32 C
Phnom Penh

​​​​​​អង្គ​​​ការ​​​ភេរវកម្ម​​​​​​មួយ​​​ព្យាយាម​​​ចុះ​​​​​​ឈ្មោះ​​​ជា​​​គណបក្ស​​​នយោបាយ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលាដំបូង​ខេត្ត​មួយ​បានចោទ​ប្រកាន់​លោក​ សួន សេរីរដ្ឋា ពីបទ​ក្បត់​ជាតិ​។ រដ្ឋា​ភិបាល​​​​នឹង​​​ចាប់​ខ្លួនគាត់​​​​​​​ភ្លាម​​​នៅ​ពេល​ណា​គាត់​ឈាន​ជើង​ចូល​ក្នុង​ប្រទេស​កម្ពុជា​។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចាត់​ទុក​ក្រុម​របស់​គាត់​ជា​អង្គការ​ភេរវកម្ម​មួយ​ដែល​មាន​បំណង​ផ្ដួល​រំលំ​រដ្ឋាភិបាល​។

ឥឡូវ​នេះ លោក សួន សេរីរដ្ឋា ប្រធាន​ចលនា​អំណាច​ពល​រដ្ឋ​ខ្មែរ​ ដែល​និរទេស​​​ខ្លួន​ឯង​ ចង់​ចុះ​​​​ឈ្មោះ​​​​ក្រុម​ប្រឆាំង​របស់​គាត់​ជា​គណ​បក្ស​នយោបាយ​​នៅ​កម្ពុជា​។ ក្រសួង​មហា​ផ្ទៃ​​​​លើក​​​ឡើង​​​ថា គាត់​មាន​ឱកាស​តិច​តួច​ណាស់​។

នៅ​ពេល​ទាក់​ទង​តាម​ទូរស័ព្ទ​ទៅ​ទីក្រុង​ដាឡាស ក្នុង​រដ្ឋតិច​សាស លោក សេរីរដ្ឋា បាន​​​និយាយ​ថា គាត់​ចង់​ចុះ​​​ឈ្មោះ​​​ចលនា​អំណាច​​​ពល​រដ្ឋ​ខ្មែរ​​​​ជា​​​គណបក្ស​​​នយោបាយ​​​ដើម្បី​ឲ្យ​សកម្ម​ជន​របស់​គាត់​នៅ​កម្ពុជា​អាច​​ធ្វើការ​ដោ​យ​សេរី។ គាត់​សង្ឃឹម​ថា ​​​នឹង​ដាក់​ឯកសារ​ចំាបាច់ រួម​ទាំង​បញ្ជី​ឈ្មោះ​​​ស្ថាបនិក និង​អ្នក​គាំទ្រ​៥.០០០​នាក់​ទៅ​ក្រសួង​មហា​​​ផ្ទៃ​​​​នៅ​ពាក់​កណ្ដាល​ខែ​ឧសភា​។

លោក​បាន​និយាយ​ថា “ខ្ញុំ​ត្រៀម​ឯកសារ​សម្រាប់​ចុះ​ឈ្មោះ​ជា​គណបក្ស​នយោបាយ​ជាមួយ​ក្រសួង​មហាផ្ទៃ ព្រោះ​រដ្ឋាភិបាល​កម្ពុជា​​​​ចោទ​ក្រុម​ខ្ញុំ និង​អ្នក​គាំទ្រ​ថា ជា​ចលនា​ភេរវកម្ម​។ ប៉ុន្តែ​ខ្ញុំ​ចង់​បញ្ជាក់​ឲ្យ​ច្បាស់​ជាមួយ​រដ្ឋាភិបាល​ថា យើង​មិនមែន​ជា​ចលនា​ភេរវ​កម្ម​ទេ”។

លោក​ សេរីរដ្ឋា ​និយាយ​ថា គាត់​មិន​ចាប់​អារម្មណ៍​ក្នុង​ការ​ដាក់​បេក្ខជន​សម្រាប់​មុខ​តំណែង​សាធារណៈ​នៅ​ពេល​ណាមួយ​ឆាប់​ៗ​​នេះទេ ព្រោះ​គាត់​គិត​ថា ការ​បោះ​ឆ្នោត​ដោយ​​​សេរី និង​យុត្តិធម៌​អាច​កើត​មាន​ឡើង​តែ​នៅ​​ពេល​ណា​ដែល​លោក​នាយក​រដ្ឋ​​មន្ត្រី​ ហ៊ុន សែន ត្រូវ​បាន​បណ្ដេញ​ចេញតែ​ប៉ុណ្ណោះ​។

ប្រសិន​បើ​ត្រូវ​បាន​ចុ​​ះ​​​បញ្ជី​​​ជា​​​គណបក្ស​​​នយោបាយ​​​​មែននោះ លោក សេរីរដ្ឋា បាន​និយាយ​ថា ក្រុម​របស់​លោកនឹង​រៀប​ចំ​វេទិ​​ការ​សាធារណៈ​នៅ​ទូ​ទាំង​ប្រទេស​ ដើម្បី​​​​អប់​រំ​ប្រជា​ពល​រដ្ឋ​ខ្មែរ​អំពី​សិទ្ធិន​យោបាយ​របស់​ពួក​គាត់​ ពោល​គឺ​សិទ្ធិ​មិន​បោះឆ្នោត។

មនុស្ស​​បីនាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ នៅ​មុន​ការ​បោះ​ឆ្នោត​ឆ្នាំមុន​ចំពោះ​ការ​ដឹកជញ្ជូន​អាវ​យឺត​​ដែល​មាន​សរសេរ​ពាក្យ​ស្លោក​ជំរុញ​​ប្រជា​ពល​ខ្មែរ​​​​​​​មិន​​​​​​​​​ឲ្យ​​​ទៅ​បោះ​ឆ្នោត​ ដើម្បី​តវ៉ា​នឹង​ប្រព័ន្ធ​បោះ​ឆ្នោត​មិន​ល្អ​ តាម​បញ្ជា​របស់​ចលនា​អំណាច​ពល​​រដ្ឋខ្មែរ​។ ពួកគេ​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​ក្បត់​ជាតិ​ រួម​ជា​មួយ​នឹង​លោក សេរីរដ្ឋា។

គាត់​បាន​និយាយ​ថា “ យើង​ចង់​ឲ្យ​ប្រជា​ពល​រដ្ឋ​ដឹង​ពី​សិទ្ធិ​បោះ​ឆ្នោត​ ឬមិន​បោះ​ឆ្នោត​​របស់​​​​ខ្លួន​​​។ ប្រសិន​បើ​ការ​បោះ​ឆ្នោត​នៅ​តែ​មិន​សេរី យើង​អាច​ជំរុញ​ប្រជា​ជន​មិន​ឲ្យ​បោះ​​​​ឆ្នោត​​​បាន​​​​”។

ឧត្តម​សេនីយ៍​ ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ បាននិយាយ​ថា ក្ដី​សង្ឃឹម​របស់​លោក សួន សេរីរដ្ឋា ក្នុង​ការ​ចុះ​ឈ្មោះ​​ចលនា​អំណាច​ពល​រដ្ឋខ្មែរ ជា​គណបក្ស​នយោ​​បាយ​​ទំនង​ជា​មិន​អាច​ទៅ​រួច​ទេ​។

លោក​បាន​និយាយ​ថា “ គាត់​មិន​សម​ជា​អ្នក​ដឹកនាំ​គណបក្ស​ទេ ពីព្រោះគាត់​មាន​ដីកា​ចាប់​ខ្លួន​ពីតុលាការ​ ដូច្នេះ​តើ​គាត់​អាច​ដឹកនាំ​គណបក្ស​ដូច​ម្ដេច​​?”។

ប៉ុន្តែ​លោក សុក សំអឿន មេធាវី​របស់​លោក សួន សេរីរដ្ឋា បាន​មាន​ប្រសាសន៍​ថា ដីកា​ចាប់​ខ្លួន​តែ​មួយ​មិន​គួរ​រារាំង​ចលនា​អំណាច​ពល​រដ្ឋខ្មែរ​​មិនឲ្យ​ចុះ​ឈ្មោះ​ជា​គណ​បក្ស​នយោបាយ​​​​ឡើយ​។

លោក​មាន​ប្រសាសន៍​ថា ច្បាប់​អនុ​ញ្ញាត​ឲ្យ​រដ្ឋាភិបាល​បដិសេធ​សិទ្ធិ​នរណា​ម្នាក់​មិន​ឲ្យ​​បង្កើត​គណបក្ស​នយោបាយ​បាន​ “ប្រសិន​បើ​ជន​នោះ​មាន​ទោស​ព្រហ្មទណ្ឌ ប៉ុន្តែ​តុលា​ការ​មិន​ទាន់​សម្រេច​លើ​រឿង​ក្ដី​របស់​គាត់​នៅ​ឡើយ​ទេ​”។

លោក សុក សំអឿន បានថ្លែង​​ថា តុលាការ​​​ខេត្ត​បន្ទាយ​មាន​ជ័យ ​បាន​បញ្ចប់​ការ​ស៊ើប​អង្កេត​​​​របស់​ខ្លួន​លើ​រឿង​ក្ដី​ពាក់​ព័ន្ធ​​អាវ​យឺត​នេះ​​ប្រហែល​១ខែ​មក​ហើយ ប៉ុន្តែ​មិនទាន់​​​​បាន​​​​​​​​​កំណត់​ថ្ងៃ​បើក​សវនាការ​ទេ​៕ គឹមហឿន

(រាយការណ៍​បន្ថែម​ដោយ ហ៊ុល រស្មី​)

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស