ចរាចរណ៍តាមបណ្ដោយមហាវិថីវ៉េងស្រេងក្នុងខណ្ឌពោធិ៍សែនជ័យបានកកស្ទះយ៉ាងខ្លាំងកាលពីម្សិលមិញ បន្ទាប់ពិកម្មកររោងចក្រកាត់ដេរប្រមាណ២០០នាក់មកពីរោងចក្រអាលីម ខេមបូឌា ខូអិលធីឌី (Alim Cambodia Co. Ltd) បានបិទផ្លូវដើម្បីធ្វើការតវ៉ាសុំដំឡើងប្រាក់ឈ្នួល។
រថយន្តកុងតឺន័រមួយខ្សែបានកកស្ទះទៅមុខមិនរួចបន្តកន្ទុយគ្នាចម្ងាយរាប់រយម៉ែត្រពីចំណុចកម្មករធ្វើការតវ៉ា ពីម៉ោង៨ព្រឹករហូតដល់ម៉ោង២ និង៣០នាទីរសៀល ដោយសារការបិទផ្លូវ។ កម្មការិនីម្នាក់ឈ្មោះ ចាន់ សុជាតិ អាយុ៣៧ឆ្នាំបាននិយាយថា “ខ្ញុំចូលរួមការតវ៉ានេះ ពីព្រោះខ្ញុំចង់ឲ្យរោងចក្រដំឡើងប្រាក់ខែរបស់ខ្ញុំ និងបើកប្រាក់៤.០០០រៀលឲ្យខ្ញុំសម្រាប់អាហារថ្ងៃត្រង់”។
កម្មការិនីរូបនេះបានបន្តថា “ពួកគេត្រូវតែដំឡើងប្រាក់ខែរបស់យើង ពីព្រោះប្រាក់ខែបច្ចុប្បន្ននេះមិនគ្រប់គ្រាន់នឹងការចំណាយរបស់ខ្ញុំទេ ហើយខ្ញុំត្រូវខ្ចីលុយពីមិត្តភក្ដិ ឬអ្នកផ្សេងនៅពេលខ្ញុំឈឺ”។ កម្មការិនីម្នាក់ទៀត ឈ្មោះ គឹម រដ្ឋា អាយុ២១ឆ្នាំបាននិយាយថា នាងបានធ្វើការនៅរោងចក្ររបស់កូរ៉េខាងត្បូងមួយនេះអស់រយៈពេលពីរឆ្នាំមកហើយ ប៉ុន្តែខ្ញុំបានចូលរួមបិទផ្លូវនេះ ដើម្បីបង្ខំឲ្យគណៈគ្រប់គ្រង “ស្វែងរកដំណោះស្រាយ សម្រាប់ពួកយើង”។
គឹម រដ្ឋា បាននិយាយបន្ថែមទៀតថា “យើងចង់ឲ្យរោងចក្រដំឡើងប្រាក់ខែរបស់ពួកយើង ពីព្រោះ គេឲ្យប្រាក់ខែយើង តែចំនួន៨៩ដុល្លារប៉ុណ្ណោះក្នុងមួយខែ ប៉ុន្តែគេឲ្យប្រាក់ខែកម្មករថ្មី ៩៣ដុល្លារ វាមិនយុត្តិធម៌ទេសម្រាប់ពួកយើង” ។ នាងបានបន្តថា “ខ្ញុំនៅសល់តែ៣០ដុល្លារប៉ុណ្ណោះបន្ទាប់ពីបើកប្រាក់ខែ ពីព្រោះខ្ញុំត្រូវចេញថ្លៃអាហារ ថ្លៃផ្ទះ ទឹកភ្លើង ហើយខ្ញុំត្រូវផ្ញើលុយមួយចំនួនទៅគ្រួសាររបស់ខ្ញុំនៅស្រុក”។
កម្មករ កម្មការិនី ដែលស្លៀកពាក់ស្អាតបាតទាំងនេះបានចាក់ធុងបាសរាំ។ ពួកគេបានរាំជុំវិញក្រោមម្លប់ឆ័ត្រធំមួយ ខណៈពេលសហកម្មកររបស់ពួកគេស្រែកហោ៊អបអរសាទរធ្វើឲ្យអ្នកបើកបររថយន្តត្រូវរង់ចាំទាំងអារម្មណ៍មួម៉ៅដោយសារការកកស្ទះចរាចរណ៍ទៅមុខមិនរួច។ អ្នកបើកម្នាក់ក្នុងចំណោមអ្នកបើកបរជាច្រើន ឈ្មោះ ហេង វិចិត្រ អាយុ៣០ឆ្នាំ បាននិយាយថា ខ្លួនបានធ្វើការឲ្យក្រុមហ៊ុនមួយដែលដឹកជញ្ជូនសម្លៀកបំពាក់។
គាត់បាននិយាយថា “ខ្ញុំខឹងពួកគេខ្លាំងណាស់ ប៉ុន្តែ ខ្ញុំមិនអាចធ្វើអ្វីកើតឡើយដើម្បីឲ្យពួកគេឈប់បិទផ្លូវនោះ។ យើងបានត្រឹមតែឈរមើលពួកគេរាំប៉ុណ្ណោះ។ ពួកគេគួរតែធ្វើបាតុកម្មនៅមុខរោងចក្ររបស់ខ្លួន។ ពួកគេមិនដឹងអំពីបញ្ហារបស់យើងឡើយ”។ ទោះជាយ៉ាងណាការតវ៉ារបស់ក្រុមបាតុករត្រូវបានបញ្ឈប់នៅពេលភ្លៀងចាប់ផ្តើមធ្លាក់ នេះបើយោងតាមការឲ្យដឹងរបស់លោក ស្រ៊ុត ចិត្រ អាយុ៣៤ឆ្នាំតំណាងសហជីពសមូហភាពនៃចលនាកម្មករ ដែលបាននិយាយថា កម្មករ-កម្មការិនីបាននាំគ្នាតវ៉ាអស់រយៈពេលបីថ្ងៃមកហើយនៅក្នុងរោងចក្រ ប៉ុន្តែ គ្មានបានលទ្ធផលអ្វីសោះនោះ។
គាត់និយាយថា “ យើងឈប់បិទផ្លូវ និងរាំនៅម៉ោង២និង៣០នាទីរសៀលដោយសារភ្លៀងធ្លាក់ និងខ្លាចកម្មករ-កម្មារិនីមានជំងឺ”។ គាត់បន្ថែមថា ក្រៅពីទាមទារឲ្យដំឡើងប្រាក់ខែ កម្មករ-កម្មការិនីក៏បានទាមទារឲ្យដករដ្ឋបាលម្នាក់ក្នុងរោងចក្រដែរ។ គាត់បាននិយាយថា “យើងនឹងជួលរថយន្តដឹកកម្មករ-កម្មការិនីរបស់យើងទៅធ្វើបាតុកម្មនៅមុខក្រសួងការងារដើម្បីស្វែងរកដំណោះស្រាយនៅថ្ងៃស្អែក”។ តំណាងរបស់រោងចក្រនេះ មិនអាចទាក់ទងសុំការធ្វើអត្ថាធិប្យាយបានឡើយ៕ សុខុម
(រាយការណ៍បន្ថែមដោយ Lauren Crothers)