ព្រះមហាក្សត្រ នរោត្តម សីហមុនី បានឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យមួយដើម្បី បញ្ចប់មុខតំណែងរបស់ទីប្រឹក្សាថ្នាក់ក្រសួងទាំងអស់នៅក្នុងរដ្ឋាភិបាល លើកលែងតែទីប្រឹក្សារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីអាចឲ្យមន្ត្រីដែលត្រូវបានតែងតាំងថ្មីៗ ធ្វើជាទីប្រឹក្សាថ្មី។
ព្រះរាជក្រឹត្យដែលត្រូវបានឡាយព្រះហស្តលេខា កាលពីថ្ងៃទី១ ខែតុលា និងទទួលបានកាលពីម្សិលមិញ មានខ្លឹមសារដកទីប្រឹក្សារបស់ឧបនាយករដ្ឋមន្ត្រី និងទេសរដ្ឋមន្ត្រីដែលត្រូវបានតែងតាំងមុនពេលស្បថចូលក្នុងរដ្ឋាភិបាលសម្រាប់អាណត្តិទី៥កាលពីខែមុន ចេញពីតំណែង។ ព្រះរាជក្រឹត្យនេះមានខ្លឹមសារថា “ ដកតំណែងទីប្រឹក្សារដ្ឋាភិបាល ដូចជាទីប្រឹក្សា-ជំនួយការទាំងអស់របស់ឧបនាយករដ្ឋមន្ត្រី ទីប្រឹក្សា-ជំនួយការទាំងអស់របស់ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី ទីប្រឹក្សា-ជំនួយការទាំងអស់របស់ស្ថាប័នក្រសួង និងទីប្រឹក្សា-ជំនួយការស្ថាប័នក្រសួងទាំងអស់ ដែលត្រូវបានតែងតាំងដោយព្រះរាជក្រឹត្យ មុនថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០១៣”។
លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ មានប្រសាសន៍កាលពីម្សិលមិញថា ការបញ្ចប់តំណែងទីប្រឹក្សា និងជំនួយការទាំងអស់នៅដើមអាណត្តិបោះឆ្នោតថ្មីមួយ គឺជា “រឿងធម្មតា” ទេ សម្រាប់រដ្ឋាភិបាល ដោយលោកពន្យល់ថា វានឹងអនុញ្ញាតឲ្យរដ្ឋមន្ត្រីថ្មីអាចតែងតាំងទីប្រឹក្សាថ្មី។ លោកឧត្តមសេនីយ៍ ទៀ បាញ់ បានថ្លែងថា បើទោះជាលោកមិនបានដឹងអំពីចំនួនពិតប្រាកដនៃទីប្រឹក្សា ដែលនឹងត្រូវតែងតាំងក៏ដោយ ក៏វាទំនងថាចំនួននេះតិចជាងមុន។ លោកបានបន្តថា “ ចំនួននៃការតែងតាំងក្នុងអាណត្តិថ្មីនេះនឹងមិនកើនឡើងដូចមុនទេ ពីព្រោះត្រូវឲ្យចំនួននេះតិចជាងមុនដើម្បីស្របទៅតាមសភាពការណ៍ និងធ្វើកិច្ចការឲ្យបានច្បាស់លាស់”។
រដ្ឋមន្ត្រីថ្មីមួយចំនួនត្រូវបានស្បថចូលក្នុងការិយាល័យកាលពីខែមុន រាប់ទាំងលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីថ្មីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុត្រូវជំនួសលោករដ្ឋមន្ត្រី គាត ឈន់ និងលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថ្មី ត្រូវជំនួសលោករដ្ឋមន្ត្រី ចម ប្រសិទ្ធ ដែលបម្រើការយ៉ាងយូរក្នុងតំណែងរបស់ខ្លួន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ២៩ ខែកញ្ញា បានតែងតាំងទីប្រឹក្សាថ្មីចំនួន២១រូប ក្នុងនោះមានលោក ទេព ឃុនណាល់ អតីតលេខាធិការរបស់ ប៉ុល ពត មេដឹកនាំខ្មែរក្រហម និងជំនួយការផ្ទាល់ចំនួន៣៤រូបរបស់ខុទ្ទកាល័យលោក ក្នុងរាជក្រឹត្យមួយឡាយព្រះហស្តលេខាដោយព្រះមហាក្សត្រ នរោត្តម សីហមុនី ។
ការតែងតាំងនេះតំណាងឲ្យការថយចុះនៃចំនួនទីប្រឹក្សារបស់លោក ហ៊ុន សែន បើធៀបនឹងអាណត្តិបោះឆ្នោតមុន ពោលគឺនៅពេលនោះ ខុទ្ទកាល័យរបស់លោកបានជ្រើសរើសទីប្រឹក្សា និងជំនួយការប្រមាណ១០០នាក់៕
ប្រែសម្រួលដោយ ចេវ ប៊ុននី