នគរបាលមូលដ្ឋានបានឲ្យដឹងថា សាកសពបងប្អូនជីដូនមួយពីរនាក់ត្រូវបានប្រទះឃើញអណ្តែតទឹកទន្លេស្រែពកក្នុងស្រុកលំផាត់ ខេត្តរតនគិរីកាលពីព្រឹកម្សិលមិញ មួយថ្ងៃបន្ទាប់ពីក្មេងប្រុសជំទង់ទាំងពីរនាក់នេះបានបាត់ខ្លួននៅពេលក្រុមគ្រួសារជួបជុំគ្នា។
យោងតាមលោក ដែន ឧដន អធិការរងនគរបាលស្រុកបានឲ្យដឹងថា កាលពីថ្ងៃអាទិត្យ ហង្ស នី អាយុ១៧ឆ្នាំ និង ហ៊ុយ រតនៈ អាយុ២០ឆ្នាំបានទៅលេងកន្លែងលំហែកាយដ៏ពេញនិយមមួយជាមួយក្រុមគ្រួសារស្ថិតនៅតាមដងទន្លេក្នុងភូមិដីឡូត៍ ឃុំជ័យឧត្តម ទីដែលពួកគេត្រូវបានគេឃើញចុងក្រោយហែលទឹកទន្លេលេងនៅវេលាប្រហែលជាថ្ងៃត្រង់។
លោកបានមានប្រសាសន៍ថា “ក្មេងប្រុសជំទង់ទាំងពីរនាក់នេះត្រូវបានគេឃើញហែលទឹកលេងនៅក្នុងទន្លេស្រែពក ខណៈដែលឪពុកម្តាយនិងសាច់ញាតិរបស់ពួកគេកំពុងបរិភោគអាហារថ្ងៃត្រង់”។
លោកបានបន្ថែមថា រយៈពេលបីម៉ោងក្រោយមក នៅពេលក្រុមគ្រួសារបានចាកចេញ ទើបពួកគាត់ដឹងថា បានបាត់ក្មេងប្រុសទាំងពីរនាក់នេះ។
លោក ឧដន បានមានប្រសាសន៍ថា នគរបាល អាជ្ញាធរឃុំ និងអ្នកភូមិបានដើររកបងប្អូនជីដូនមួយនេះរហូតដល់ម៉ោង៩យប់ថ្ងៃអាទិត្យ ប៉ុន្តែរកមិនឃើញឡើយរហូតដល់ព្រឹកម្សិលមិញ ទើបសាកសពរបស់ពួកគេត្រូវបានគេប្រទះឃើញអណ្តែតទឹកចម្ងាយប្រហែល១គីឡូម៉ែត្រពីកន្លែងដែលពួកគេត្រូវបានឃើញចុងក្រោយ។
លោកបានមានប្រសាសន៍ថា “បន្ទាប់ពីធ្វើកោសល្យវិច័យ សាកសពមិនមានសញ្ញាណាត្រូវគេសម្លាប់ឡើយ ប៉ុន្តែពួកគេបានលង់ទឹកទន្លេស្លាប់”។
លោក ឆាយ ធី អ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សអាដហុកប្រចាំខេត្តនេះបានមានប្រសាសន៍ថា សាកសពជនរងគ្រោះត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារកាលពីម្សិលមិញ ដែលរស់នៅទីប្រជុំជនក្រុងបានលុង។
លោកបានមានប្រសាសន៍ថា “វាជាការក្រៀមក្រំណាស់ក្នុងការបាត់បង់ក្មេងប្រុសជំទង់ទាំងពីរនាក់នេះដែលជាសាច់ញាតិនឹងគ្នា ប៉ុន្តែឪពុកម្តាយ និងអ្នកគ្រប់គ្រងតំបន់ទេសចរណ៍ឥឡូវនេះត្រូវយកចិត្តទុកដាក់ក្រើនរំឭកក្មេងៗឲ្យពាក់អាវពោងឲ្យបានត្រឹមត្រូវនៅពេលពួកគេហែលទឹកលេង”៕សារុន