នគរបាលបាននិយាយកាលពីម្សិលមិញថា ខ្លួនបានបាញ់សម្លាប់បុរសម្នាក់ ដែលបានសម្លាប់ក្មួយប្រុសអាយុ៦ឆ្នាំរបស់គាត់ ដោយប្រើកាំបិតប៉័ងតោ អំឡុងការប្រឈមមុខគ្នារយៈពេល១២ម៉ោងនៅក្នុងខេត្តត្បូងឃ្មុំកាលពីថ្ងៃអង្គារ។
លោក ម៉ៅ ពៅ ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា កុមារ ថា ឆារ៉ាត់ បានទៅលេងឪពុកមារបស់ខ្លួន ឈ្មោះ ហឹុម សុខណា នៅក្នុងឃុំកក់ ស្រុកពញាក្រែក ស្រាប់តែឪពុកមាអាយុ២២ឆ្នាំរូបនេះបានចងក្មួយប្រុសរបស់ខ្លួនជាប់នឹងសសរ។
អ្នកភូមិ និងនគរបាលបានទៅជួយពេលឮក្មេងប្រុសរូបនេះស្រែក មុនពេល ហ៊ឹម សុខណា ដែលប្រដាប់ដោយកាំបិតប៉័ងតោបានគំរាមសម្លាប់ក្មួយប្រុសរបស់ខ្លួនប្រសិនបើនរណាម្នាក់ចូលក្នុងផ្ទះរបស់ខ្លួន។
លោកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ បានមានប្រសាសន៍ថា “នគរបាល និងអ្នកភូមិបានឡោមព័ទ្ធផ្ទះរបស់ជននេះពីម៉ោង១១ព្រឹក រហូតដល់ម៉ោង១១យប់ ហើយបានព្យាយាមបញ្ចុះបញ្ចូលជននេះឲ្យដោះលែងក្មួយប្រុសរបស់ខ្លួន ប៉ុន្តែ ជននេះមិនព្រមឡើយ”។ លោកបានមានប្រសាសន៍ថា “នគរបាលបានឲ្យភេសជ្ជៈដាក់ថ្នាំសណ្តំទៅ ហ៊ឹម សុខណា ផឹក ប៉ុន្តែបុរសរូបនេះមិនព្រមផឹកឡើយ។
លោកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ បានមានប្រសាសន៍ថា “បន្ទាប់ពីបុរសរូបនេះមិនព្រមផឹក នគរបាលបានប្រើកាំភ្លើងឆក់បាញ់ជនសង្ស័យរូបនេះឲ្យសន្លប់ដើម្បីចូលទៅក្នុងផ្ទះជួយសង្គ្រោះក្មេងប្រុសរូបនោះ”។
លោកបានបន្ថែមថា “ប៉ុន្តែ នៅពេលមន្ត្រីនគរបាលចូលទៅក្នុងផ្ទះ ជនសង្ស័យនៅដឹងខ្លួននៅឡើយ ហើយបានយកកាំបិតប៉័ងតោកាប់នគរបាល។ នៅពេលជនសង្ស័យដេញកាប់នគរបាល ពួកគេបានដកថយ ហើយជនសង្ស័យខឹងពួកយើងយ៉ាងខ្លាំង ហើយយកកាំបិតប៉័ងតោកាប់ក្មួយប្រុសរបស់ខ្លួន”។
លោកបានមានប្រសាសន៍ថា ពេលនោះ ហ៊ឹម សុខណា បានព្យាយាមរត់ចេញពីផ្ទះ ហើយបន្តកាប់មកលើនគរបាល ដែលបានដកកាំភ្លើងបាញ់ជននេះ។ លោកបានបន្ថែមថា “ដើម្បីការពារសុវត្ថិភាពនគរបាល និងអ្នកភូមិ កម្លាំងរបស់យើងបានបាញ់បុរសរូបនេះពីរគ្រាប់ចំភ្លៅខាងស្តាំ ប៉ុន្តែ ជនសង្ស័យរូបនេះនៅតែមិនព្រមឈប់ទៀត ដូច្នេះហើយនគរបាលរបស់យើងបានបាញ់មួយគ្រាប់ទៀតត្រូវត្រង់ពោះ ហើយជននេះបានស្លាប់នៅកន្លែងកើតហេតុតែម្តង”។
លោកឧត្តមសេនីយ៍ត្រី មៅ៉ ពៅ បានមានប្រសាសន៍ថា ក្មេងប្រុស ថា ឆារ៉ាត់ ដែលត្រូវឪពុកមាកាប់ចំក ភ្លៅ និងដៃនោះ បានស្លាប់តាមផ្លូវពេលបញ្ជូនទៅមន្ទីរពេទ្យ។ លោកបានមានប្រសាសន៍ថា “យើងសោកស្តាយណាស់ ដែលយើងមិនអាចជួយសង្គ្រោះក្មេងប្រុសនេះបាន ហើយយើងបានបាញ់សម្លាប់ជនសង្ស័យរូបនេះ”។
លោក អឹម កៅ នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបានមានប្រសាសន៍ថា ហ៊ឹម សុខណា បានវិលត្រឡប់មកពីធ្វើការនៅប្រទេសថៃកាលពីឆ្នាំមុន ហើយជារឿយៗបានត្អូញត្អែរថា មានអារម្មណ៍ឈឺក្បាលបន្តិចបន្តួច ប៉ុន្តែ មិនដែលបង្កអំពើហិង្សាទេ។
លោក អឹម កៅ បានបន្ថែមថា ហឹុម សុខណា បានចាប់ផ្តើមធ្វើសកម្មភាពប្លែកៗកាលពីសប្តាហ៍មុន នៅពេលនោះបុរសរូបនេះបានចាប់ផ្តើមភ្លេចមនុស្សដែលខ្លួនធ្លាប់ស្គាល់ ហើយបានប៉ុនប៉ងច្របាច់កឪពុករបស់ខ្លួន។ លោក អឹម កៅ បានមានប្រសាសន៍ថា “យើងមិនដឹងថា តើជនសង្ស័យរូបនេះមានបញ្ហាផ្លូវចិត្តមែន ឬមិនមានឡើយ”៕សារុន