យោងតាមមេធាវីរបស់ដើមបណ្ដឹងបានឲ្យដឹងថា នាយកផ្នែកព័ត៌មាននៅបណ្ដាញស្ថានីយទូរទស្សន៍ព័ត៌មានដែលផ្សាយ២៤ម៉ោងនៅកម្ពុជា នឹងត្រូវសាកសួរនៅតុលាការនៅថ្ងៃនេះ បន្ទាប់ពីមានការប្ដឹងចោទថា បានយកកាំភ្លើងភ្ជង់សហការីម្នាក់។
លោក ហ៊ុយ វណ្ណៈ ដែលជាប្រធានក្រុមផ្នែកវិចារណកថានៅស្ថានីយទូរទស្សន៍ស៊ីអិនស៊ី ត្រូវបានចោទប្រកាន់ថា បានយកកាំភ្លើងភ្ជង់គំរាមបាញ់សម្លាប់លោក រស់ ឌីណា ដែលជាអ្នករៀបចំផែនការ និងចាត់តាំងការងារផ្នែកយកព័ត៌មាននៅស្ថានីយទូរទស្សន៍ស៊ីធីអិន និងមា៉យធីវី។
បណ្ដាញទូរទស្សន៍ទាំងបីនេះស្ថិតនៅក្រោមក្រុមហ៊ុនសាជីវកម្មផ្សព្វផ្សាយកម្ពុជា ដែលគ្រប់គ្រងដោយក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប។
លោក គា អ៊ាវ មេធាវីរបស់លោក ឌីណា បាននិយាយថា សាលាដំបូងរាជធានីភ្នំពេញគ្រោងសាកសួរលោក វណ្ណៈ នៅថ្ងៃនេះពាក់ព័ន្ធពាក្យបណ្ដឹងរបស់កូនក្ដីលោក។ លោកបាននិយាយថា ” វាជាជម្លោះផ្ទៃក្នុងតូចតាច ដែលនៅក្នុងនោះលោក ហ៊ុយ វណ្ណៈ បានយកកាំភ្លើងភ្ជង់លោក រស់ ឌីណា”។លោកបាននិយាយថា លោកមិនអាចនិយាយលម្អិតថា តើរឿងនេះបានកើតឡើងនៅពេលណា ឬនៅទីណាទេ។
លោក ឌីណា បាននិយាយថា លោក កែវ សុជាតិ ព្រះរាជអាជ្ញារងបានកោះហៅគាត់ឲ្យទៅតុលាការនៅថ្ងៃច័ន្ទ បន្ទាប់ពីបានដាក់ពាក្យបណ្ដឹងប្ដឹងលោក វណ្ណៈ។ គាត់បានបដិសេធមិនប្រាប់ព័ត៌មានបន្ថែមទៀតអំពីហេតុការណ៍ដែលត្រូវបានគេចោទឡើងនេះទេ ហើយបានបង្វែរសំណួរទៅមេធាវីរបស់លោក។
លោក សុជាតិ បាននិយាយថា លោកមានរឿងក្ដីជាច្រើន ហើយមិនចាំព័ត៌មានលម្អិតអំពីរឿងក្ដីនេះទេ។
លោក រ៉ាម៉ាឌី មួន អគ្គនាយកទូរទស្សន៍ស៊ីអិនស៊ី បាននិយាយកាលពីម្សិលមិញថា លោកមិនបានដឹងអំពីរឿងក្ដីនេះទេ ប៉ុន្តែលោកបានបញ្ជាក់ថា ក្រុមហ៊ុនកំពុងស៊ើបអង្កេតពីការចោទប្រកាន់នេះ។
លោកបាននិយាយថា ” ខ្ញុំបានដឹងអំពីហេតុការណ៍នេះ ប៉ុន្តែខ្ញុំមិនដឹងព័ត៌មានលម្អិតទេ។មានការស៊ើបអង្កេតផ្ទៃក្នុងជាមួយផ្នែកធនធានមនុស្ស។ វាជាបញ្ហាផ្ទៃក្នុង ដូច្នេះវាស្ថិតនៅក្រោមផ្នែកធនធានមនុស្ស”។លោក មួន បាននិយាយថា ទាំងលោក ឌីណា និងលោក វណ្ណៈ កំពុងធ្វើការឲ្យក្រុមហ៊ុននៅឡើយ។
នៅពេលសួរថា តើទូរទស្សន៍ស៊ីអិនស៊ី មានគម្រោងចាត់វិធានការណាមួយលើលោក វណ្ណៈ ដែរឬយ៉ាងណានោះ គាត់បានឆ្លើយថា “វាពាក់ព័ន្ធនឹងនីតិវិធី។ ខ្ញុំទុករឿងនេះឲ្យអ្នកទទួលបន្ទុកផ្នែកស៊ើបអង្កេតផ្ទៃក្នុង”។
លោក វណ្ណៈ ធ្លាប់ធ្វើការជាអ្នកយកព័ត៌មានឲ្យវិទ្យុអាស៊ីសេរី និងជាមន្ត្រីកិច្ចការសាធារណៈនៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។
លោក គិត ម៉េង ជាប្រធានក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដែលជាម្ចាស់ក្រុមហ៊ុនសាជីវកម្មផ្សព្វផ្សាយកម្ពុជាបានបដិសេធមិនធ្វើអត្ថាធិប្បាយ។ គេមិនអាចទាក់ទងលោក វណ្ណៈ បានទេ៕ គឹមហឿន
(រាយការណ៍បន្ថែមដោយ គុច ណារ៉េន)