ចៅក្រមនៅសាលាក្ដីខ្មែរក្រហមបានច្រានចោលការប្រឹងប្រែងចុងក្រោយបំផុតរបស់ជនសង្ស័យម្នាក់ក្នុងសំណុំរឿង០០៤ដែលមិនទាន់សម្រេចនៅឡើយរបស់តុលាការនេះ ដើម្បីចូលរួមនៅក្នុងការស៊ើបអង្កេត ដោយធ្វើឲ្យមានក្ដីបារម្ភជាថ្មីថា តុលាការនេះកំពុងតែបដិសេធសិទ្ធិទទួលបានសវនាការយុត្តិធម៌របស់ជនសង្ស័យ។
នៅក្នុងសេចក្ដីសម្រេចមួយចុះថ្ងៃទី៣០ ខែកញ្ញា អង្គបុរេជំនុំជម្រះនៃសាលាក្ដីនេះ បានច្រានចោលសំណើសុំកែប្រែសេចក្តីសម្រេចមួយដោយសហចៅក្រមស៊ើបអង្កេតអន្តរជាតិ ម៉ាក ហាម៉ុន (Mark Harmon) ដើម្បីច្រានចោលសំណើរបស់ជនសង្ស័យមិនបញ្ចេញឈ្មោះនេះសម្រាប់ការចូលរួមក្នុងសកម្មភាពស៊ើបអង្កេត។
សំណើស្រដៀងគ្នានេះបានធ្វើឲ្យមានសេចក្ដីសម្រេចដោយឡែកមួយពីសំណាក់អង្គចៅក្រមប្រាំរូប កាលពីខែមករា មានន័យថា សេចក្ដីសម្រេចរបស់ចៅក្រម ម៉ាក ហាម៉ុន គឺនៅរក្សាទុកដដែល។ អង្គចៅក្រមបុរេជំនុំជម្រះបានច្រានចោលការអំពាវនាវចុងក្រោយនេះ ដោយមិនទាំងបានពិចារណាភាពអាចទទួលយកបានរបស់វាផង ពីព្រោះវានៅជារឿងដដែល។
ទោះបីជាឈ្មោះជនសង្ស័យត្រូវបានចុះផ្សាយក្ដី ក៏ការអំពាវនាវនេះហាក់ដូចជាធ្វើឡើងជួសមុខឲ្យ តាអាន ជាជនសង្ស័យម្នាក់ក្នុងសំណុំរឿង០០៤ ដែលជាអតីតអនុលេខារបស់ ប៉ុល ពត នៅភូមិភាគកណ្ដាល។
លោក ហ្គោរ៉ាន ស្លូ៊តធើ (Goran Sluiter) ជាមេធាវីមួយរូបនៅក្នុងក្រុមមេធាវីតំណាងឲ្យ តាអាន បានបដិសេធមិនបញ្ជាក់ ឬច្រានចោលថា តើជនសង្ស័យដែលអត្តសញ្ញាណនៅតែរក្សាជាការសម្ងាត់នៅក្នុងសេចក្ដីសម្រេចនេះ ជាកូនក្ដីរបស់លោកឬយ៉ាងណាឡើយ។ ប៉ុន្តែលោកនៅតែរិះគន់សេចក្ដីសម្រេចនេះ។
លោកបានលើកឡើងតាមរយៈអុីម៉េលថា “យើងមានការព្រួយបារម្ភ ហើយនៅតែព្រួយបារម្ភយ៉ាងខ្លាំងចំពោះកង្វះការចូលរួមទាំងស្រុងដោយមេធាវីការពារនៅក្នុងការស៊ើបអង្កេត [របស់សាលាក្ដី]។ វាជាការរំលោភសិទ្ធិរបស់កូនក្ដីយើងក្នុងការទទួលបានសវនាការយុត្តិធម៌ ហើយក៏ដូចជាការរំលោភវិធាន និងគោលការណ៍ច្បាប់ឧក្រិដ្ឋកម្មអន្តរជាតិដែរ។ ការស៊ើបអង្កេតដែលតួនាទីរបស់មេធាវីការពារមិនត្រូវបានយកចិត្តទុកដាក់ គឺគ្មានលក្ខណៈស៊ីជម្រៅ ធ្វើឡើងតែម្ខាង និងគ្មានតម្លៃឡើយ។ មិនមែនមានតែកូនក្ដីរបស់យើងទេដែលសមទទួលបានសវនាការយុត្តិធម៌ ប្រជាពលរដ្ឋកម្ពុជាក៏ដូច្នោះដែរ”។
រហូតមកទល់ពេលនេះ តុលាការតែងតែច្រានចោលការប្រឹងប្រែងរបស់ជនសង្ស័យនៅក្នុងសំណុំរឿង០០៣ និង០០៤ ដែលសុទ្ធតែត្រូវបានរដ្ឋាភិបាលលើកឡើងថា មិនគួរបន្តដំណើរការទៅមុខដោយលើកហេតុផលថា ជនសង្ស័យទាំងនោះមិនទាន់ត្រូវបានចោទប្រកាន់ជាផ្លូវការនៅឡើយ។
មិនមែនចៅក្រមទាំងអស់សុទ្ធតែយល់ស្របឡើយ។ ដូចបានបញ្ជាក់នៅក្នុងសេចក្ដីសម្រេចចុងក្រោយរបស់ខ្លួន ចៅក្រមអន្តរជាតិពីររូបនៅអង្គបុរេជំនុំជម្រះ បានមានប្រសាសន៍ថា ជនសង្ស័យត្រូវបានបញ្ចេញឈ្មោះនៅក្នុងដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួររបស់ចៅក្រមស៊ើបសួរបញ្ជូនទៅតុលាការរួចហើយ ដូច្នេះគួរតែត្រូវបានពិចារណាថាជាជនត្រូវចោទ ដែលទទួលបានរាល់អាកាសចូលរួមនៅក្នុងការស៊ើបអង្កេត។
