លោក វន់ ពៅ ត្រូវបានបោះឆ្នោតជ្រើសរើសជាថ្មីម្តងទៀតឲ្យធ្វើជាប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) ជាអង្គការការងារដែលមានសមាជិកភាគច្រើនជាអ្នករត់រឺុម៉កម៉ូតូកង់បី និងអ្នករត់ម៉ូតូឌុបនៅក្នុងការបោះឆ្នោតដោយគ្មានការប្រកួតប្រជែងមួយ បន្ទាប់ពីអនុប្រធាននៃសមាគមនេះ បានដកខ្លួនចេញពីការប្រកួតប្រជែងដោយចោទថា មានភាពមិនប្រក្រតី។
លោក សុខ ឈុនអឿង ដែលលាលែងពីតំណែងជាអនុប្រធាននៃសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហើយដកឈ្មោះរបស់លោកចេញពីការបោះឆ្នោតជ្រើសរើសប្រធានសមាគម បានអង្គុយនៅខាងក្រៅការិយាល័យរបស់សមាគមលោកក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញកាលពីម្សិលមិញ ខណៈសមាជិកនៅខាងក្នុងបានបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មការប្រតិបត្តិ និងក្រុមប្រឹក្សាប្រចាំខេត្ត។
លោក ឈុនអឿង បានមានប្រសាសន៍ថា “យើងមិនចូលរួមការបោះឆ្នោត ព្រោះពួកគេមិនបញ្ចូលខ្ញុំនៅក្នុងការពិភាក្សាណាមួយឡើយ ហើយបដិសេធមិនព្រមពន្យារពេលការបោះឆ្នោត និងមានបុគ្គលិកបណ្តោះអាសន្នចំនួនបីរូប ឈរឈ្មោះជាបេក្ខជនសម្រាប់តំណែងជាសមាជិកគណៈកម្មការប្រតិបត្តិនៅក្នុងការបោះឆ្នោតនេះ”។
លោកបានអះអាងថា តាមច្បាប់របស់សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺមិនអនុញ្ញាតឲ្យបុគ្គលិកដែលមានប្រាក់ខែឈរឈ្មោះជាបេក្ខជនសម្រាប់តំណែងសមាជិកគណៈកម្មការប្រតិបត្តិនោះទេ ដោយទុកតំណែងជាប្រធាននេះឲ្យតែសមាជិកសមាគមនេះ តែប៉ុណ្ណោះ។
លោកបានមានប្រសាសន៍ថា “វាមានកំហុស ហើយយើងមិនអាចទទួលយកបានទេ ព្រោះវាមិនផ្អែកលើច្បាប់”។
ប៉ុន្តែ លោក វន់ ពៅ បានលើកឡើងថា ការចោទប្រកាន់របស់លោក ឈុនអឿង គឺមិនត្រឹមត្រូវទេ ហើយបាននិយាយថា អតីតអនុប្រធានរូបនេះបានព្យាយាមបំផ្លាញសមាគម ដែលមានសមាជិកប្រមាណ៧.០០០នាក់។
លោកបានមានប្រសាសន៍ថា “វាគឺជាការចោទប្រកាន់គ្មានមូលដ្ឋាន។ យើងពិតជាបានធ្វើតាមច្បាប់។ បុគ្គលិកទាំងនោះត្រូវបានហាមមិនឲ្យឈរឈ្មោះជាសមាជិកក្រុមប្រឹក្សាតំណាង ប៉ុន្តែ មិនមែនហាមមិនឲ្យឈរឈ្មោះជាបេក្ខជនគណៈកម្មការប្រតិបត្តិនោះទេ”។
លោក វន់ ពៅ បានលើកឡើងទៀតថា លោកជឿជាក់ថា លោក ឈុនអឿង កំពុងធ្វើការជាមួយលោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា ដើម្បីធ្វើឲ្យខូចឈ្មោះរបស់អ្នកដឹកនាំនៃសមាគមលោក។
លោក វន់ ពៅ បានមានប្រសាសន៍ថា “គាត់ [ លោក ឈុនអឿង ] មកបំផ្លាញសមាគម ព្រោះគាត់បានទទួលបញ្ជាពីលោក អាត់ ធន់។ លោក អាត់ ធន់ បានដើរចេញពីអង្គការដើម្បីទុកឱកាសឲ្យខ្ញុំតាំងពី ឆ្នាំ២០១៣ មកនៅពេលខ្ញុំបានសួរអំពីភាពមិនប្រក្រតីក្នុងសហជីពរបស់លោក”។
នៅពេលទាក់ទងកាលពីម្សិលមិញ លោក អាត់ ធន់ ដែលបានផ្ញើលិខិតមួយច្បាប់ទៅលោក វន់ ពៅ ស្នើឲ្យលោកពន្យារពេលបោះឆ្នោតបានបដិសេធថា លោកមិនបានចេញបទបញ្ជាណាមួយដល់លោក ឈុនអឿង ទេ។
លោកបានមានប្រសាសន៍ថា “ខ្ញុំបានទទួលការប្តឹងពីសមាជិកសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធមកថា ពួកគេចង់បញ្ជាក់អ្វីមួយ។ ពួកគេបានស្នើឲ្យខ្ញុំធ្វើអន្តរាគមន៍ ខ្ញុំនឹងជួយពួកគេ ព្រោះសមាគមនេះគឺជាសមាជិករបស់សហភាពការងារកម្ពុជា”។
លោក សែម សាន ជាបេក្ខជនឈរឈ្មោះមួយរូប និងជាសមាជិករបស់សមាគមនេះបានឲ្យដឹងថា លោក ឈុនអឿង មិនចូលរួមក្នុងការបោះឆ្នោត ព្រោះលោកគ្មានការគាំទ្រ។
លោកបានមានប្រសាសន៍ថា “ខ្ញុំគិតថា លោក ឈុនអឿង កំសាកណាស់។ គាត់មិនហ៊ានដាក់ឈ្មោះនៅក្នុងការបោះឆ្នោត ព្រោះគាត់នឹងចាញ់”៕ស៊ុយឈាង