬអត់នោះ គឺនៅមិនទាន់ច្បាស់ទេ។ លោក ខាល ថេយ័រ បានមានប្រសាសន៍ថា “ខ្ញុំមិនដឹងថា តើគាត់អាចធ្វើតាមការសន្យាឬអត់ទេ។ ប្រហែលជាសមាជិកដ៏ទៃទៀតៗនៃគណបក្សនេះ អាចជំរុញឲ្យគាត់ធ្វើដូច្នេះបាន”៕
ប្រែសម្រួលដោយ ឃិន ណៃ