មន្ត្រីម្នាក់នៅរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលនៅក្នុងរាជធានីភ្នំពេញបាននិយាយកាលពីម្សិលមិញថា អាកាសយានិកដែលបើកបរយន្តហោះឲ្យក្រុមហ៊ុនអាកាសចរណ៍ឡាវដែលបានធ្លាក់កាលពីថ្ងៃពុធ និងធ្វើឲ្យអ្នកដំណើរទាំង៤៤នាក់ និងសមាជិកក្រុមការងារប្រាំនាក់ដែលជិះនៅលើយន្តហោះទាំងអស់ស្លាប់នោះ គឺជាអាកាសយានិកជនជាតិខ្មែរ ដែលមានអាយុ៥០ឆ្នាំ។
យោងតាមសេចក្តីរាយការណ៍ព័ត៌មានអន្តរជាតិបានឲ្យដឹងថា យន្តហោះម៉ាក ATR-72 បានហោះហើរពេលមានអាកាសធាតុមិនល្អ មុនពេលយន្តហោះនេះធ្លាក់ចូលទៅក្នុងទន្លេមេគង្គនៅម៉ោងប្រហែល៤ និង១០នាទីល្ងាច។ យន្តហោះនេះបានហោះហើរចេញពីរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ ហើយបានធ្លាក់នៅចម្ងាយប្រហែលប្រាំបីគីឡូម៉ែត្រ ពីអាកាសយានដ្ឋាន Pakse ដែលជាទិសដៅចុះចតរបស់ខ្លួន។
លោក ឡុង ចេង ប្រធានខុទ្ទកាល័យរបស់លោក ម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានអះអាងថា បុរសដែលជាអ្នកបើកយន្តហោះនេះ គឺឈ្មោះ យុង សំ អាយុ៥០ឆ្នាំ។ លោក ឡុង ចេង បានមានប្រសាសន៍ថា “យន្តហោះ ATR-72 របស់ ក្រុមហ៊ុនអាកាសចរណ៍ឡាវនេះគឺជាជើងហោះហើរក្នុងស្រុកដែលបានធ្លាក់ និងធ្វើឲ្យអ្នកដំណើរទាំងអស់ស្លាប់នោះ រួមមានអាកាសយានិកជនជាតិខ្មែររបស់យើងឈ្មោះ យុង សំ។ គាត់បានដាក់ពាក្យធ្វើការជាមួយក្រុមហ៊ុនអាកាសចរណ៍ឡាវនេះបានប្រហែលប្រាំមួយខែប៉ុណ្ណោះ”។
លោក ឡុង ចេង បានមានប្រសាសន៍ថា “លោកមិនទាន់ទទួលបានព័ត៌មានអំពីមូលហេតុនៃការធ្លាក់នេះនៅឡើយទេ ដោយលោកបន្ថែមថា មន្ត្រីរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នឹងសុំការអនុញ្ញាតធ្វើដំណើរទៅប្រទេសឡាវនៅថ្ងៃនេះ។ លោកថ្លែងថា “យើងនឹងស្នើសុំការអនុញ្ញាតឲ្យមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់របស់យើងចុះទៅធ្វើការស៊ើបអង្កេតករណីនេះ”។
យោងតាមមន្ត្រីអាកាសចរម្នាក់បានឲ្យដឹងថា ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍កាលពីម្សិលមិញថា អាកាសធាតុដែលមានព្យុះភ្លៀង ដោយសារព្យុះទីហ្វុងឈ្មោះណារី ដែលបានប៉ះបាល់ប្រទេសវៀតណាមនៅសប្តាហ៍នេះអាចជាហេតុបណ្តាលឲ្យធ្លាក់យន្តហោះនេះ។ បញ្ជីឈ្មោះអ្នកដំណើរបានបង្ហាញថា សញ្ជាតិអ្នកដំណើរទាំង៤៤នាក់នេះ រួមមានជនជាតិឡាវ១៧នាក់ អូស្ត្រាលីប្រាំនាក់ បារាំងប្រាំពីរនាក់ ថៃប្រាំនាក់ កូរ៉េបីនាក់ វៀតណាមពីរនាក់ និងអាមេរិកម្នាក់ កាណាដាម្នាក់ ចិនម្នាក់ ម៉ាឡេស៊ីម្នាក់ និងតៃវ៉ាន់ម្នាក់៕
ប្រែសម្រួលដោយ សោម សារុន