កាលពីម្សិលមិញ សាលាដំបូងរាជធានី ភ្នំពេញបានចោទប្រកាន់ជនជាតិវៀតណាមប្រាំមួយនាក់ពីបទពេស្យាកម្ម បន្ទាប់ពីមានប្រតិបត្តិការឆ្មក់ចូលចាប់មួយ កាលពីយប់ថ្ងៃព្រហស្បតិ៍ នៅក្នុងផ្ទះបនពីរកន្លែងស្ថិតនៅកណ្តាលរាជធានីភ្នំពេញ។នគរបាលនិងអង្គការក្រៅរដ្ឋាភិបាលការពារកុមារលើកឡើងថា ផ្ទះបននោះបាននិងកំពុងតែជួញដូរ អនីតិជន។
លោក ជា ម៉េត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញបានមានប្រសាសន៍ថា “យើងបានចោទប្រកាន់បុរសប្រាំនាក់ និងស្ត្រីម្នាក់ ពីបទប្រព្រឹត្តពេស្យាកម្ម”។
ឈ្មោះ ង្វៀន ឌីយ៉ា (Nguyen Digna) អាយុ២៦ឆ្នាំ ឈ្មោះ ឡេ ចាន់ថា (Le Chantha) អាយុ៣១ឆ្នាំ ឈ្មោះ ង្វៀន យ៉ាន់ដុង (Nguyen Yandong) អាយុ៣២ឆ្នាំ ឈ្មោះ ហេង ឆាយ (Heng Chhay) អាយុ២៦ឆ្នាំ ឈ្មោះ យឿន វិខេន អាយុ៤៨ឆ្នាំ និងឈ្មោះ ង្វៀន ធីយ៉ុង អាយុ៣៩ឆ្នាំ ជាស្ត្រី ត្រូវបានចោទថា បើកបនស្រី នៅពេលពួកគេត្រូវបានចាប់ខ្លួន។
នៅម៉ោងប្រហែល៩យប់ថ្ងៃព្រហស្បតិ៍ នគរបាលប្រឆាំងការជួញដូរមនុស្សបានឆ្មក់ចូលព្រមគ្នាទៅក្នុងហាងម៉ាស្សាពីរកន្លែង ស្ថិតនៅលើផ្លូវលេខ៦៣ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ និងនៅលើមហាវិថីសុធារស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយសារតែមានការសង្ស័យថា ជនជាប់ចោទទាំងនេះកំពុងតែបើកបនស្រី ដោយផ្តល់សេវាផ្លូវភេទជាមួយស្រីពេស្យាមិនទាន់គ្រប់អាយុ។ ជនជាតិវៀតណាមចំនួនប្រាំពីរនាក់នេះត្រូវបានចាប់ខ្លួន ហើយអតិថិជនមួយចំនួនដែលមានវត្តមាននៅពេលនោះត្រូវបានឃាត់ខ្លួន និងត្រូវបានសាកសួរ បន្ទាប់មក ក៏ត្រូវបានដោះលែងវិញ។
លោកឧត្តមសេនីយ៍ ប៉ុល ពិថី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនៃក្រសួងមហាផ្ទៃ ដែលបានដឹកនាំប្រតិបត្តិការឆ្មក់ចូលចាប់ទាំងពីរលើក បានឲ្យដឹងថា លទ្ធផលស៊ើបអង្កេតមួយធ្វើឡើងដោយក្រុមនគរបាលចាប់តាំងពីយប់ថ្ងៃព្រហស្បតិ៍មកបានបង្ហាញថា ស្ត្រីយ៉ាងតិចប្រាំនាក់ក្នុងចំណោមស្ត្រីចំនួន២០នាក់ ដែលត្រូវបានឃាត់ខ្លួន អំឡុងប្រតិបត្តិការឆ្មក់ចូលទាំងនេះ គឺជាអនីតិជន។លោកឧត្តមសេនីយ៍ ប៉ុល ពិថី បានមានប្រសាសន៍កាលពីម្សិលមិញថា “មានមនុស្សប្រាំនាក់ ឬប្រាំមួយនាក់អាយុក្រោម១៨ឆ្នាំ នេះបើយោងតាមអ្វី ដែលពួកគេ [ជនរងគ្រោះ] បានប្រាប់យើង”។
លោកបានបន្ថែមថា “យើងកំពុងតែសហការជាមួយក្រសួងសង្គមកិច្ច ដើម្បីស៊ើបអង្កេតបន្ថែមទៀត ពីព្រោះ[អ្នករកស៊ើផ្លូវភេទ] ជនជាតិវៀតណាមខ្លះមិនបានផ្តល់អត្តសញ្ញាណពិតប្រាកដរបស់ខ្លួនទេ”។ លោកស្រី លីសា ស្លាវ៉ូហ្វស្គី (Lisa Slavovsky) ប្រធានផ្នែកគាំពារនៅអង្គការបេសកកម្មយុត្តិធម៌អន្តរជាតិ (International Justice Mission) ដែលបានផ្តល់ជំនួយក្នុងប្រតិបត្តិការឆ្មក់ចូល និងការសើុបអង្កេតបន្តបានឲ្យដឹងថា លោកស្រីមានទំនុកចិត្តថា អនីតិជនបាននិងកំពុងតែធ្វើការនៅក្នុងផ្ទះបន ប៉ុន្តែ នៅតែមានព័ត៌មានតិចតូចពេក ទាក់ទងនឹងចំនួន ឬក៏អាយុរបស់អនីតិជនទាំងនោះ។
លោកស្រី ស្លាវ៉ូហ្វស្គី មានប្រសាសន៍ថា “ទាក់ទងនឹងអនីតិជន ការផ្ទៀងផ្ទាត់អាយុ [ធ្វើឡើងដោយនគរបាល] កំពុងតែដំណើរការនៅឡើយ” ។លោកស្រីបានឲ្យដឹងបន្ថែមទៀតថា ក្នុងរយៈពេលជាច្រើនខែដែលឈានដល់ការឆ្មក់ចូលនោះ អង្គការបេសកកម្មយុត្តិធម៌អន្តរជាតិបានប្រើ “របៀបប៉ាន់ប្រមាណអំពីអាយុតាមការមើលឃើញជាក់ស្តែង” ក៏ដូចជាសេចក្តីរាយការណ៍ពីបុគ្គល ដែលស្គាល់ជនរងគ្រោះ ដើម្បីកំណត់អាយុរបស់ពួកគេ។
លោកស្រី ស្លាវ៉ូហ្វស្គី បានមានប្រសាសន៍បន្តទៀតថា “យើងបានធ្វើការស៊ើបអង្កេតតាមរបៀបស្រាវជ្រាវស៊ីជម្រៅ ដើម្បីអាចវាយតម្លៃ និងប៉ាន់ប្រមាណអាយុពិត តាមការមើលឃើញបាន”៕ ប៊ុននី