នៅពេលព្រះតេជគុណ លួន សុវ៉ាត ញញឹមពព្រាយ និមន្តចូលតុលាការក្រុងភ្នំពេញកាលពីថ្ងៃអង្គារ សម្រាប់ការជំនំុជម្រះព្រះអង្គពីបទនាំបំបះបំបោរ អ្នកគាំទ្រព្រះអង្គគ្រវីទង់ជាតិរាប់សិបនាក់ដែលឈរជាជួរនៅតាមចិញ្ចើមផ្លូវ បានអំពាវនាវឲ្យទម្លាក់បទចោទប្រកាន់លើសកម្មជនព្រះសង្ឃអង្គនេះ ខណៈដែលអ្នកយកព័ត៌មានជាច្រើននាក់ចោមរោមព្រះអង្គ។
កាលពីខែកញ្ញា ព្រះតេជគុណ លួន សុវ៉ាត ត្រូវបានកោះហៅឲ្យចូលតុលាការ រួមជាមួយលោក សួន សេរីរដ្ឋា អ្នកប្រឆាំងមានមូលដ្ឋាននៅអាមេរិក ដើម្បីប្រឈមនឹងបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ មានគម្រោងវាយប្រហារ និងរំខានការបោះឆ្នោតជាតិកាលពីឆ្នាំមុន។
ការចោទប្រកាន់ទាំងនោះកើតចេញពីលោក សេរី រដ្ឋា ដែលរៀបចំសកម្មជនក្នុងប្រទេសកម្ពុជា ដើម្បីចែកចាយអាវយឺតដែលអំពាវនាវដល់ប្រជាជនកុំឲ្យទៅបោះឆ្នោត និងចែកផ្កាដល់ទាហានភ្ជាប់ជាមួយស្ទីឃឺ ជំរុញពួកគេឲ្យ “បែរកាំភ្លើងប្រឆាំងជនផ្តាច់ការ”។
ក្នុងសេចក្តីប្រកាសចេញពេលជំនំុជម្រះ អង្គការមិនមែនរដ្ឋាភិបាលចំនួន១៦បានរិះគន់តុលាការនេះយ៉ាងខ្លាំង ព្រោះភ្ជាប់ព្រះតេជគុណ លួន សុវ៉ាត ទៅនឹងករណីរបស់លោក សួន សេរីរដ្ឋា។
ប៉ុន្តែនៅម៉ោងប្រហែល៩និង៣០នាទីព្រឹក គឺមួយម៉ោងកន្លះបន្ទាប់ពីនីតិវិធីតុលាការគ្រោងនឹងចាប់ផ្តើម ចៅក្រមជំនុំជម្រះ តុប ឈុនហេង បានបើកសវនាការដោយនិយាយថា បទចោទលើព្រះតេជគុណ លួន សុវ៉ាត ត្រូវបំបែកចេញពីសំណុំរឿងរបស់លោក សេរីរដ្ឋា។
ពីរបីនាទីក្រោយមក លោក មាស ចាន់ពិសិដ្ឋ ព្រះរាជអាជ្ញារងបានប្រកាសថា ដីកាកោះហៅព្រះសង្ឃអង្គនេះ គឺដោយសារ “ការយល់ច្រឡំ” ក្នុងចំណោមមន្ត្រីតុលាការ ហើយថាបទចោទព្រះតេជគុណ លួន សុវ៉ាត មិនជាប់ទាក់ទងនឹងបទចោទលើលោក សេរីរដ្ឋា ទេ។
ចៅក្រម ឈុនហេង បាននិយាយថា “សវនាការនៅថ្ងៃនេះមិនពាក់ព័ន្ធនឹងព្រះតេជគុណ លួន សុវ៉ាត” ទេ។
កាលពីឆ្នាំ២០១២ សាលាដំបូងក្រុងភ្នំពេញបានចោទព្រះតេជគុណ លួន សុវ៉ាត ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ព្រោះការចូលរួមរបស់ព្រះអង្គក្នុងការតវ៉ានៅក្រុងភ្នំពេញ។
ព្រះតេជគុណ លួន សុវ៉ាត បានមានសង្ឃដីកាថា ព្រះអង្គបានជួប លោក សេរីរដ្ឋាតែម្តងគត់ នៅអាមេរិក ក្នុងឆ្នាំ២០១១ ហើយបានបដិសេធតួនាទីណាមួយក្នុងគម្រោងរបស់គាត់។ មានសង្ឃដីកាទៅកាន់អ្នកយកព័ត៌មាននៅក្រៅតុលាការបន្ទាប់ពីសវនាការកាលពីថ្ងៃអង្គារ ព្រះសង្ឃអង្គនេះបានប្តេជ្ញាបន្តការប្រយុទ្ធដើម្បីលើកស្ទួយសិទ្ធិមនុស្ស។
មុនពេលនិមន្តទៅវត្តសាមគ្គីរង្សីក្នុងខណ្ឌមានជ័យវិញជាមួយអ្នកគាំទ្រមួយក្រុមនិងព្រះសង្ឃផ្សេងទៀតដែលមកជាមួយ ព្រះអង្គបានមានសង្ឃដីកាថា “អាត្មានឹងបន្តជួយសង្គមនិងជាតិរបស់យើង”។
មនុស្ស៣នាក់ផ្សេងទៀត ដែលបានចូលរួមក្នុងសវនាការនៅថ្ងៃអង្គារ គឺ អុឹម ភារម្យ អាយុ២៦ឆ្នាំ សេរី ប៊ុនឡុង អាយុ២៨ឆ្នាំ និង សេង សុខម៉េង អាយុ៣០ឆ្នាំ បានចូលតុលាការដោយមានអ្នកគាំទ្រតិចតួច។
ដៃជាប់ខ្នោះនិងស្លៀកពាក់ខោអាវពន្ធនាគារ អ្នកទាំងបីដែលជាប់ចោទពីបទបំពានច្បាប់បោះឆ្នោតនិងចូលរួមជាមួយក្រុមប្រឆាំងរដ្ឋាភិបាល ដើម្បីចែកអាវយឺតរបស់លោក សេរីរដ្ឋា កាលពីខែកក្កដាឆ្នាំមុននោះ ត្រូវបានសន្តិសុខបណ្តើរចូលបន្ទប់តុលាការ ដែលសឹងតែនៅទំនេរបន្ទាប់ពី ព្រះតេជគុណ លួន សុវ៉ាត បាននិមន្តចេញទៅ។
ក្នុងពេលសាកសួរ អ្នកទាំង៣បានបដិសេធថា ខ្លួនមិនមែនជាសមាជិកនៃចលនាអំណាចប្រជាជនខ្មែររបស់លោក សេរីរដ្ឋា ទេ និងបាននិយាយថា ការទាក់ទងរបស់ពួកគេជាមួយអ្នកប្រឆាំងរូបនេះមានតាមរយៈហ្វេសប៊ុកប៉ុណ្ណោះ។
លោក សេរីរដ្ឋា ដែលរស់នៅនិរទេសដោយខ្លួនឯងក្នុងប្រទេសអាមេរិក បានសារភាពចំពោះការរៀបចំសកម្មភាពទាំងពីរពីបរទេស ប៉ុន្តែបានលើកហេតុផលថា គ្មានសកម្មភាពណាមួយជាឧក្រិដ្ឋកម្មទេ។ សវនាការរបស់ពួកគេគ្រោងនឹងបន្តនៅថ្ងៃទី៩ខែធ្នូខាងមុខនេះ៕មានិត