បន្ទាប់ពីមានវិវាទដីធ្លីដែលបានអូសបន្លាយអស់រយៈពេល៧ឆ្នាំជាមួយក្រុមហ៊ុនមួយរបស់ភរិយាមន្ត្រីរដ្ឋាភិបាលមួយរូប ប្រជាពលរដ្ឋចំនួន៣៨គ្រួសារបានទទួលយកប្រាក់សំណងកាលពីថ្ងៃសុក្រនៅក្នុងខេត្តកំពង់ឆ្នាំងដើម្បីបញ្ចប់ការប្តឹងផ្តល់ជុំវិញដីទំហំ១៤៥ហិកតា។
ប្រជាពលរដ្ឋទាំង៣៨គ្រួសារ នេះត្រូវបានកោះហៅកាលពីថ្ងៃសុក្រ ដោយគណៈកម្មការមួយដែលមានសមាជិក១៥រូបដែលរដ្ឋាភិបាលបានបង្កើតឡើងដើម្បីដោះស្រាយវិវាទដីធ្លីនេះ។ តំណាង ប្រជាពលរដ្ឋទាំងនេះនិយាយថា ពួកគាត់មានការស្ទាក់ស្ទើរក្នុងការសម្រេចចិត្តទទួលយកសំណងនេះ។
ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិឡពាង ឃុំតាជេស បានប្តឹងផ្តល់គ្នាជាមួយក្រុមហ៊ុន KDC International Co. ដែលជាក្រុមហ៊ុនរបស់លោកស្រី ជា ខេង ភរិយារបស់លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ចាប់តាំងពីឆ្នាំ២០០៧មកម៉្លេះ។
ចំនួនប្រាក់សរុបដែលបង់ឲ្យគ្រួសារទាំងនេះមិនត្រូវបានប្រកាសឲ្យដឹងជាសាធារណៈទេ។ អ្នកខ្លះបានប្រាប់ក្រុមអ្នកយកព័ត៌មានកាលពីថ្ងៃសុក្រថា ពួកគាត់ទទួលបានប្រាក់សំណង៦.០០០ដុល្លារ។
គ្រួសារទាំងនេះបានចោទប្រកាន់លោកស្រី ជា ខេង ថា បានចាប់យកដីរបស់ពួកគាត់។ សាលាដំបូងខេត្តកំពង់ឆ្នាំង និងសាលាដំបូងរាជធានីភ្នំពេញមិនចាត់ការឬច្រានចោលពាក្យបណ្តឹងទាំងនេះម្តងហើយម្តងទៀត។ ជាលទ្ធផលគ្រួសារទាំងនេះបានបោះបង់ការប្តឹងផ្តល់តាមផ្លូវច្បាប់របស់ពួកគាត់ ហើយបានសម្រេចចិត្តទទួលយកប្រាក់នេះ។
លោក ផេង រុំ តំណាងម្នាក់របស់គ្រួសារទាំងនេះដែលបានទទួលយកប្រាក់៦.០០០ដុល្លារជាថ្នូរនឹងដីពីរហិកតារបស់គាត់ដែលបានបាត់បង់ទៅ បាននិយាយថា “ខ្ញុំបង្ខំចិត្តទទួលយកប្រាក់នះ ពីព្រោះទី១ខ្ញុំធុញទ្រាន់នឹងប្រព័ន្ធតុលាការដែលមិនចាត់វិធានការនៅក្នុងវិវាទនេះ។ ទី២ស្ត្រីអ្នកមានដែលជាម្ចាស់ក្រុមហ៊ុននេះបានសន្យាថា គាត់នឹងអភិវឌ្ឍដីនេះឲ្យទៅជាតំបន់សេដ្ឋកិច្ចពិសេស ហើយផ្តល់ការងារដល់កូនៗរបស់ពួកយើង។
អ្នកស្រី ចាប បាត អាយុ៧១ឆ្នាំដែលបានប្តឹងលោកស្រី ជា ខេង កាលពីឆ្នាំមុន ហើយបានចាញ់ក្តីនោះ និយាយថា អ្នកស្រីទទួលបានប្រាំរយដុល្លារដើម្បីបញ្ចប់វិវាទជុំវិញដីមួយឡូតិ៍ ទំហំ៣.០០០ម៉ែត្រក្រឡា។
គាត់និយាយថា “ពេលនេះខ្ញុំចាស់ណាស់ទៅហើយ ហើយខ្ញុំដឹងថា ប្រព័ន្ធតុលាការមិនដែលកាន់ជើងអ្នកក្រទេ ដូច្នេះហើយបានជាខ្ញុំព្រមទទួលយកប្រាក់នេះសម្រាប់ការបាត់បង់ដីរបស់ខ្ញុំទៅលើក្រុមហ៊ុនអ្នកមាន និងមានឥទ្ធិពលនេះ”។
លទ្ធផលនៃការចរចាកាលពីថ្ងៃសុក្រ ជាមួយគណៈកម្មការនេះ កើតមានបន្ទាប់ពីការចរចាកាលពីខែមុនរវាងគ្រួសារទាំងនេះ និងលោកស្រី ជា ខេង ព្រមទាំងលោក ផាតពៅសេង ដែលជាមេធាវីរបស់គាត់ មិនបានឈានដល់ការព្រមព្រៀងគ្នាទេ។ អំឡុងការចរចាទាំងនោះ លោកស្រី ជា ខេង និងលោក ផាត ពៅសេង បានប្រាប់គ្រួសារទាំងនេះថា ពួកគាត់មិនបានផ្តល់ភ័ស្តុតាងគ្រប់គ្រាន់បញ្ជាក់ថា ពួគគាត់ជាម្ចាស់ដីនេះទេ។
លោក ផាត ពៅសេង បានបញ្ជាក់កាលពីថ្ងៃសុក្រ ថា ពេលនេះក្រុមហ៊ុនបានឈានដល់ការបង់ប្រាក់សំណងដល់គ្រួសារទាំងនេះហើយ ប៉ុន្តែ បានបដិសេធមិនបញ្ជាក់លម្អិតទេ។ លោកមានប្រសាសន៍សំដៅដល់ការបង់ប្រាក់ឲ្យគ្រួសារទាំងនេះថា “ពេលនេះយើងកំពុងតែធ្វើវាហើយ”។
លោក ចាន់ សុវ៉េត អ្នកសើុបអង្កេតជាន់ខ្ពស់នៅអង្គការសិទ្ធិមនុស្សអាដហុកដែលបានឃ្លាំមើលវិវាទនេះរហូតមក បានមានប្រសាសន៍កាលពីថ្ងៃសុក្រថា គ្រួសារទាំងនេះសុខចិត្តទទួលយកប្រាក់នេះដោយសារតែគ្មានជម្រើសផ្សេង។ លោកបន្តថា “ដោយសារតែអ្នកភូមិគ្មានជម្រើសផ្សេង ពួកគាត់ភាគច្រើនបានយល់ព្រមទទួលយកប្រាក់ដើម្បីបញ្ចប់វិវាទ ពីព្រោះអាជ្ញាធរគ្រប់ជាន់ថ្នាក់សុទ្ធតែនៅខាងក្រុមហ៊ុននេះ”៕សុខុម