លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បានលើកឡើងកាលពីម្សិលមិញថា ការទាមទាររបស់គណបក្សប្រជាជនកម្ពុជាឲ្យមានការរារាំងអ្នកមានសញ្ជាតិពីរមិនឲ្យឈរឈ្មោះជាសមាជិកនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលត្រូវបានធ្វើកំណែទម្រង់ គឺមិនមែនមានបំណងរារាំងលោកស្រី ពុង ឈីវកេក ប្រធានអង្គការសិទ្ធិមនុស្សលីកាដូមិនឲ្យក្លាយជាសមាជិកទី៩ “អព្យាក្រឹត” នៃស្ថាប័នថ្មីនេះនោះទេ។

លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយកាលពីថ្ងៃទី២២ ខែកក្កដា ដែលធ្វើឲ្យសមាជិកសភាចំនួន៥៥រូបរបស់គណបក្សប្រឆាំងបញ្ចប់ការធ្វើពហិការមិនចូលសភារបស់ខ្លួនជាថ្នូរនឹងការរៀបចំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាឡើងវិញ។
យោងតាមកិច្ចព្រមព្រៀងនេះ គណបក្សនីមួយៗនឹងមានសិទ្ធិជ្រើសរើសសមាជិកចំនួនបួនរូបរបស់ខ្លួនធ្វើជាសមាជិក គ.ជ.ប. ដោយសមាជិកទី៩ត្រូវជ្រើសរើសដោយគណបក្សទាំងពីរ។ លោកស្រី ពុង ឈីវកេក ត្រូវបានគេយល់ព្រមឲ្យទទួលតំណែងជាសមាជិកទី៩នេះកាលពីថ្ងៃទី២៨ ខែកក្កដា ហើយគណបក្សសង្គ្រោះជាតិបានទទួលអាសនៈរបស់ខ្លួននៅសប្ដាហ៍បន្ទាប់។
កិច្ចពិភាក្សាលើកក្រោយៗដើម្បីធ្វើសេចក្ដីព្រាងច្បាប់សម្រាប់ស្ថាប័នថ្មីបានជាប់គាំងចាប់តាំងពីដើមខែតុលាមកម្លេ៉ះ ដោយគណបក្សប្រជាជនកម្ពុជាឥឡូវនេះទាមទារឲ្យសមាជិក គ.ជ.ប. មិនត្រូវកាន់លិខិតឆ្លងដែនបរទេស។ លោកស្រី ពុង ឈីវកេក មានសញ្ជាតិបារំាំងផង និងកាណាដាផង។
លោក ប៊ិន ឈិន ដែលដឹកនាំមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជានៅក្នុងការចរចាស្ដីពីកំណែទម្រង់ការបោះឆ្នោត បានមានប្រសាសន៍ទាក់ទិននឹងការទាមទាររបស់គណបក្សលោក បន្ទាប់ពីកិច្ចប្រជុំប្រចាំសប្ដាហ៍កាលពីម្សិលមិញថា ” វាមិនមែនមានគោលដៅលើបុគ្គលណាមួយនោះទេ។ សេចក្ដីព្រាងច្បាប់នេះ យើងធ្វើឡើងជាទូទៅ។ យើងមិនមែនធ្វើឡើងដើម្បីមានគោលដៅលើអ្នកនេះឬអ្នកនោះឡើយ។ ហេតុដូច្នេះ សូមបញ្ជាក់ឲ្យច្បាស់ថា វាមិនមែនមានគោលដៅដូច្នេះទេ”។
លោក ប៊ិន ឈិន បានលើកឡើងថា គណបក្សកាន់អំណាចនៅតែគាំទ្រលោកស្រី ពុង ឈីវកេក ជាបេក្ខភាពទី៩នៃ គ.ជ.ប.ថ្មីដដែល។ លោកបានមានប្រសាសន៍បន្ថែមទៀតថា “យើងគាំទ្រ [លោកស្រី] ប៉ុន្តែយើងមិនដឹងថា គាត់មានសញ្ជាតិពីរ ឬយ៉ាងមេ៉ចនោះទេ។ កុំធ្វើការសន្និដ្ឋានអំពីបញ្ហានេះ។ វាគឺជាការវាយតម្លៃខុស យើងបានធ្វើ [សេចក្ដីព្រាង] ដោយគ្មានគោលដៅទៅលើអ្នកនេះឬអ្នកនោះឡើយ។ សូមកុំយល់ច្រឡំ”។
លោកបានពន្យល់ទៀតថា ” យើងចង់បានអ្នកណាដែលមានសញ្ជាតិមួយ ព្រោះពួកគេអាចបញ្ជាក់បានថា ខ្លួនជាពលរដ្ឋខ្មែរ ហើយពួកគេអាចធ្វើការដោយគ្មានទំនាក់ទំនងទៅនឹងតំបន់ផ្សេងៗ។ យើងចង់ឲ្យពួកគេមានអព្យាក្រឹត្យ ព្រោះថា យើងមិនចង់ឮពាក្យថា មានឥទ្ធិពលពីខាងក្រៅណាមួយឡើយ”។
លោកបានបន្ថែមថា លោកស្រី ពុង ឈីវកេក នៅតែមានជម្រើសបោះបង់ចោលលិខិតឆ្លងដែនបរទេសរបស់លោកស្រីប្រសិនបើចាំបាច់។ លោកបានមានប្រសាសន៍បន្តទៀតថា “យើងគ្រាន់តែសន្និដ្ឋានថា គាត់នឹងធ្វើដូច្នេះតែប៉ុណ្ណោះ។ ជួនកាលគេអាចបោះបង់វាបាន យើងមិនដឹងនោះទេ”។
លោក គួយ ប៊ុនរឿន មន្ត្រីរបស់គណបក្សសង្គ្រោះជាតិដែលដឹកនាំគណបក្សប្រឆំាំងនៅក្នុងការចរចាស្ដីពីកំណែទម្រង់ស្ដីពីកំណែទម្រង់ការបោះឆ្នោតនេះបានលើកឡើងថា គណបក្សរបស់លោកនឹងមិនដកការច្រានចោលរបស់ខ្លួនចំពោះការទាមទាររបស់គណបក្សប្រជាជនកម្ពុជានេះវិញឡើយ។
លោកបានមានប្រសាសន៍បន្ទាប់ពីកិច្ចប្រជុំកាលពីម្សិលមិញថា “យើងចង់ឲ្យមានការបើកចំហច្រើនជាងមុន។ យើងដឹងថា ដោយសារតែកាលៈទេសៈ អ្នកខ្លះត្រូវបង្ខំចិត្តទទួលយក [លិខិតឆ្លងដែនបរទេស]។ ទី២នោះ យើងចង់ឲ្យអ្នកដែលរស់នៅក្រៅប្រទេស និងអ្នកកាន់សញ្ជាតិផ្សេងៗ ដែលមានបទពិសោធន៍ និងចំណេះដឹងមកបម្រើការនៅទីនេះ”។
យោងតាមកិច្ចព្រមព្រៀងកាលពីថ្ងៃទី២២ ខែកក្កដា ប្រសិនបើគណបក្សទាំងពីរមិនអាចឈានទៅរកកិច្ចព្រមព្រៀងមួយដើម្បីបង្កើត គ.ជ.ប. ដែលត្រូវបានធ្វើកំណែទម្រង់នោះទេ គ.ជ.ប. ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាក្នុងពេលបច្ចុប្បន្ននឹងបន្តរៀបចំការបោះឆ្នោតបន្តទៀត។
កាលពីថ្ងៃសុក្រ លោកស្រី ពុង ឈីវកេក បានបដិសេធមិនធ្វើអត្ថាធិប្បាយឡើយនៅពេលត្រូវបានសួរថា តើលោកស្រីនឹងពិចារណាបោះបង់លិខិតឆ្លងដែនបរទេសរបស់លោកស្រីឬយ៉ាងណា ប្រសិនបើវាតម្រូវឲ្យលោកស្រីត្រូវធ្វើដូច្នេះដើម្បីចូលរួមជាមួយ គ.ជ.ប.នោះ។ លោកស្រីបានមានប្រសាសន៍តាមរយៈអុីម៉េលមួយថា “វានៅតែលឿនពេកក្នុងការធ្វើអត្ថាធិប្បាយនៅពេលនេះ”។
កាលពីសប្ដាហ៍មុនលោក មាជ សុវណ្ណរ៉ា មន្ត្រីគណបក្សប្រឆាំងដ៏លេចធ្លោមួយរូបត្រូវបានចាប់ខ្លួនអំឡុងពេលព្រឹកបន្ទាប់ពីការចរចាស្ដីពីកំណែទម្រង់ការបោះឆ្នោតជុំចុងក្រោយបានបរាជ័យ ដោយសាលាដំបូងរាជធានីភ្នំពេញបានបញ្ជូនលោកទៅពន្ធនាគារក្រោមការចោទប្រកាន់ពីបទធ្វើ “កុបកម្ម” ដែលអូសបន្លាយអស់រយៈពេល៤ខែ។
មេដឹកនាំគណបក្សសង្គ្រោះជាតិបានអះអាងថា ការបញ្ជូនលោកទៅពន្ធនាគារនេះ គឺជាផែនការមួយដើម្បីបង្ខំឲ្យខ្លួនព្រមធ្វើតាមការទាមទាររបស់គណបក្សប្រជាជនកម្ពុជា ប៉ុន្តែភរិយារបស់មន្ត្រីគណបក្សប្រឆាំងរូបនេះបានលើកឡើងកាលពីម្សិលមិញថា គណបក្សមិនគួរយល់ព្រមធ្វើតាមនោះទេ។
អ្នកស្រី មាជ ជេមី ដែលរស់នៅក្នុងសហរដ្ឋអាមេរិកបានប្រាប់ក្រុមប្រព័ន្ធផ្សព្វផ្សាយបន្ទាប់ពីទៅសួរសុខទុក្ខលោក មាជ សុវណ្ណរ៉ា នៅពន្ធនាគារព្រៃសថា “ប្រសិនបើការជាប់ពន្ធនាគាររបស់គ្រួសារខ្ញុំគឺជាថ្នូរនឹងឯករាជ្យភាពនៃ គ.ជ.ប.នោះ អ៊ីចឹងខ្ញុំសុខចិត្តឲ្យគ្រួសាររបស់ខ្ញុំជាប់ពន្ធនាគារ។ ខ្ញុំលះបង់អ្វីៗទាំងអស់”។
អ្នកស្រី មាជ ជេមី បាននិយាយតាមទូរស័ព្ទថា ស្វាមីដែលកំពុងជាប់ពន្ធនាគាររបស់អ្នកស្រី និងដែលក៏ជាពលរដ្ឋអាមេរិកមួយរូបដែរនោះបានប្រាប់អ្នកស្រីថា កុំឲ្យគណបក្សសង្គ្រោះជាតិធ្វើសម្បទាននៅក្នុងការចរចាស្ដីពីកំណែទម្រង់ គ.ជ.ប. ដើម្បីជាថ្នូរនឹងការដោះលែងឲ្យសោះ។
អ្នកស្រី មាជ ជេមី បាននិយាយទៀតថា “គាត់បានប្រាប់ខ្ញុំថា គាត់នឹងមិនអនុញ្ញាតឲ្យនរណាម្នាក់ប្រើប្រាស់គាត់ជាចំណាប់ខ្មាំងនយោបាយជាថ្នូរនឹងអ្វី ដែលអាចធ្វើឲ្យប៉ះពាល់ដល់ គ.ជ.ប.ថ្មី ឬដើម្បីបញ្ហានយោបាយផ្សេងណាមួយនោះឡើយ”។
លោក Jay Raman អ្នកនាំពាក្យស្ថានទូតអាមេរិកបានលើកឡើងថា មន្ត្រីស្ថានទូតបានទៅសួរសុខទុក្ខលោក សុវណ្ណរ៉ា នៅពន្ធនាគារកាលពីសប្ដាហ៍មុន ហើយបានផ្ដល់ជំនួយជាប្រចាំដល់លោកដូចដែលស្ថានទូតធ្លាប់ផ្ដល់ទៅឲ្យពលរដ្ឋអាមេរិកផ្សេងទៀត។
នៅខាងមុខពន្ធនាគារកាលពីម្សិលមិញ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិបានលើកឡើងថា លោកក៏បានជួបជាមួយលោក សុវណ្ណរ៉ា ដែរ ហើយនឹងធ្វើតាមការស្នើរបស់លោក ដែលសុំឲ្យគណបក្សប្រឆាំងកុំធ្វើតាមការទាមទារគណបក្សប្រជាជនកម្ពុជានោះ។
មេដឹកនាំគណបក្សប្រឆាំងរូបនេះបានមានប្រសាសន៍ថា “សាររបស់គាត់គឺចង់បង្ហាញថា គាត់បន្តទាមទារយុត្តិធម៌សម្រាប់ជាតិ ហើយគាត់បានស្នើឲ្យគណបក្សកុំយកបញ្ហានៃការចាប់ខ្លួនគាត់ធ្វើជាបញ្ហាធំដែលនាំឲ្យកិច្ចចរចាដើរថយក្រោយឲ្យសោះ។ ខ្ញុំបានប្រាប់គាត់ថា ជំហររបស់គណបក្សសង្គ្រោះជាតិគឺថា ការចាប់ខ្លួនរបស់គាត់នេះមិនអាចយកមកធ្វើជាថ្នូរនៅក្នុងការចរចាបានឡើយ”។
លោក កឹម សុខា បានមានប្រសាសន៍បន្ថែមទៀតថា “ខ្ញុំបានឲ្យយោបល់ដល់ក្រុមអ្នកចរចារបស់គណបក្សសង្គ្រោះជាតិដែលគ្រោងនឹងជួបគ្នានៅម៉ោង៣រសៀលរួចហើយថា ជំហរចរចារបស់យើងគឺថា យើងនឹងមិនបន្ទន់គោលជំហរដើម្បីជាថ្នូរនឹងអ្វីមួយឡើយ”។
ប៉ុន្តែលោកបានលើកឡើងថា គណបក្សប្រឆាំងនឹងបន្តធ្វើការចរចាដាច់ដោយឡែកមួយផ្សេងទៀត ដើម្បីឲ្យមានការដោះលែងមន្ត្រីគណបក្សប្រឆាំងរូបនេះឲ្យបានឆាប់។ លោកបានមានប្រសាសន៍ថា “ប៉ុន្តែយើងចង់បានដំណោះស្រាយដូចដែលយើងធ្លាប់មានកាលពីមុនមក។ ខ្ញុំសង្ឃឹមថា លោក មាជ សុវណ្ណរ៉ា នឹងត្រូវបានដោះលែងក្នុងពេលឆាប់ៗ”៕ ស៊ុយឈាង (រាយការណ៍បន្ថែមដោយ Alex Willemyns)