ប៉ុន្តែចៅក្រមកម្ពុជាបីរូបមិនយល់ស្របទេ ធ្វើឲ្យអង្គបុរេជំនុំជម្រះគ្មានសំឡេងឆ្នោតបួនសំឡេង ដែលខ្លួនត្រូវការជាចាំបាច់ក្នុងការធ្វើសេចក្ដីសម្រេចកាលពីខែមករា។
លោកស្រី ហ៊ីសឺ រ៉ាយអាន (Heather Ryan) អ្នកឃ្លាំមើលសាលាក្តីមួយរូបមកពីអង្គការគំនិតផ្ដួចផ្ដើមយុត្តិធម៌សង្គមសាធារណៈ បានមានប្រសាសន៍ថា វាពិតជាចម្លែកណាស់ដែលតុលាការនេះមិនទាន់ចោទប្រកាន់ជនសង្ស័យក្នុងសំណុំរឿង០០៣ និង០០៤ ដែលសុទ្ធតែបានស្ថិតក្រោមការស៊ើបអង្កេតតាំងពីឆ្នាំ២០០៩មក ហើយវាជារឿងគួរឲ្យព្រួយបារម្ភដែលតុលាការនេះមិនទាន់ពន្យល់ពីមូលហេតុនៃការពន្យារពេលយូរយ៉ាងនេះនៅឡើយ។
លោកស្រីបានមានប្រសាសន៍ថា ប្រសិនបើចុងបញ្ចប់ចៅក្រមស៊ើបសួរសម្រេចមិនចោទប្រកាន់ជនសង្ស័យដោយសារខ្វះភ័ស្តុតាង នឹងមានក្ដីបារម្ភអំពីសិទ្ធិទទួលបានសវនាការយុត្តិធម៌។
លោកស្រីបានលើកឡើងទៀតថា ប្រសិនបើពួកគេត្រូវបានចោទប្រកាន់ “ពួកគេគួរតែមានឱកាសចូលរួមនៅក្នុងការស៊ើបអង្កេត ដើម្បីធានាឲ្យមានការរាប់បញ្ចូលកំណត់ត្រាភ័ស្តុតាងដោះបន្ទុក ពួកគេប្រហែលជាមនុស្សតែម្នាក់គត់ដែលដឹងភ័ស្តុតាងបែបនេះ និងដើម្បីការពារភាពយុត្តិធម៌នៃការស៊ើបអង្កេតទូទៅ។ ការចូលរួមទាន់ពេលវេលានៅក្នុងការស៊ើបអង្កេត គឺសំខាន់ណាស់ ពីព្រោះសាក្សីអាចនឹងស្លាប់ ឬភ័ស្តុតាងបាត់បង់ ឬសាបរលាបទៅតាមពេលវេលា”។
លោក ម៉ៃឃើល កាណាវ៉ាស (Michael Karnavas) កំពុងការពារជនសង្ស័យម្នាក់នៅក្នុងសំណុំរឿង០០៣។ លោកមានប្រសាសន៍ថា មេធាវីតំណាងឲ្យជនសង្ស័យនៅក្នុងសេចក្ដីសម្រេចរបស់អង្គបុរេជំនុំជម្រះ អាចពន្យល់ប្រាប់តុលាការបាន ប្រសិនបើ និងនៅពេលកូនក្ដីរបស់ពួកគេត្រូវបានចោទប្រកាន់ចំពោះផលប៉ះពាល់ណាមួយដែលបង្កឡើងដោយសារការពន្យារពេលនៅក្នុងការចោទប្រកាន់កូនក្ដីរបស់ពួកគេ” ប៉ុន្តែវាពិតណាស់ថា ការប៉ះពាល់បែបនេះប្រហែលជារឿងចៀសមិនផុតទេ”។
លោកបានមានប្រសាសន៍បន្តថា សំណើផ្ទាល់ខ្លួនរបស់លោកសុំទទួលយកសំណុំរឿងរបស់កូនក្ដីលោក និងដើម្បីចូលរួមនៅក្នុងការស៊ើបអង្កេត នៅតែត្រូវបានគេព្រងើយកន្តើយរហូតមកទល់ពេលនេះ។
លោកបានលើកឡើងទៀតថា “ដោយសារតែយើងមិនទាន់មានឱកាសចូលរួមនៅក្នុងការស៊ើបអង្កេតរបស់តុលាការ ក្នុងករណីដែលកូនក្ដីរបស់យើងត្រូវបានចោទប្រកាន់ [ចៅក្រមស៊ើបសួរ] នឹងចាំបាច់ត្រូវឲ្យយើងទទួលបានសំណុំរឿងនោះ និងពេលវេលាគ្រប់គ្រាន់ដើម្បីពិនិត្យផ្ទៀងផ្ទាត់វា និងដើម្បីដាក់សំណើស៊ើបអង្កេត និងសំណើផ្សេងៗទៀត មុនពេលពួកគេបិទការស៊ើបអង្កេត”។
បច្ចុប្បន្នសាលាក្ដីកំពុងចាប់ផ្ដើមដំណាក់កាលទី២នៃសំណុំរឿង០០២ ដែលក្នុងនោះ នួន ជា និង ខៀវ សំផន មេដឹកនាំក្នុងរបបខ្មែរក្រហម ត្រូវប្រឈមការចោទប្រកាន់ពីបទប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មផ្សេងៗទៀត៕ សុខុម