នៅពេលបុរសជនជាតិវៀតណាមម្នាក់ត្រូវមនុស្សមួយក្រុមព្រួតវាយរហូតដល់ស្លាប់នៅក្នុងរាជធានីភ្នំពេញ ក្រោយពីមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងកាលពីដើមឆ្នាំនេះ វាបានឆ្លុះបញ្ចាំងឲ្យឃើញនូវភាពតានតឹងកើនឡើងរវាងពលរដ្ឋខ្មែរ និងជនជាតិវៀតណាម។
ជនរងគ្រោះដែលកើតនៅក្នុងប្រទេសកម្ពុជា និងរស់នៅទីនេះពេញមួយជីវិតរបស់ខ្លួន ព្រមទាំងបានរៀបការជាមួយស្ត្រីខ្មែរទៀតនោះ ត្រូវបានគេព្រួតវាយយ៉ាងហិង្សា បន្ទាប់ពីមានមនុស្សម្នាក់ស្រែកថា គាត់ជា “យួន” ជាពាក្យប្រមាថសំដៅដល់ជនជាតិវៀតណាម។
ការសម្លាប់ដែលគេចោទថា កើតឡើងដោយសារការរើសអើងជាតិសាសន៍នេះ បានលាតត្រដាងពីទំហំនៃអារម្មណ៍ល្វីងជូរចត់របស់ប្រជាពលរដ្ឋខ្មែរមួយចំនួនចំពោះវៀតណាម ដោយសារតែប្រវត្តិសាស្ត្រ ប្រទូសរា៉យគ្នាយូរលង់មកហើយរវាងប្រទេសទាងពីរ ដែលគណបក្សសង្គ្រោះជាតិបានជួយបញ្ឆេះឲ្យកាន់តែពុះកញ្ជ្រោលឡើងតាមរយៈការប្រើប្រាស់វោហារសាស្ត្រប្រឆាំងវៀតណាមនៅក្នុងការធ្វើយុទ្ធនាការ និងបាតុកម្មជាសាធារណៈរបស់ខ្លួន។
ពេលនេះ អ្នកស្រាវជ្រាវមួយក្រុមបានចាប់ផ្ដើមសិក្សាអំពីជនជាតិវៀតណាមនៅក្នុងប្រទេសកម្ពុជា ដោយសង្ឃឹមថា ការលាតត្រដាងបន្ថែមទៀតអំពីការរស់នៅរបស់ជនជាតិភាគតិចដែលមានចំនួនច្រើនបំផុតនៅកម្ពុជានេះ អាចជួយសម្រាលភាពតានតឹងបាន។
ការសិក្សាសាកល្បង ដែលមានឈ្មោះថា “ជីវិតរស់នៅមុនការបណ្ដេញចេញ៖ ប្រវត្តិសហគមន៍របស់ជនជាតិភាគតិចវៀតណាមនៅខេត្តកំពង់ឆ្នាំង” បានប្រមូលបទសម្ភាសផ្ទាល់មាត់ពីជនជាតិវៀតណាមចំនួន៣២នាក់ ដែលរស់នៅតាមភូមិអណ្ដែតទឹកលើទន្លេសាប។
លោក លី រតនៈ មន្ត្រីគម្រោងនៅអង្គការក្តីករុណា ដែលកាលពីល្ងាចម្សិលមិញ បានបង្ហាញពីការសន្និដ្ឋាននេះនៅមជ្ឈមណ្ឌលខេមរសិក្សា បានមានប្រសាសន៍ថា អ្នកផ្ដល់បទសម្ភាសភាគច្រើនមានទំនាក់ទំនងផ្នែកស្មារតីរឹងមាំទៅនឹងអ្វីដែលពួកគេចាត់ទុកថា ជាទឹកដីកំណើតរបស់ខ្លួន។
លោកបានមានប្រសាសន៍ទៀតថា “ភាគច្រើន ពួកគាត់បានចូលមកនៅចុងសតវត្សទី១៩ ហើយពួកគេបានតាំងលំនៅ និងរស់នៅក្នុងតំបន់ទន្លេសាប ហើយភាគច្រើនពួកគេជាអ្នកនេសាទ។ ពួកគេភាគច្រើនចេះនិយាយភាសាខ្មែរបានយ៉ាងច្បាស់ ពីព្រោះកាលពីក្មេង ពួកគេធ្លាប់លេងជាមួយកុមារកម្ពុជា”។
លោក លី រតនៈ បានមានប្រសាសន៍ថា ពីមុនមក ធ្លាប់មានការសិក្សាស្រាវជ្រាវតិចតួចណាស់អំពីប្រជាជនវៀតណាម ហើយការយល់ដឹងឲ្យបានច្បាស់ថា តើសហគមន៍ទាំងនោះបានបង្ហាញខ្លួន និងវិវឌ្ឍដោយរបៀបណា នៅទីបំផុតអាចបង្កើនការយល់ដឹងអំពីភាពផ្សេងគ្នារបស់ពួកគេ។
លោកបានលើកឡើងតាមអីុម៉េលថា “ការសិក្សានេះគឺជាជំហានដំបូងដើម្បីប្រមូលចងក្រងរឿងរ៉ាវរបស់ពួកគេក្នុងគោលបំណងបង្កើនការយល់ដឹងនៅក្នុងសង្គមកម្ពុជាអំពីភាពពិតថា ‘ជនជាតិវៀតណាម’ មិនមែនជាក្រុមដូចគ្នាតែមួយ ឬក្រុមធំនោះទេ”។
លោកស្រី ឈីម គ្រីស្ទីណា អ្នកស្រាវជ្រាវផ្នែកកម្មវិធីសិក្សា ដែលមានជំនាញឯកទេសខាងប្រវត្តិសាស្ត្រកម្ពុជានាសម័យទំនើប និងដែលគ្រប់គ្រងគម្រោងនេះបានមានប្រសាសន៍ថា លោកស្រីសង្ឃឹមថា ប្រជាពលរដ្ឋខ្មែរនឹងនាំគ្នាជជែកអំពីរឿងនេះ។
លោកស្រីនិយាយថា “ចំណុចសំខាន់បំផុតរបស់ខ្ញុំ គឺខ្ញុំចង់គាំទ្រ និងជួយប្រជាជនខ្មែរឲ្យចូលរួមពាក់ព័ន្ធក្នុងបញ្ហានេះ ដើម្បីសិក្សាបន្ថែមទៀតអំពីប្រជាជនវៀតណាម ដែលរស់នៅក្នុងប្រទេសនេះ”។ លោកស្រីបានបន្តថា ក្រុមនេះសង្ឃឹមថា នឹងធ្វើការសិក្សាពាក់ព័ន្ធជាបន្តបន្ទាប់នៅប៉ុន្មានឆ្នាំខាងមុខ។
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាដែលធ្លាប់រិះគន់ខ្លាំងៗចំពោះវោហារសាស្ត្រប្រឆាំងជាតិសាសន៍របស់គណបក្សសង្គ្រោះជាតិ បានមានប្រសាសន៍ថា អ្វីដែលបានកែលម្អការជជែកគ្នាអំពីប្រជាជនវៀតណាមរស់នៅក្នុងប្រទេសកម្ពុជា គឺជារឿងវិជ្ជមាន។
លោកបានមានប្រសាសន៍ទាក់ទងនឹងការសិក្សាស្រាវជ្រាវអំពីសហគមន៍ជនជាតិវៀតណាមនៅក្នុងប្រទេសកម្ពុជាថា “ខ្ញុំគិតថា វានឹងមិនអាចផ្លាស់ប្ដូរចិត្តគំនិតបានច្រើនទេ មានអ្នកជាតិនិយមជ្រុលជាច្រើន ប៉ុន្តែ វាគឺជាការចាប់ផ្ដើមដ៏ល្អ។ វាមិនមែនត្រូវតែនិយាយតែអំពីសិទ្ធិរបស់ជនជាតិភាគតិចវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែ វាក៏សម្រាប់ប្រជាពលរដ្ឋកម្ពុជាបោះជំហានឆ្ពោះទៅមុខផងដែរ”៕សុខុម