26 C
Phnom Penh

តុលាការ​ផ្តន្ទា​ទោស​ក្រុម​ភេរវជន ហើយ​បញ្ជូនទៅ​តុលាការ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិល​​​មិញ សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​ផ្តន្ទាទោស​​​លោក សួន សេរីរដ្ឋា អ្នក​​​ប្រឆាំង​​​​​​ដែល​​​និរទេស​​​ខ្លួន​​​ឯង​​​ពីបទ​​​ញុះ​​​ញង់ឲ្យ​​​​មាន​​​​​​ផែន​​​ការផ្តួលរំលំរដ្ឋាភិបាល​​​​ និង​​រារាំង​​​ការ​​​បោះ​​​ឆ្នោត ​​​ចំណែក​​​អ្នក​​​ឃុប​​​ឃិត​​​បី​​​នាក់​​​ទៀត​​​ក៏​​​ត្រូវ​​​បាន​​​កាត់​​​ឲ្យ​​​ជាប់​​​ទោ​​ស​​​ពីបទ​​​មាន​​​ផែន​​​ការ​​​ផ្តួល​​​រំលំ​​​ និង​​​រារាំង​​​ការ​​​បោះ​​​ឆ្នោត​​​ផង​​​ដែរ​​​។front

អ្នក​​​ទាំង​​​បួន​​​ត្រូវ​​​បាន​​​ផ្តន្ទាទោស​​​ឲ្យ​​​ជាប់ពន្ធនាគារ​​​ពី​​​ប្រាំ​​​ឆ្នាំដល់​​ប្រាំពីរឆ្នាំ​​​ពីបទ​​​ចោទ​​​ប្រកាន់​​​មួយ​​​ចំនួន​​​ដែល​កើត​​ចេញពី​​​ពី​​​ការ​​​ខិត​​​ខំ​​​ប្រឹង​​​ប្រែងរបស់ខ្លួន​​​ក្នុង​​​ការ​​​ចែក​​​ផ្កា​​​ និង​​​​​​អាវ​​​យឺត​​​​​​​​​ចំ​​​ពេល​​​ដែលមាន​​​ភាព​​​ចលាចលនៃ​​​ការ​​​បោះ​​​ឆ្នោត​​​​​​កាល​​​ពី​​​ឆ្នាំ​​​២០១៣​​​។

អង្គការ​​​សិទ្ធិមនុស្ស​​​លីកា​​​ដូ​​​បាន​​​លើក​​​ឡើង​​​ថា ករណី​​​ប្រឆាំង​​​បុរស​​​ទាំង​​​នេះ​​​ដែ​​​ល​​​ព្រះរាជ​​​អាជ្ញា​​​បាន​​​លើក​​​ឡើង​​​ថា ជា​​​សមាជិក​​​ក្រុម​​​ប្រឆាំង​​​ដែល​​​ហៅ​​​ថា ចល​​​នា​​​អំណាច​​​ពល​​​រដ្ឋ​​​ខ្មែរនោះ​​​​ គឺ​​​ជា​​​ហេតុ​​​ផល​​​នយោបាយ​​​។

លោក តុប ឈុន​​​ហេង​​​ ចៅ​​​ក្រុម​​​ប្រធាន​​​ក្រម​​​ប្រឹក្សា​​​​​​ជំនុំ​​​ជម្រះ​​​បាន​​​ប្រកាស​​​ប្រាប់​​​តុលាការ​​​ថា “យើង​​​សម្រេច​​​ផ្តន្ទាទោស​​​​​​លោក សួន សេរីរដ្ឋា ឲ្យ​​​ជាប់​​​ពន្ធនាគារ​​​ប្រាំពីរ​​​ឆ្នាំ​​​ ពីបទ​​​ញុះញង់​​​ឲ្យ​​​ប្រព្រឹត្ត​​​បទ​​​ឧក្រិដ្ឋ​​​ មាន​​​ផែន​​​ការ​​​ផ្តួល​​​រំលំ​​​រដ្ឋាភិបាល​​​ និង​​​រារាំង​​​ប្រជា​​​ជន​​​កុំ​​​ឲ្យ​​​ទៅ​​​បោះ​​​ឆ្នោត​​​ និង​​​ពិន័យ​​​ជា​​​ប្រាក់​​​២៥​​​លាន​​​រៀល​​​”។

