លោក សម រង្ស៊ី និងលោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំងកាលពីចុងសប្ដាហ៍បានធ្វើដំណើរទៅកាន់ខេត្តចំនួនប្រាំនៅភាគជើងនៃប្រទេសកម្ពុជាតាមការសន្យារបស់លោក កឹម សុខា កាលពីចុងខែមុនដែលថា គណបក្សប្រឆាំងនឹងចាប់ផ្ដើមចុះទៅជួបជាមួយម្ចាស់ឆ្នោតរបស់ខ្លួនខណៈដែលកិច្ចការសភាមិនសូវបន្ទាន់។
ដោយឆ្លើយតបចំពោះការរិះគន់ខ្លាំងឡើងដែលថា គណបក្សសង្គ្រោះជាតិមិនមានសកម្មភាពគ្រប់គ្រាន់ជាសាធារណៈចាប់តាំងពីគណបក្សនេះបានបញ្ចប់ពហិការមិនចូលសភា របស់ខ្លួនមក លោក កឹម សុខា បានធ្វើការប្ដេជ្ញានៅវេទិកាគណបក្សរបស់ប្រឆាំងកាលពីខែមុនថា សមាជិកសភាគណបក្សសង្គ្រោះជាតិទាំង៥៥រូបនឹងចុះទៅជួបម្ចាស់ឆ្នោតនៅតាមបណ្ដាខេត្តនានានៅពេលពួកគេមិនបានមកចូលរួមក្នុងរាជធានីភ្នំពេញ។
ដោយចាប់ផ្ដើមជាមួយវេទិកានៅក្នុងខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃសុក្រ លោក កឹម សុខា បានចាប់ផ្ដើមធ្វើដំណើរចេញពីរាជធានីភ្នំពេញ ហើយក្រោយមកលោក សម រង្ស៊ី បានចូលរួមជាមួយលោកនៅក្នុងខេត្តព្រះវិហារនៅពេលរសៀល ហើយចូលរួមជាមួយលោកនៅពេលចុះទៅខេត្តផ្សេងៗទៀត។
ដោយធ្វើដំណើរទៅកាន់ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យកាលពីថ្ងៃសៅរ៍ និងទៅកាន់ខេត្តប៉ៃលិនកាលពីម្សិលមិញ មេដឹកនាំគណបក្សប្រឆាំងទាំងពីររូបបានអំពាវនាវឲ្យអ្នកគាំទ្របន្តគាំទ្រពួកគេរហូតដល់ការបោះឆ្នោតឆ្នាំ២០១៨ ហើយពេលនោះបោះឆ្នោតតាមទឹកចិត្តរបស់ខ្លួន។
លោក សម រង្ស៊ី បាននិយាយជំទាស់ការអនុវត្តចែកអំណោយរបស់គណបក្សប្រជាជនកម្ពុជាអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត ដោយអំពាវនាវដល់អ្នកបោះឆ្នោតកុំទទួលយកអំណោយតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ។
លោក សម រង្ស៊ី បានថ្លែងទៅកាន់អ្នកគាំទ្រនៅក្នុងខេត្តប៉ៃលិន ដែលគណបក្សរបស់លោកទទួលបានជោគជ័យដ៏គួរឲ្យភ្ញាក់ផ្អើល ដើម្បីកាន់កាប់អាសនៈតែមួយគត់នៅក្នុងការបោះឆ្នោតឆ្នាំ១៩៩៨ថា “នៅពេលអនាគត បងប្អូនត្រូវមានគំនិតស្អប់ខ្ពើមនៅពេលនរណាម្នាក់ចែកសារុង អំណោយ ឬលុយកាក់បន្តិចបន្តួចដល់បងប្អូន”។
លោក សម រង្ស៊ី បានមានប្រសាសន៍ថា “ជីវិតរបស់យើង និងអនាគតកូនៗរបស់យើងមិនមានតម្លៃស្មើនឹងសារុងមួយឡើយ។ សន្លឹកឆ្នោតមានតម្លៃបំផុត ដូច្នេះយើងមិនត្រូវលក់សន្លឹកឆ្នោតទេ។ យើងមិនត្រូវការសារុងទេ ពីព្រោះយើងចង់ឲ្យប្រទេសរបស់យើងមានសុខសន្តិភាព”។
នៅក្នុងការបោះឆ្នោតជាតិរាល់លើកតាំងពីឆ្នាំ១៩៩៨មក គណបក្សប្រជាជនកម្ពុជាបានឈ្នះអាសនៈសភាដែលមានតែមួយគត់នៅក្នុងខេត្តប៉ៃលិន ជាខេត្តដែលបានបំបែកចេញពីខេត្តបាត់ដំបង កាលពីឆ្នាំ១៩៩៦ ជាផ្នែកនៃកិច្ចព្រមព្រៀងសម្រាប់ពួកឧទ្ទាមខ្មែរក្រហមនៅទីនោះ ដែលបានផ្ដាច់ខ្លួនចូលរួមជាមួយរដ្ឋាភិបាល។
លោក កឹម សុខា បាននិយាយការពារសេចក្ដីសម្រេចរបស់គណបក្សសង្គ្រោះជាតិក្នុងការបញ្ចប់ពហិការមិនចូលសភារបស់ខ្លួនដើម្បីធ្វើការជាមួយគណបក្សប្រជាជនកម្ពុជាបង្កើតគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី។ លោកបានមានប្រសាសន៍ក្នុងខេត្តប៉ៃលិនថា “ការចរចា និងការចូលសភារបស់យើងគឺដើម្បីផលប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជាជន។ ដូច្នេះសូមកុំបារម្ភ យើងនឹងមិនលក់ទឹកចិត្តរបស់យើងឡើយ”៕ សារុន