កាលពីថ្ងៃពុធ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញអនុក្រឹត្យមួយបង្កើតខណ្ឌថ្មីបីជាផ្លូវការនៅក្នុងទីក្រុងភ្នំពេញ។
យោងតាមអនុក្រឹត្យនេះឲ្យដឹងថាខណ្ឌជ្រោយចង្វា ដែលជាខណ្ឌថ្មី មានសង្កាត់ចំនួនប្រាំកាត់ចេញពីខណ្ឌឫស្សីកែវ រីឯខណ្ឌច្បារអំពៅ មានសង្កាត់ចំនួនប្រាំបីកាត់ចេញពីខណ្ឌមានជ័យ។
សាលាខណ្ឌមានជ័យចាស់ដែលស្ថិតនៅក្នុងសង្កាត់ច្បារអំពៅ នឹងត្រូវផ្លាស់ទៅសង្កាត់ចាក់អង្រែលើ។ ខណ្ឌថ្មីទី៣ គឺខណ្ឌព្រែកព្នៅ បញ្ចូលសង្កាត់ចំនួនបីកាត់ចេញពីខណ្ឌសែនសុខ និងសង្កាត់ពីរទៀតកាត់ចេញពីខណ្ឌពោធិ៍សែនជ័យ។
សាលារាជធានីបានធ្វើសំណើដំបូងដើម្បីសុំបង្កើតខណ្ឌថ្មីប្រាំ ប៉ុន្តែកាលពីដើមខែនេះក្រសួងមហាផ្ទៃបានកាត់បន្ថយសំណើនេះមកត្រឹមបីខណ្ឌវិញ ដោយលើកឡើងថា ខ្លួននឹងផ្ដោតលើការពង្រឹងរដ្ឋបាលនៅតាមជាយក្រុងវិញ។
លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា “ រដ្ឋាភិបាលនឹងតែងតាំងអភិបាលខណ្ឌថ្មីបី និងរៀបចំក្រុមប្រឹក្សាខណ្ឌ។
ក្រសួងមហាផ្ទៃនឹងបង្កើតក្រុមការងារនៅចុងខែមករា ដើម្បីពិភាក្សាជាមួយសាលារាជធានីអំពីរដ្ឋបាលខណ្ឌនីមួយៗ៕
គឹមហឿន