លោក សួន សេរីរដ្ឋា ដែល​​​រស់​​​នៅ​​​សហរដ្ឋ​​អាមេរិក​​​ និង​​​ធ្វើ​​​ដំណើរ​​​ទៅ​​​ប្រទេស​​​ថៃ​​​ជា​​​ញឹក​​​ញាប់​​​នោះ​​​ត្រូវ​​​បាន​​​ផ្តន្ទាទោស​​​កំបាំង​​​មុខ​​​ ហើយ​​​លោក​​​កំពុង​​​ស្ថិតនៅ​​​ក្រៅប្រទេស​​​នៅ​​​ឡើយ​​​។ បុរស​​​បី​​​នាក់​​​ទៀត​​​កំពុងត្រូវ​​​​​​​​​ឃុំ​​​ខ្លួន​​​ ហើយ​​​នឹង​​​ចាប់​​​ផ្តើម​​​អនុវត្ត​​​ទោស​​​របស់ខ​​​្លួន។ លោក សេង សុខ​​​ម៉េង ត្រូវ​​​បាន​​​ផ្តន្ទាទោស​​​ឲ្យ​​​ជាប់ពន្ធនាគារ​​​រយៈ​​​ពេល​​​ប្រាំ​​​មួយ​​​ឆ្នាំ​​​។ លោក សេរី ប៊ុនឡុង និង​​​លោក អ៊ំុ ភារុណ ត្រូវ​​​បាន​​​ផ្តន្ទាទោស​​​ឲ្យ​​​ជាប់ពន្ធនាគារ​​​ក្នុង​ម្នាក់​​​ៗប្រាំ​​​ឆ្នាំ។

បុរស​​​ទាំង​​​បី​​​នាក់​​​ដែល​​​ត្រូវ​​​ផ្តន្ទាទោស​​​ឲ្យ​​​ជាប់ ពន្ធនាគារ​​​នេះ ពាក់​​​ព័ន្ធ​​​អាវ​​​យឺត​​​របស់​​​ចលនា​​​អំណាច​​​ពល​​​រដ្ឋ​​​ខ្មែរ​​​ ដែល​​​ពួក​​​គេ​​​បាន​​​ដឹក​​​យក​​​ទៅ​​​ចែក​​​ក្នុង​​​ខេត្ត​​​បាត់​​​ដំបង​​​កាល​​​ពីឆ្នាំ​​​២០១៣ ដោយ​​​​​​មាន​​​រូប​​​សញ្ញា​​​របស់​​​ក្រុម​​​នេះ​​​ និង​​​សារជំរុញ​​​ឲ្យ​​​ប្រជា​​​ជន​​​កុំ​​​ទៅ​​​បោះ​​​ឆ្នោត​​​នៅ​​​ក្នុង​​​ការ​​​បោះឆ្នោត​​​ជាតិ​​​នា​​​ពេល​​​ខាង​​​មុខ។ ពួក​​​គេ​​​ក៏​​​មាន​​របស់​របរ​​ម៉ាក​​​ចលនា​​​អំណាច​​​ពល​​​រដ្ឋ​​​ខ្មែរ​​​ផ្សេង​​​ទៀត​​​​​​ រួម​​​មាន​​​នាឡិកា​​​ដៃ និង​​​វិទ្យុ​​​ផង​​​ដែរ។

លោក សួន សេរីរដ្ឋា ដែល​​​បាន​​​រៀប​​​ចំ​​​បោះ​​​ពុម្ពអាវ​​យឺត​​​និង​​​របស់​​​របរផ្សេង​​​ៗ​​​ទៀត​​​ក៏​​​ត្រូវ​​​បាន​​​ផ្តន្ទាទោស​​​ពីបទ ញុះញង់​​​ចំពោះ​​​ការ​​​ប៉ុនប៉ង​​​ចែក​​​ផ្កា​​​កុលាប​​​ពណ៌​​​លឿង​​​ចំនួន​​​១.០០០ទង​​​ដល់​​​ប្រជា​​​ជន​​​ និង​​​ទាហាន​​​​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញផងដែរ​​​​ បន្ទាប់ ពី​​​ការ​​​បោះ​​​ឆ្នោត​​​ដ៏ចម្រូង​​​ចម្រាស។

ផ្កា​​​កុលាប​​​ទាំង​​​នោះ​​​ មាន​​​ទាំង​​​ស្ទីកគ័រ​​​ ជំរុញ​​​ឲ្យ​​​កម្លាំង​​​សន្តិសុខ​​​ “បែរកាណុង​​​កាំ​​​ភ្លើង​​​របស់​​​ខ្លួន​​​​​​ដាក់​​​ជន​​​ផ្តាច់​​​ការ​​​” ដោយ​​​សំដៅ​​​ដល់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន។

ក្រុម​​​ប្រឆាំង​​​នេះ​​​បាន​​​សារភាព​​​ជា​​​ចំហ​​ចំពោះការចង់​​ជំរុញឲ្យ​​​មាន​​​ការ​​​ប៉ះបោរ​​​បែប​​​អារ៉ាប់​​​ស្ព្រីង ដើម្បីបណ្តេញ​​​លោក ហ៊ុន សែន ចេញ​​​ពី​​​អំណាច ប៉ុន្តែ បាន​​​ច្រាន​​​ចោល​​​​​​ការ​​​ប្រើ​​​ប្រាស់​​​អំពើ​​​ហិង្សា។ លោក​​​​​​បាន​​​លើក​​​ឡើង​​​ថា ការ​​​អំពាវ​​​នាវ​​​ដល់​​​ទាហាន​​​ និង​​​នគរ​​​បាល​​​គឺ​​​ដើម្បី​​​ជំរុញ​ឲ្យ​ពួកគេ​​​ការពារ​​​សាធារណជន​​​កុំ​​​ឲ្យ​​​មាន​​​ការ​​​រំលោភ​​​បំពាន​​​សិទ្ធិ​​​មនុស្ស​​​ពី​​​សំណាក់​​​លោក​​​នាយក​​​រដ្ឋមន្ត្រីតែប៉ុណ្ណោះ។

មាន​​​ប្រសាសន៍​​​ពី​​​ទីក្រុង​​​បាង​​​កក​​​ បន្ទាប់ពី​​​ការ​​​ប្រកាស​​​សាល​​​ក្រម លោក សួន សេរីរដ្ឋា ​​​​​​បាន​​​អះ​​​អាង​​​ម្តង​​​ទៀត​​​ពី​​​​​​ភាពគ្មាន​​​ទោស​​​របស់​​​លោក​​​ ហើយ​​​បាន​​​លើក​​​ឡើង​​​ថា លោក​​​នឹង​​​ប្តឹង​​​ឧទ្ធរណ៍​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​មិន​​​ដែល​​​ប្រព្រឹត្ត​​​បទ​​​ឧក្រិដ្ឋ​​​ណា​​​មួយ​​​ឡើយ​​​…។ សាល​​​ក្រម​​​ផ្តន្ទាទោស​​​នេះ ខ្ញុំ​​​មិន​​​អាច​​​ទទួល​​​យក​​​បាន​​​ឡើយ​​​។ សវនាការ​​​ជំនុំ​​​ជម្រះនេះ មិន​​​យុត្តិធម៌​​​សម្រាប់​​​រូប​​ខ្ញុំទេ​​ មិនត្រឹមតែ​​​សម្រាប់​​​រូប​​​ខ្ញុំ​​​ប៉ុណ្ណោះ​​​ទេ  ថែមទាំង​​សម្រាប់​​​សកម្មជន​​​របស់​​​ខ្ញុំ​​​​​​នៅក្នុង​​​ពន្ធនាគារ​​​​​​ទៀត​​​ផង​​​”។

នៅពេល​​​ចាក​​ចេញ​​​ពី​​​តុលាការ​​​ បន្ទាប់​​​ពី​​​ការ​​​ផ្តន្ទាទោស​​​ លោក ប៊ុន​​​ឡុង​​​ បាន​​​និយាយ​​​ថា លោក​​​ក៏​​​នឹង​​​ប្តឹង​​​ឧទ្ធរណ៍​​​ដែរ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “សេចក្តី​​​សម្រេច​​​េនះ​​​មិន​​​សម​​​ហេតុ​​​ផល​​ និង​​​មិន​​​យុត្តិធម៌​​​ឡើយ​​​ ពីព្រោះខ្ញុំ​​​​​​គ្រាន់​​​តែ​​​ចែក​​​អាវយឺត និង​​​វិទ្យុ​​​តែ​​​ប៉ុណ្ណោះ​​​។ ខ្ញុំ​​​មិន​​​អាច​​​ទទួល​​​យក​​​បាន​​​ទេ​​​ ហើយ​​​ខ្ញុំ​​​នឹង​​​ប្តឹង​​​ឧទ្ធរណ៍​​​។

អំឡុង​​​សវនាការ​​​ជំនុំ​​​ជម្រះ​​​រយៈ​​​ពេល​​​ពីរ​​​ថ្ងៃ លោក ប៊ុនឡុង​​​ និង​​​លោក សុខ​​​ម៉េង បាន​​​ទទួល​​​ស្គាល់ថា បាន​​​ដឹក​​​របស់​របរ​​​របស់​​​ចលនា​​​អំណាច​​​ពល​​​រដ្ឋ​​​ខ្មែរ​​​ជា​​​ច្រើន​​​កញ្ចប់​​​​​​មែន​​​ ប៉ុន្តែ បាន​​​លើក​​​ឡើង​​​ថា ពួក​​​គាត់​​​មិន​​​ដឹង​​​ថា នៅ​​​ក្នុង​​​កញ្ចប់​​​នោះមាន​​​អ្វី​​​នោះ​​​ឡើយ​​​ ហើយ​​​បាន​​​បដិសេធ​​​ថា លោក​​​មិន​​​បាន​​​ចូល​​​រួម​​​​​ក្នុង​​​ក្រុម​​​របស់​​​លោក សួន សេរីរដ្ឋា ឡើយ។

លោក ភារុណ បាន​​​បដិសេធ​​​ថា លោក​មិន​បាន​​​ចែក​​​កញ្ចប់​​​ណា​​​មួយ​​​ ឬ​​​បាន​​​ចូល​​​រួម​​​ក្នុង​​​ចលនា​​​អំណាច​​​ពល​​​រដ្ឋខ្មែរ​​​ឡើយ​​​។

លោក សុក សំអឿន មេធាវី​​​តំណាង​​​បុរស​​​ទាំង​​​បួននាក់​​​បាន​​​មាន​​​ប្រសាសន៍​​​ថា កូន​​​ក្តី​​​របស់​​​លោក​​​គ្រាន់តែ​​​ចង់ប្រើ​​​ប្រាស់​​​សិទ្្ធិរបស់​​​ខ្លួន​​​តាម​​​រដ្ឋ​​​ធម្មនុញ្ញតែ​​​ប៉ុណ្ណោះ។

លោក​​​បាន​​​មានប្រសាសន៍​​​ដល់​​​សាល​​​ក្រមនេះ​​​​ថា វា​​​បង្ហាញ​​​ថា នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​មិន​​​​​​មាន​​​សេរីភាព​​​ក្នុង​​​ការ​​​បញ្ចេញ​​​មតិ​​​ឡើយ​​​​​​ ពីព្រោះ​​​ការ​​​បញ្ចេញ​​​មតិ​​​បាន​​​ក្លាយ​​​ជា​​​ការ​​​រៀប​​​ចំ​​​ផែនការ​​​អាក្រក់ទៅ​​​វិញ​​​”។

លោក អំ សំអាត អ្នក​​​​​​គ្រប់​​​គ្រង​​​ផ្នែក​​​បច្ចេកទេស​​​នៅ​​​អង្គការ​​​លីកាដូ​​​ដែល​​​បាន​​​ចូល​​​រួម​​​ក្នុង​​​សវនាការ​​​ជំនុំ​​​ជម្រះ​​​នោះ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា រដ្ឋាភិបាល​​​​​​មិន​​​បាន​​​បង្ហាញ​​​ភ័ស្តុ​​​តាង​​​គួរ​​​ឲ្យ​​​ទុក​​​ចិត្ត​​​ទាក់​​​ទង​​​បទ​​​ឧក្រិដ្ឋ​​​​​​មក​​​លើ​​​បុរស​​​ទាំង​​​នោះឡើយ​ ហើយ​​​ថា ករណី​​នេះ​​​គឺ​​​ជា​​​ហេតុ​​​ផល​​​នយោ​បាយ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “អ្នក​​​ដែល​​​ត្រូវ​​​ចាប់​​​ដាក់​​​ពន្ធនាគារ​​​ជា​​​មនុស្ស​​​ស្លូត​​​ត្រង់​​​ ។ ‘សូម​​​បញ្ឈប់​​​ការ​​​ប្រើ​​​ប្រាស់​​​ប្រជា​​​ជន​​​ជា​​​ឧបករណ៍​​​នយោបាយ​​​ទៀត​​​ទៅ​​​’”។

គេមិន​​​ទាន់​​​ច្បាស់​​​ភ្លាម​​​ៗ​​​ទេ​​​​​​ថា តើ​​​ប្រទេស​​​​​​កម្ពុជា​​​មាន​​​គម្រោង​​​សុំ​​​ឲ្យ​​​ប្រទេស​​​ថៃ​​​ឃាត់​​​ខ្លួន​​​ និង​​​ធ្វើ​​​បត្យា​​​ប័ណ្ណ​​​លោក សួន សេរីរដ្ឋា  ឬ​​​យ៉ាង​​​ណា​​​នោះ​​​ឡើយ​​​។ ក្រុម​​​មន្ត្រី​​​នៅក្រសួង​​​មហាផ្ទៃ បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​ ឬ​អាច​​​ទាក់​​​ទង​​​បាន​​​ឡើយ។

បើ​​​ទោះ​​​ជា​​​ករណី​​​នេះប្រឆាំង​​​រូប​​​លោក​​​ក៏​​​ដោយ​​​ ក៏​​​លោក សួន សេរីរដ្ឋា ​​​កំពុង​​​ព្យាយាម​​​ចុះ​​​ឈ្មោះ​​​គណបក្ស​​​នយោបាយ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ គឺ​​​គណបក្ស​​​អំណាច​​​ខ្មែរ​​​ផង​​​ដែរ​​​​​​៕សារុន(រាយការណ៍​​​បន្ថែម​​​ដោយ​​​ Zsombor Peter)​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស