តំណាងបុគ្គលិករបស់ក្រុមហ៊ុនខេមប៊្រូ អិលធីឌី ដែលជាក្រុមផលិតស្រាបៀរដ៏ធំមួយក្នុងប្រទេសកម្ពុជា បាននិយាយកាលពីម្សិលមិញថា បុគ្គលិកក្រុមហ៊ុននេះជាង២០០នាក់ បានធ្វើការតវ៉ានៅខាងក្រៅក្រុមហ៊ុនក្នុងក្រុងព្រះសីហនុកាលពីម្សិលមិញដើម្បីទាមទារដំឡើងប្រាក់ខែ៣០ដុល្លារឲ្យដល់១២០ដុល្លារ។
ក្រុមហ៊ុនដែលផលិតស្រាបៀរអង្គរ និងស្រាបៀរ Black Panther នេះមានបុគ្គលិកបម្រើការងារជាង១.០០០នាក់ ប៉ុន្តែការតវ៉ាកាលពីម្សិលមិញ ភាគច្រើនជាបុគ្គលិកគ្មានជំនាញដែលបាននិយាយថា ប្រាក់ខែ៩០ដុល្លាររបស់ពួកគេមិនឆ្លុះបញ្ចាំងពីលក្ខណៈសម្បត្តិរបស់ពួកគេ និងស្ថានភាពគ្រោះថ្នាក់នៃការងាររបស់ពួកគេឡើយ។
លោក គឹម ស៊ីថា អាយុ៤១ឆ្នាំជាជាងផ្សារដែកដែលបានធ្វើការនៅរោងចក្រស្រាបៀរនេះរយៈពេលជាងបួនឆ្នាំមកហើយបាននិយាយថា “យើងមិនចង់ធ្វើការតវ៉ា ឬកូដកម្មប្រឆាំងក្រុមហ៊ុនទេ ប៉ុន្តែយើងបានព្យាយាមប្រាប់ពីកង្វល់របស់យើងជាមួយការិយាល័យរដ្ឋបាលច្រើនលើកច្រើនសាមកហើយ ប៉ុន្តែពួកគេមិនដែលយកសំណើរបស់យើងទៅពិចារណាទេ”។
លោក ជា ស៊ីវ៉ាត អាយុ៣៥ឆ្នាំជាអ្នកគ្រប់គ្រងវិស្វកម្មបានមានប្រសាសន៍ថា នេះជាលើកទី១ហើយដែលបុគ្គលិកបានធ្វើកូដកម្មនៅរោងចក្រនេះ ពីព្រោះពីមុនពួកគាត់មានការអត់ធ្មត់ ដោយសង្ឃឹមថា ក្រុមហ៊ុននឹងដំឡើងប្រាក់ខែដល់ពួកគាត់ឲ្យសមស្របតាមអតិផរណា។
លោក ស៊ីវ៉ាត បានមានប្រសាសន៍ថា “សព្វថ្ងៃនេះ តម្លៃទំនិញនៅតាមទីផ្សារឡើងថ្លៃរាល់ថ្ងៃ ដូច្នេះក្រុមហ៊ុនគួរដំឡើងប្រាក់ខែដល់បុគ្គលិករបស់ខ្លួនដើម្បីឲ្យសមស្របតាមតម្លៃទំនិញផង”។
លោក ឆន ជីវ័ន្ត អាយុ២៨ឆ្នាំ ជាជាងផ្សារដែកម្នាក់ទៀតបាននិយាយថា គាត់បានចូលរួមធ្វើការតវ៉ា ពីព្រោះការធ្វើការនៅក្នុងបន្ទប់ដែលមានសុទ្ធតែម៉ាស៊ីននោះបានធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់បុគ្គលិកដែលមិនត្រូវបានផ្តល់សំណងសមរម្យ។
គាត់បាននិយាយថា “ប្រាក់ខែប៉ុណ្ណឹងមិនស័ក្តិសមនឹងការងារដែលយើងធ្វើឡើយ ហើយវាប៉ះពាល់ដល់សុខភាពទៀត”។ គាត់បានបន្ថែមថា បុគ្គលិកនឹងបន្តធ្វើកូដកម្មទាល់តែក្រុមហ៊ុនឆ្លើយតបតាមការទាមទាររបស់ពួកគេ។
លោក ស ម៉ូរ៉ា ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជាបានមានប្រសាសន៍ថា សហជីពរបស់លោកមិនបានជំរុញបុគ្គលិករបស់ខ្លួនឲ្យធ្វើកូដកម្មទេ ប៉ុន្តែលោកបានបន្ថែមថា សហជីពបានជំរុញឲ្យក្រុមហ៊ុនដំឡើងប្រាក់ខែដល់បុគ្គលិក តែគ្មានប្រយោជន៍ឡើយ។
តំណាងកម្មករ១០នាក់បានជួបប្រជុំជាមួយអ្នកគ្រប់គ្រងរោងចក្រកាលពីរសៀលម្សិលមិញ ប៉ុន្តែលោក ឆេង សុភក្រ្ត អ្នកគ្រប់គ្រងរដ្ឋបាលបានមានប្រសាសន៍ថា មិនមានដំណោះស្រាយទេ។ លោកបានមានប្រសាសន៍ថា “យើងនឹងជួបប្រជុំគ្នាម្តងទៀតនៅថ្ងៃស្អែកនៅម៉ោង៩ព្រឹកជាមួយបុគ្គលិក តំណាងសហជីព និងមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តដើម្បីរកដំណោះស្រាយ ហើយពិភាក្សាគ្នាថា តើត្រូវដំឡើងប្រាក់ខែប៉ុន្មានដល់បុគ្គលិក”៕សារុន