28 C
Phnom Penh

រថយន្ត​​​ Great Wall របស់​​​ប្រទេស​​​ចិន​​​ ត្រៀម​​​ខ្លួន​​​​​​ប្រជែង​​​​​​ចាប់​​​យក​​​ចំណែក​​​ទីផ្សារ​​​នៅ​​​កម្ពុជា​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការ​​​គ្រប់គ្រង​​​របស់​​​​​​ក្រុមហ៊ុន​​​​​​ផលិត​​​​​​​​​រថយន្ត​​​​​​ជប៉ុន​​​ និង​​​បស្ចិម​​​ប្រទេស​​​នៅ​​​ក្នុង​​​ទីផ្សារ​​​​​​របស់​​​កម្ពុជា​​​ ប្រហែល​​​ជា​​​​​​​​​ត្រូវ​​​​​​រង្គោះ​​​រង្គើ​​​ដោយ​​​សារ​​​​​​រថយន្ត​​​ Great Wall របស់​​​ចិន​​​​​​នៅចុង​​​ឆ្នាំ​​​នេះ​​​ ខណៈពេល​​​ដែល​​​ក្រុមហ៊ុ​​​ន​​​នេះ​​​​​​​​​កំពុង​​​តែ​​​សម្លឹង​​​រក​​​​​​ឱកាស​​​​​​ពង្រីក​​​ខ្លួន​​​តាម​​​រយៈ​​​ការ​​​សាង​​​សង់​​​​​​​​​រោងចក្រ​​​ដំឡើង​​​​​​រថយន្ត​​​មួយ​​​​​​នៅ​​​ក្នុង​​​រាជធានីភ្នំពេញ​​​​​​។

លោក​​​ ពាង​​​ ម៉ាន់​​​ (Peang Mann) ប្រធាន​​​ប្រតិបត្តិ​​​​​​ផ្នែក​​​លក់រថយន្ត​​​​​​​​ Great Wall របស់​​​ក្រុមហ៊ុន​​​ Worldwide Garage Co.Ltd. ប្រចាំ​​​កម្ពុជា​​​​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ការ​​​លក់​​​​​​នៅ​​​​​​សាល​​​តាំង​​​បង្ហាញ​​​​​​របស់​​​​​​ក្រុមហ៊ុន​​​​​​នេះ​​​នៅ​​​ក្នុង​​​រាជធានីភ្នំពេញ​​​ យឺត​​​ជាង​​​​​​ការ​​​រំពឹង​​​ទុក​​​ ប៉ុន្តែ​​​ប្រហែល​​​ជា​​​​​​​​​រើប​​​​​​ឡើង​​​វិញ​​​នៅ​​​ពេល​​​​​​រោងចក្រ​​​ដំឡើង​​​រថយន្ត​​​​​​បើក​​​​​​នៅ​​​ក្នុង​​​រាជធានីភ្នំពេញប្រហែល​​​ជា​​​នៅ​​​​​​ខែ​​​កញ្ញា។

លោក​​​​​​បាន​​​មាន​​​ប្រសាសន៍​​​សំដៅ​​​ដល់​​​​​​​​​ គ្រឿង​​​​​​បន្លាស់​​​ប្រើប្រាស់​​​​​​សម្រាប់​​​ដំឡើង​​​​​​រថយន្ត​​​​​​ថា “ក្នុង​​​រយៈ​​​ពេល​​​បីឆ្នាំ​​​​​​​​​ចុង​​​​​​ក្រោយ​​​នេះ​​​ចាប់​​​តាំងពី​​​​​​​​​មក​​​កម្ពុជា​​​ យើ​​​ងបាន​​​​​​យល់​​​ដឹង​​​​​​ច្រើន​​​​​​អំពី​​​ឧស្សាហកម្ម​​​​​​នេះ​​​ ហើយ​​​ពេល​​​នេះ​​​កំពុង​​​ត្រៀម​​​ខ្លួន​​​​​​បង្កើ​​​ត​​​រោងចក្រ​​​​​​ដំឡើ​​​ង​​​​​​ SKD មួយ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​”។

លោក​​​ ពាង​​​ ម៉ាន់​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​​​​បន្ទាប់ពី​​​​​​បើក​​​រោង​​​ចក្រ​​​​​​ដំឡើងរួច​​​ ​​រថយន្ត​​​​​​ដែល​​​ផលិត​​​នៅ​​​កម្ពុជា​​​ គឺ​​​ជា​​​ប្រភេទ​​​​​​រថយន្ត​​​​​​មួយ​​​បាំង​​​កន្លះ​​​ និង​​​​​​រថយន្ត​​​ SUV​​​ដែល​​​មាន​​​តម្លៃ​​​ចន្លោះ​​​ពី​​​​​​២០.០០០ដុល្លារ​​​​​​ដល់​​​៤០.០០០​​​ដុល្លារ​​​​​​​​​ ប៉ុន្តែ​​​លោក​​​បដិសេធ​​​​​​មិន​​​លាត​​​ត្រដាង​​​​​​ទំហំ​​​វិនិយោគ​​​​​​របស់​​​​​​ Great Wall ទេ។

លោក​​​​​​គ្រាន់តែ​​​មាន​​​​​​ប្រសាសន៍​​​ថា រោង​​​ចក្រ​នេះ​​​​​​​​រំពឹង​​​ថា នឹង​​​ដំឡើង​​​​​​រថយន្ត​​​បាន​​​ប្រហែល​​​១.៥០០​​​គ្រឿង​​​​​​ក្នុង​​​មួយ​​​ឆ្នាំ​​​ ហើយ​​​នឹង​​​នាំចូល​​​គ្រឿង​​​បន្លាស់​​​​​​ពីប្រទេស​​​ចិន​​​ និង​​​ប្រទេស​​​ម៉ាឡេសីុ។ កាល​​​ពី​​​ដើម​​​ខែ​​​នេះ​​​​​​ រដ្ឋា​​​ភិបាល​​​ម៉ាឡេស៊ី បាន​​​ផ្ដល់​​​អាជ្ញាប័ណ្ណ​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​ Great Wall ដែល​​​ចាប់​​​ដៃ​​​គូ​​​ជាមួយ​​​​​​ក្រុម​​​ហ៊ុន​​​ផលិត​​​រថយន្ត​​​​​​ Go Automobile Manufacturing សាង​​​សង់​​​​​​រោងចក្រ​​​ដំឡើ​​​ង​​​រថយន្ត​​​មួយ​​​ដែល​​​មាន​​​ទំហំ​​​ទឹក​​​ប្រាក់​​​​​​២​​​ពាន់​​​​​​លាន​​​ដុល្លារ​​​។

ក្រុម​​​ហ៊ុន​​​ Go Automobile ​គ្រោង​​​ផលិត​​​រថយន្ត​​​ Great Wall នៅ​​​ម៉ាឡេស៊ី​​​ចំនួន​​​១០០.០០០​​​គ្រឿង​​​នៅ​​​ឆ្នាំ​​​២០១៨។

លោក ពាង​​​ ម៉ាន់​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​មាន​​​សុទិដ្ឋិនិយម​​​ថា Great Wall នឹង​​​អាច​​​ក្រោក​​​ឈរ​​​រួច​​​​​​នៅ​​​ក្នុង​​​ទីផ្សារ​​​រថយន្ត​​​របស់​​​កម្ពុជា ថ្វី​​​បើ​​​ទីផ្សារ​​​នេះ​​​ត្រូវ​​​បាន​​​គ្រប់​​​គ្រង​​​ដោយ​​​ក្រុមហ៊ុន​​​ជប៉ុន​​​ និង​​​​​​​​​ក្រុមហ៊ុន​​​បស្ចិម​​​ប្រទេស​​​​​​ក៏​ដោយ​​​។

ក្រុមហ៊ុន​​​តូយ៉ូតា អះអាង​​​ថា ខ្លួន​​​គ្រប់​​​គ្រង​​​ចំណែក​​​ទីផ្សារ​​​៧០​​​ភាគរយ​​​នៃ​​​ទីផ្សារ​​​​​រថយន្ត​​​ដ៏​​​តូច​​​របស់​​​កម្ពុជា​​​។​​​

លោក​​​ ពាង ម៉ាន់ បាន​​​ព្យាករ​​​ពី​​​ចំណែក​​​ទីផ្សារ​​​៣០​​​ភាគរយ​​​សម្រាប់​​​​​​ Great Wall ថា “ខ្ញុំ​​​មាន​​​ការ​​​ជឿជាក់​​​ថា Great Wall និង​​​​​​ម៉ូដែល​​​រថយន្ត​​​ចិន​​​ផ្សេង​​​ៗ​​​ទៀត​​​​​​​​​ នឹង​​​មាន​​​គុណភាព​​​ល្អ​​​ស្មើ​​​ និង​​​​​​ខ្ពស់​​​ជាង​​​​​​ដៃ​​​គូ​​​ប្រកួត​​​ប្រជែង​​​។​​​ខ្ញុំ​​​មិន​​ខ្លាច​​​​​​ម៉ូដែល​​​រថយន្ត​​​​ផ្សេង​​​ៗ​​​ទេ។ យើង​​​នឹង​​​បង្ក​​​​​​ឲ្យ​​​មាន​​​​​​ឧបសគ្គធំ”។

ឈ្មួញ​​​​​​រថយន្ត​​​យីហោ​​​ល្បី​​ៗ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​បាន​​​និយាយ​​​កាល​​​ពីម្សិលមិញ​​​ថា ពួក​​​គេ​​​មើល​​​ឃើញ​​​ការ​​​គំរាម​​​កំហែង​​​តិច​​​តួច​​​នៅ​​​ក្នុង​​​ការ​​​​​​បើក​​​​​​រោងចក្រ​​​ដំឡើង​​​រថយន្ត​​​ Great Wall មួយ​​​នៅ​​​ភ្នំពេញ​​​។

លោក​​​ លី ប៊ុន​​​ហៃ នាយក​​​ប្រតិបត្តិ​​​ក្រុម​​​ហ៊ុន​​​ Toyota Cambodia Co. Ltd.  ​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​​​​មិន​​​ចាំបាច់​​​ព្រួយ​​​បារម្ភ​​​ទេ ពីព្រោះ​​​នេះ​​​ជា​​​ទីផ្សារ​​​សេរី ហើយ​​​​​​រហូត​​​មក​​​ទល់​​​ពេល​​​នេះ​​​​​​ខ្ញុំ​​​គិត​​​ថា រថយន្ត​​​ចិន​​​នៅ​​​ទី​​​នេះ​​​មាន​​​តិច​​​តួច​​​ណាស់​​​”។

លោក​​​ ហិុន​​​ សុភាព​​​ អនុប្រធាន​​​គ្រប់​​​គ្រង​​​ផ្នែក​​​​​​លក់​​​រថយន្ត​​​ Ford នៃ​​​ក្រុមហុន​​​ RMA បាន​​​យល់​​​ឃើញ​​​​​​ដូច​​​លោក​​​ លី​​​ ប៊ុន​​​ហៃ​​​ ដែរ​​​។

លោក​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​គិត​​​ថា​​​ គ្មាន​​​​​​ការ​​​បារម្ភទេ​​​សម្រាប់​​​ Ford​ នៅ​​​កម្ពុជា​​​។​​​​​​ យើង​​​ស្ថិត​​​នៅ​​​ក្នុង​​​ផ្នែក​​​ផ្សេង​​​គ្នា​​​ ហើយ​​​អតិថិជន​​​ជា​​​គោល​​​​​​ដៅ​​​ក៏​​​ផ្សេង​​​គ្នា​​​ដែរ​​​”។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា Ford បាន​​​បិទ​​​រោងចក្រ​​​​​​ដំឡើង​​​ SKD ​របស់​​​ខ្លួន​​​​​​នៅ​​​កម្ពុជា​​​ កាល​​​ពីឆ្នាំមុន​​​ ដោយ​​​សារ​​​តែ​​​ខ្វះខាត​​​ហិរញ្ញវត្ថុ​​​៕​​​សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស