នៅពេលកងកម្លាំងរក្សាសន្តិភាពកម្ពុជាបានជួបជុំគ្នានៅក្នុងពិធីមួយកាលពីម្សិលមិញ មុនបេសកកម្មរក្សាសន្តិភាពរយៈពេលមួយឆ្នាំទៅកាន់សាធារណរដ្ឋអាហ្វ្រិកកណ្ដាល មន្ត្រីយោធាបានសម្ដែងក្ដីព្រួយបារម្ភចំពោះការផ្ទុះនៃមេរោគអេបូឡា ដែលកំពុងរាតត្បាតផ្នែកខ្លះនៃតំបន់អាហ្វ្រិកខាងលិច។
កងកម្លាំងរក្សាសន្តិភាពកម្ពុជាគ្រោងធ្វើដំណើរចាកចេញពីប្រទេសកម្ពុជាកាលពីពេលរសៀលម្សិលមិញ ប៉ុន្តែឧត្ដមសេនីយ៍ សែម សុវណ្ណី អគ្គនាយកមជ្ឈមណ្ឌលជាតិនៃកងកម្លាំងរក្សាសន្តិភាពបានឲ្យដឹងកាលពីយប់មិញថា បេសកកម្មនេះត្រូវបានពន្យារពេលប្រហែលពីរសប្ដាហ៍ ព្រោះកងកម្លាំងរក្សាសន្តិភាពចំនួន២០នាក់ ដែលត្រូវបានបញ្ជូនឲ្យទៅមុនដើម្បីសាងសង់កន្លែងស្នាក់នៅសម្រាប់កងកម្លាំងរក្សាសន្តិភាពដែលគ្រោងនឹងចាកចេញនេះនៅមិនទាន់បញ្ចប់ការសាងសង់របស់ខ្លួននៅឡើយទេ។
អំឡុងពិធីរយៈពេលពីរម៉ោងនៅមូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុង នាយឧត្ដមសេនីយ៍ ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិបានលើកឡើងថា ទោះបីជាកងកម្លាំងរក្សាសន្តិភាពចំនួន១៩៦រូបមកពីកងវិស្វកម្មលេខ៩៤៥បានហ្វឹកហាត់បានយ៉ាងល្អប្រសើរក៏ដោយ តែការទៅបំពេញបេសកកម្មរបស់ពួកគេលើកនេះអាចនឹងប្រឈមការលំបាក។
នាយឧត្ដមសេនីយ៍ ទៀ បាញ់ បានមានប្រសាសន៍ថា ”[ការហ្វឹកហាត់] គឺវាលំបាកគ្រប់គ្រាន់សម្រាប់ពួកគេ។ ប៉ុន្តែភាពខុសគ្នានៅសាធារណរដ្ឋអាហ្វ្រិកកណ្ដាល គឺទីតាំងភូមិសាស្ត្រ នយោបាយ និងវប្បធម៌។ មិនគ្រាន់តែប៉ុណ្ណឹងទេ ឥឡូវនេះតំបន់អាហ្វ្រិក កំពុងតែជួបនឹងការផ្ទុះឡើងនៃមេរោគអេបូឡាទៀត”។
យោងតាមអង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា មកទល់ពេលនេះ ការផ្ទុះឡើងនៃមេរោគអេបូឡានៅតំបន់អាហ្វ្រិកខាងលិច បានធ្វើឲ្យមនុស្សចំនួន៩.១៧៨នាក់ឆ្លងមេរោគនេះ ហើយធ្វើឲ្យមនុស្សចំនួន៤.៥៤៦នាក់បានបាត់បង់ជីវិត។
ករណីឆ្លង និងស្លាប់ភាគច្រើនគឺកើតឡើងនៅក្នុងប្រទេសតំបន់អាហ្វ្រិកខាងលិចមួយចំនួន ដូចជាប្រទេសហ្គីណេ លីបេរីយ៉ា និងសៀរ៉ាឡេអូនជាដើម។
សាធារណរដ្ឋអាហ្វ្រិកកណ្ដាល ដែលមានទីតាំងនៅក្នុងតំបន់អាហ្វ្រិកកណ្ដាលមិនទាន់មានសេចក្ដីរាយការណ៍ពីករណីឆ្លងមេរោគអេបូឡានៅឡើុយទេ អំឡុងការផ្ទុះឡើងនៃមេរោគនេះក្នុងពេលថ្មីៗនេះ ប៉ុន្តែអង្គការសុខភាពពិភពលោកបានលើកឡើងថា មេរោគនេះអាចរីករាលដាលដល់ប្រទេសនេះ។
បន្ទាប់ពីពិធីកាលពីម្សិលមិញ កងកម្លាំងរក្សាសន្តិភាពមួយចំនួនបានលើកឡើងថា ខ្លួនមានមោទនភាពក្នុងការចូលរួមបេសកកម្មនេះ ប៉ុន្តែក៏ព្រួយបារម្ភខ្លាចក្រែងឆ្លងមេរោគអេបូឡានេះផងដែរ។
វរសេនីយ៍ឯក ខាំ សេរីរិទ្ធិ មេបញ្ជាការនៃកងអនុសេនាធំវិស្វកម្មលេខ៩៤៥ដែលនឹងមានភារកិច្ចត្រូវដោះមីន និងជាតិផ្ទុះផ្សេងៗ ព្រមទាំងស្ថាបនាផ្លូវនោះ បានមានប្រសាសន៍ថា ” ខ្ញុំមានមោទនភាពដែលថា រដ្ឋាភិបាលបញ្ជូនខ្ញុំឲ្យទៅបំពេញបេសកកម្មនេះ”។ លោកបានមានប្រសាសន៍បន្តថា ” ខ្ញុំក៏ព្រួយបារម្ភអំពីមេរោគអេបូឡាដែរ ប៉ុន្តែខ្ញុំសង្ឃឹមថា កងកម្លាំងទាំងអស់នឹងត្រូវបានត្រួតពិនិត្យសុខភាពរាល់ពីរសប្ដាហ៍ម្ដង ព្រោះថា អង្គការសហប្រជាជាតិមានបទដ្ឋាន និងក្រុមគ្រូពេទ្យរបស់ខ្លួន”។
ជួង កញ្ញាសុជាតា អាយុ២៣ឆ្នាំ ក៏ព្រួយបារម្ភដូចមេបញ្ជាការរបស់នាងដែរ។ នាងបាននិយាយថា ” ខ្ញុំព្រួយបារម្ភយ៉ាងខ្លាំងអំពីមេរោគអេបូឡានេះ ទោះបីជាខ្ញុំរីករាយនឹងទៅទីនោះក៏ដោយ”។
លោក Roger Carter ទីប្រឹក្សាផ្នែកសន្តិសុខរបស់អង្គការសហប្រជាជាតិបានលើកឡើងអំឡុងពិធីនោះថា ចាប់តាំងពីឆ្នាំ២០០៦មក ប្រទេសកម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពសរុបចំនួន២.១៦៥នាក់ដើម្បីជួយក្នុងបេសកកម្មរបស់អង្គការសហប្រជាជាតិ។ លោកបានបន្ថែមថា កងអនុសេនាធំវិស្វកម្មលេខ៩៤៥ នឹងក្លាយជាអង្គភាពទី២របស់កម្ពុជាដែលបញ្ជូនកងកម្លាំងរបស់ខ្លួនទៅសាធារណរដ្ឋអាហ្វ្រិកកណ្ដាល។
នៅពេលកងកម្លាំងរក្សាសន្តិភាពកម្ពុជាបានចាកចេញទៅប្រទេសម៉ាលីកាលពីខែមេសា គេក៏មានក្ដីព្រួយបារម្ភផងដែរអំពីការរីករាលដាលនៃមេរោគនេះ។
លោក ស៊ីវ សុវណ្ណរ័ត្ន ប្រធានការិយាល័យបច្ចេកទេសនៅមជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់បានលើកឡើងនៅពេលនោះថា ប្រសិនបើជំងឺគ្រុនចាញ់សាុំនឹងថ្នាំដែលត្រូវបានរកឃើញនៅក្នុងប្រទេសកម្ពុជាបានទៅដល់តំបន់អាហ្វ្រិកនោះ វាអាចបង្កបញ្ហាយ៉ាងខ្លាំងដល់តំបន់នោះ។
ជំងឺគ្រុនចាញ់សាុំនឹងថ្នាំអាតេមីស៊ីនីន (Artemisinin) ជាថ្នាំតែមួយគត់សម្រាប់ប្រើព្យាបាលជំងឺគ្រុនចាញ់នៅតំបន់អាហ្វ្រិក ត្រូវបានរកឃើញជាលើកដំបូងតាមបណ្ដោយព្រំដែនកម្ពុជា-ថៃកាលពីឆ្នាំ២០០៨ ហើយចាប់តាំងពីពេលនោះមកជំងឺគ្រុនចាញ់ដែលសាុំនឹងថ្នាំនេះក៏កើតមាននៅតំបន់ខ្លះនៃប្រទេសវៀតណាម ភូមា និងប្រទេសឡាវផងដែរ៕ ស៊ុយឈាង