គ្រាន់តែរយៈពេលពីរថ្ងៃកន្លងមកតែប៉ុណ្ណោះ អ្នកស្រី ដុំ សាវ៉ន បានជម្នះក្តីអស់សង្ឃឹមនៅពេលចៅប្រុសរបស់គាត់បានលង់ទឹកស្លាប់នៅស្រះទឹកខាងក្រោយផ្ទះរបស់ក្រុមគ្រួសារគាត់នៅក្នុងខេត្តកំពង់ស្ពឺ។
អ្នកស្រីបានទុក ផល វាសនា អាយុ១៨ខែឲ្យនៅជាមួយប្តីរបស់ខ្លួន ដែលបានភ្លេចខ្លួនតែមួយភ្លែតប៉ុណ្ណោះ។ នៅពេលប្តីរបស់គាត់ក្រឡេកមកវិញ មិនឃើញចៅប្រុសនោះឡើយ។ អ្នកស្រី សាវ៉ន បាននិយាយថា “មនុស្សគ្រប់គ្នាមានអារម្មណ៍តក់ស្លុត… ហើយយើងបានទៅមើលទឹកស្រះ ហើយបានឃើញថា កុមាររូបនេះលង់ទឹកបាត់ទៅហើយ។ ខ្ញុំមានក្តីរន្ធត់ និងក្រៀមក្រំជាខ្លាំង”។
ផល វាសនា គឺជាកុមារម្នាក់ក្នុងចំណោមកុមាររាប់រយនាក់ ដែលបានលង់ទឹកស្លាប់ក្នុងប្រទេសកម្ពុជារៀងរាល់ថ្ងៃ។
ការស្លាប់របស់កុមាររូបនេះ កាលពីថ្ងៃច័ន្ទ កើតឡើងដំណាលគ្នានឹងការចេញរបាយការណ៍របស់អង្គការសុខាពិភពលោកដែលមានចំណងជើងថា “របាយការណ៍ស្តីពីការលង់ទឹក៖ ការទប់ស្កាត់ឃាតករឈានមុខ” ដែលហៅការលង់ទឹកស្លាប់ថាជា “ឃាតករសម្លាប់កុមារលាក់មុខ” ហើយបានអំពាវនាវឲ្យរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានអនុវត្តវិធានការសាមញ្ញៗដើម្បីជួយទប់ស្កាត់ការបាត់បង់ជីវិតនេះ។
យោងតាមអង្គការសុខភាពពិភពលោកបានឲ្យដឹងថា ការលង់ទឹកគឺជាមូលហេតុដែលតែងកើតឡើងចំពោះកុមារអាយុចាប់ពី៥ឆ្នាំដល់១៤ឆ្នាំ នៅក្នុងប្រទេសកម្ពុជា ដែលមានការប៉ាន់ប្រមាណថា ជាងពាក់កណ្តាលក្នុងចំណោមជនរងគ្រោះ១.៣៥៧នាក់នៅក្នុងឆ្នាំ២០១២មានអាយុក្រោមអាយុ១៥ឆ្នាំ។
របាយការណ៍ថ្មីរបស់អង្គការសុខភាពពិភពលោកបង្ហាញឲ្យឃើញពីការខិតខំប្រឹងប្រែងដោះស្រាយបញ្ហាក្នុងចំណោមប្រជាជនដែលរស់នៅតាមដងទន្លេសាបក្នុងខេត្តកំពង់ឆ្នាំងដែលចាប់តាំងពីឆ្នាំ២០០៩មក បានគាំទ្រមណ្ឌលគាំពារដែលមើលថែទាំកុមារនៅពេលដែលឪពុកម្តាយរបស់ពួកគេទៅនេសាទ ឬជាប់រវល់ធ្វើការងារផ្សេង។
លោក សៅ សុវណ្ណរតនៈ មន្ត្រីផ្នែកបច្ចេកទេសទទួលបន្ទុកទប់ស្កាត់របួសស្នាមរបស់អង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា ឪពុកម្តាយគួររកវិធានការទប់ស្កាត់កុំឲ្យមានការលង់ទឹកស្លាប់នៅក្នុងសហគមន៍របស់ខ្លួន ដោយគ្របប្រភពទឹកដែលមានគ្រោះដូចជា អណ្ដូង និងធ្វើរបងព័ទ្ធស្រះទឹកជាដើម។ លោកបានបន្ថែមថា “ជាទូទៅប្រជាជនមិនដឹងពីវិធានការសាមញ្ញដើម្បីទប់ស្កាត់កុំឲ្យកូនៗរបស់ខ្លួនលង់ទឹកស្លាប់ឡើយ។
យោងតាមអង្គការយូនីសេហ្វ បានឲ្យដឹងថា កុមារភាគច្រើនដែលលង់ទឹកស្លាប់ក្នុងប្រទេសកម្ពុជាមានអាយុចន្លោះពី១ឆ្នាំដល់៤ឆ្នាំ ស្មើនឹង៨០ភាគរយនៃគ្រោះថ្នាក់ដែលបានកើតឡើងក្នុងរង្វង់២០ម៉ែត្រនៃបរិវេណផ្ទះរបស់ខ្លួន។
លោកស្រី ដេនីស សីុហ្វឺត ចនសុន ប្រធានផ្នែកទំនាក់ទំនងនៅអង្គការយូនីសេហ្វប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា អង្គការរបស់លោកស្រីកំពុងសហការជាមួយរដ្ឋាភិបាលដើម្បីដោះស្រាយបញ្ហានេះតាមរយៈការពង្រឹងប្រព័ន្ធប្រាប់ឲ្យដឹងពីគ្រោះទឹកជំនន់ជាមុន និងបង្កើតកម្មវិធីយល់ដឹងពីគ្រោះថ្នាក់នៅតាមសាលារៀនជាដើម។
លោកស្រីបានលើកឡើងតាមអីុម៉េលថា “ការទប់ស្កាត់កុមារមិនឲ្យលង់ទឹកស្លាប់ត្រូវមានការខិតខំប្រឹងប្រែងរួមគ្នាពីសំណាក់រដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ ដើម្បីកសាងចំណេះដឹង និងជំនាញនៅក្នុងសហគមន៍អំពីរបៀបការពារកុមារឲ្យមានសុវត្ថិភាព និងតាមដាន ហើយកាត់បន្ថយហានិភ័យទាំងនោះ”។
ចំពោះអ្នកស្រី សាវ៉ន វិញដែលបានបាត់បង់ចៅប្រុសរបស់ខ្លួនកាលពីថ្ងៃច័ន្ទ ដោយសារការធ្វេសប្រហែសតែមួយភ្លែតប៉ុណ្ណោះ ហើយធ្វើឲ្យក្រុមគ្រួសាររបស់អ្នកស្រីចងចាំជានិច្ច។ អ្នកស្រីបានមានប្រសាសន៍ថា “ខ្ញុំចង់ប្រាប់ដល់ឪពុកម្តាយដទៃទៀតឲ្យប្រុងប្រយ័ត្ន។ ឪពុកម្តាយគ្រប់រូបត្រូវមើលថែទាំកូនៗរបស់ខ្លួនជាប់ជានិច្ច ហើយកុំធ្វេសប្រហែសដូចរូបខ្ញុំឲ្យសោះ”៕សារុន