34 C
Phnom Penh

អ្នក​ឆ្លង​មេរោគ​អេដស៍​នៅ​ក្នុង​ឃុំរកា​​​ស្លាប់​ពីរ​នាក់​បន្ថែម​ទៀត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​សុខាភិបាល​ និង​​​អ្នក​ធ្វើ​ការ​ផ្នែក​ផ្ដល់​ជំនួយ​​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ​ស្ត្រី​វ័យ​ចំណាស់​ចំនួន​ពីរ​នាក់​ដែល​ស្ថិត​ក្នុង​ចំណោម​អ្នកភូមិចំនួន​​២៣៦​នាក់ ​ធ្វើ​តេស្ត​ឈាម​រក​ឃើញ​ថា មាន​ផ្ទុក​មេរោគ​អេដស៍​នៅ​ក្នុង​ឃុំរកា ខេត្ត​បាត់ដំបង បាន​ស្លាប់​កាលពី​សប្ដាហ៍​មុន​។

លោក លី ពេញស៊ុន ​ប្រធាន​​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ សើស្បែក និង​កាមរោគ​នៅ​ក្រសួង​សុខាភិបាល​ បាន​លើក​ឡើង​ថា ស្ត្រី​អាយុ​៧៤​ឆ្នាំ​ម្នាក់​​បាន​ស្លាប់​កាលពី​ថ្ងៃ​អង្គារ និង​ស្ត្រី​អាយុ​៧៥​ឆ្នាំ​ម្នាក់​ទៀត​បាន​ស្លាប់​កាលពី​ថ្ងៃ​ព្រហស្បតិ៍។ ពួកគាត់​ទាំង​ពីរ​នាក់​សុទ្ធ​មាន​ជំងឺ​ធ្ងន់។

លោក​ លី ពេញស៊ុន ​បាន​មាន​ប្រសាសន៍​ថា “ពួកគាត់ទាំង​ពីរ​នាក់​​សុទ្ធតែមាន​ជំងឺ​រាគរូស​ធ្ងន់ធ្ងរ ហើយ​ពួកគាត់​បាន​បដិសេធ​មិន​ព្រម​ទៅ​មន្ទីរ​ពេទ្យ​ឡើយ”។ លោក​បាន​បន្ថែម​ថា ​ស្ត្រី​វ័យ​ចំណាស់​ទាំង​ពីរ​នាក់​នេះ​ធ្លាប់​បាន​​​ប្រើ​ថ្នាំ​​ប្រឆាំង​មេរោគអេដស៍​​រួច​ហើយ​មុន​ពេល​ពួកគាត់​ស្លាប់​។ លោក​បានមាន​ប្រសាសន៍​បន្ត​ទៀត​ថា “យើង​​​ចាំបាច់​ត្រូវ​តែ​ផ្ដល់​ថ្នាំ​ប្រឆាំង​មេរោគ​អេដស៍​ទៅ​ឲ្យ​ពួកគាត់​ ហេតុដូច្នេះ​ប្រហែល​ជាពួកគាត់​បាន​​ធូរស្រាល​ ប៉ុន្តែ​​វា​មិន​ដូច្នោះ​ឡើយ​”។

លោក ទិត ឃីមុយ ប្រធាន​គម្រោង​នៅ​អង្គការ​ខាណា ជា​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​​​​ផ្ដល់​ការ​គាំទ្រ និង​​ទប់ស្កាត់​មេរោគ​អេដស៍​ បាន​លើក​ឡើង​ថា ស្ត្រី​អាយុ​៧៤​ឆ្នាំ​មាន​ជំងឺ​រាគរូស​រ៉ាំរ៉ៃ ហើយ​ថា ស្ត្រី​អាយុ​៧៥​ឆ្នាំ​វិញ​មាន​ជំងឺ​រលាក​​សួត។

ការ​ស្លាប់​របស់​ស្ត្រី​ទាំង​ពីរ​នាក់​នេះ​​កើត​ឡើង​ក្រោយ​ការ​ស្លាប់​របស់​ស្ត្រី​អាយុ​៧៣​ឆ្នាំ​ម្នាក់ និង​ទារិកា​អាយុ​៧ខែ​ម្នាក់​កាលពី​ខែ​មករា ដោយ​ធ្វើ​ឲ្យ​​ចំនួនសរុប​នៃ​អ្នក​ស្លាប់​ក្នុង​ចំណោម​​​អ្នក​ឆ្លង​មេរោគអេដស៍​នៅ​ក្នុង​ឃុំ​រកា ស្រុក​សង្កែ បាន​កើន​ឡើង​ដល់​ចំនួន​បួន​នាក់​ហើយ​។

ក្រុម​មន្ត្រី​បាន​​បន្ទោស​លោក យ៉ែម ជ្រិន ជា​គ្រូពេទ្យ​គ្មាន​អាជ្ញាប័ណ្ណ​ដែល​សារភាព​ថា ធ្លាប់​បាន​ប្រើ​ប្រាស់​​សឺរ៉ាង​ឡើង​វិញ​ម្ដង​ហើយ​ម្ដង​ទៀត​ និង​ដែល​​ប្រឈម​ការ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ពីបទ​មនុស្ស​ឃាត​ជា​អ្នក​ធ្វើ​ឲ្យ​មេរោគ​អេដស៍​នេះ​ឆ្លង​រាល​ដាល​៕ ស៊ុយឈាង​​​​​​​​​​

 

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស