នគរបាលបានឲ្យដឹងថា បុរសពីរនាក់អាយុខ្ទង់២០ឆ្នាំ បានស្លាប់នៅតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងខេត្តព្រះសីហនុកាលពីយប់ថ្ងៃច័ន្ទ នៅពេលរថយន្តដឹកសាំងរបស់ក្រុមហ៊ុនសូគីមិុច បុកម៉ូតូរបស់ពួកគេ ហើយអូសក្រោមរថយន្តមុនពេលធុងសាំងម៉ូតូផ្ទុះ ដោយធ្វើឲ្យពួកគេឆាបឆេះខ្លួន។
យោងតាមលោក ឡូត សារឿន នាយការិយាល័យនគរបាលចរាចរណ៍ខេត្តព្រះសីហនុបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងស្រុកព្រៃនប់នៅម៉ោងប្រហែល១០យប់ នៅពេលរថយន្តដឹកសាំងដែលធ្វើដំណើរឆ្ពោះទៅកាន់ក្រុងព្រះសីហនុ និងដែលគ្មានសាំងនៅក្នុងស៊ីទែននោះបានបុកជាមួយម៉ូតូចំពីមុខ ខណៈបង្កើនល្បឿននៅកណ្តាលផ្លូវ។
លោក សារឿន បានបន្ថែមថា អ្នកបើកបររថយន្តដឹកសាំងរបស់ក្រុមហ៊ុនសូគីមិុចដំបូងