លោក ងួន នន្ទ និពន្ធនាយកកាសែតដែលត្រូវបានចាប់ដាក់ពន្ធនាគារកាលពីឆ្នាំ១៩៩៤ ពីបទភ្ជាប់មន្ត្រីគណបក្សប្រជាជនកម្ពុជាទៅនឹងការប៉ុនប៉ងធ្វើរដ្ឋប្រហារកាលពីពេលនោះ បានទទួលមរណភាពនៅផ្ទះរបស់លោកក្នុងសហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យ។ លោកមានអាយុ៧៦ឆ្នាំ។
លោក ម៉ាសល ងួន ជាកូនប្រុសពៅក្នុងចំណោមកូនចំនួនបីនាក់របស់លោក ងួន នន្ទ បានមានប្រសាសន៍តាមទូរស័ព្ទកាលពីម្សិលមិញថា “ឪពុករបស់ខ្ញុំបានទទួលមរណភាពដោយសារជរាពាធ។ សមាជិកគ្រួសាររបស់យើងកំពុងធ្វើពិធីបុណ្យសពនៅក្នុងវត្តខ្មែរដ៏ចំណាស់មួយក្នុងក្រុងឡូវែល [រដ្ឋម៉ាសាឈូសេត]។ សពឪពុកខ្ញុំនឹងបូជានៅថ្ងៃសៅរ៍”។
លោក ងួន នន្ទ គឺជាមន្ត្រីមួយរូបនៅក្នុងសាធារណរដ្ឋប្រជាមានិតកម្ពុជា និងសម័យរដ្ឋកម្ពុជាក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ប៉ុន្តែក្រោយមកលោកបានចូលរួមជាមួយគណបក្សហ្វុ៊នស៊ិនប៉ិចរបស់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ សម្រាប់ការបោះឆ្នោតជាតិឆ្នាំ១៩៩៣ ដែលរៀបចំឡើងដោយអង្គការសហប្រជាជាតិ។
កាសែតរបស់លោកដែលមានឈ្មោះថា ដំណឹងពេលព្រឹក គឺស្ថិតក្នុងចំណោមកាសែតខ្មែរដ៏មានប្រជាប្រិយភាព និងជោគជ័យនៅក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ហើយកាសែតនេះមានការល្បីឈ្មោះដោយសារចុះផ្សាយបញ្ហារសើបៗដូចជា អំពើពុករលួយជាដើម។
បន្ទាប់ពីការប៉ុនប៉ងធ្វើរដ្ឋប្រហារឆ្នាំ១៩៩៤ ប្រឆាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលនាំឲ្យមានការនិរទេសព្រះអង្គម្ចាស់ នរោត្តម ចក្រពង្ស់ កាសែតដំណឹងពេលព្រឹកបានចុះផ្សាយអត្តបទដ៏ចម្រូងចម្រាសមួយដោយភ្ជាប់មន្ត្រីគណបក្សប្រជាជនកម្ពុជាទៅនឹងការប៉ុនប៉ងនេះ។ ក្នុងចំណោមមន្ត្រីទាំងនោះមានលោក ស៊ិន សុង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអំឡុងពេលនោះ លោក ជា ស៊ីម ប្រធានរដ្ឋសភាកាលពីពេលនោះ និងឧត្ដមសេនីយ៍ដែលមានទំនាក់ទំនងជាមួយគណបក្សប្រជាជនកម្ពុជាមួយចំនួនទៀត។
លោក ងួន នន្ទ បានជាប់ពន្ធនាគារអស់រយៈពេល១ខែ ដោយសារការចុះផ្សាយអត្តបទដ៏រសើបនេះ។
លោក ម៉ាសល ងួន បានឲ្យដឹងទៀតថា លោក ងួន នន្ទ បានភៀសខ្លួនចេញពីប្រទេសកម្ពុជា បន្ទាប់ពីការប្រយុទ្ធគ្នាមួយប្រាវក្នុងឆ្នាំ១៩៩៧ រវាងព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ និងកងកម្លាំងដែលស្មោះស្ម័គ្រនឹងលោក ហ៊ុន សែន ហើយលោកទទួលបានសិទ្ធិជ្រកកោននៅក្នុងសហរដ្ឋអាមេរិកក្នុងឆ្នាំ២០០១ជាមួយកូនប្រុសចំនួនពីរនាក់ ខណៈកូនស្រីរបស់លោកស្ថិតនៅក្នុងរាជធានីភ្នំពេញនោះ”៕ ស៊ុយឈាង