មន្ត្រីម្នាក់បាននិយាយថា ក្រុមមន្ត្រីព្រៃឈើបានបំផ្លាញដំណាំរបស់ប្រជាជនប្រហែល៦០គ្រួសារ ដែលរស់នៅក្នុងដីព្រៃការពារនៅក្នុងខេត្តមណ្ឌលគិរីកាលពីថ្ងៃច័ន្ទបន្ទាប់ពីការខិតខំប្រឹងប្រែងដើម្បីបណ្តេញពួកគាត់ចេញពីដីេនេះ។
លោក ស៊ិន វ៉ាន់វុធ អភិបាលស្រុក បានមានប្រសាសន៍ថា គ្រួសារប្រជាជនមកពីខេត្តកំពង់ចាម ព្រៃវែងនិងខេត្តតាកែវ នេះ បាននិងកំពុងរស់នៅលើដីទំហំ៧០ហិកតានៅក្នុងឃុំស្រែព្រះ ស្រុកកែវសីមា ចាប់តាំងពីឆ្នាំ២០១០មក ដោយភាគច្រើនដាំដំឡូងមី។លោកបានមានប្រសាសន៍ថា ពួកគេត្រូវបានអាជ្ញាធរបណ្តេញចេញពីរលើកហើយ។
លោក សុខ រដ្ឋា អ្នកសម្របសម្រួលរបស់អង្គការសិទ្ធិមនុស្សអាដហុកនៅក្នុងខេត្តនេះបានមានប្រសាសន៍ថា ស្ថានភាពព្រៃឈើ មិនច្បាស់លាស់ទេ ព្រោះគ្មានព្រំសីមាផ្លូវការបញ្ជាក់ថាព្រៃនេះត្រូវបានការពារឡើយ។ លោកបានមានប្រសាសន៍ថា” វាមើលទៅដូចជាព្រៃការពារ ប៉ុន្តែយើងមិនដែលបានឃើញមន្ត្រីមកពីខេត្តធ្វើការកំណត់ព្រំដីនោះទេ”។
លោក រដ្ឋា បានបន្ថែមថា លោកជឿថា ការបណ្តេញចេញនេះ គឺជាវិធីមួយដើម្បីត្រៀមផ្តល់សម្បទានព្រៃទៅឲ្យក្រុមហ៊ុនចម្ការកៅស៊ូដែលនៅក្បែរនោះ គឺក្រុមហ៊ុន BinhPhuoc 1 និង BinhPhuoc 2។
លោក វ៉ាន់វុធ បានបដិសេធការអះអាងនេះ។ លោកបានមានប្រសាសន៍ថា “ក្រោយការបណ្តេញអ្នកភូមិចេញ យើងនឹងមិនលក់តំបន់នោះទៅឲ្យក្រុមហ៊ុនណាមួយទេ ពីព្រោះត្រូវការពារព្រៃនេះ”។
អ្នកភូមិម្នាក់ឈ្មោះ សូរ៉ាន់ សុខម៉េង អាយុ៣៨ឆ្នាំមកពីខេត្តកំពង់ចាមបានមានប្រសាសន៍ថា អ្នកស្រីរស់នៅទីនេះរយៈពេលបួនឆ្នាំហើយ ដោយធ្វើកសិកម្មនៅលើដីទំហំបួនហិកតា។ក្រោយការបណ្តេញចេញ អ្នកស្រី សុខម៉េង បានមានប្រសាសន៍ថា អ្នកស្រីបានបញ្ជូនសំណើទៅអភិបាលខេត្តដើម្បីចេញសម្បទានដីឲ្យអ្នកស្រី។ អ្នកស្រីបានឲ្យដឹងថា “ខ្ញុំមិនដឹងថារស់នៅទីកន្លែងណាប្រសើរជាងទីនេះទេ ពីព្រោះវាងាយស្រួលក្នុងការរស់នៅ និងដាំដំឡូងមីនៅទីនេះ”។
អ្នកស្រីបានបន្ថែមថា “នៅពេលខ្ញុំព្យាយាមបញ្ឈប់ [អាជ្ញាធរ] ពួកគេគំរាមខ្ញុំ ដោយនិយាយថា ប្រសិនបើខ្ញុំមិនចង់ចូលពន្ធនាគារ ខ្ញុំគួរតែដើរចេញ។ ខ្ញុំគិតថា ពួកគេឃោរឃៅដាក់ពួកយើងពេកហើយ”៕ ប៊ុននី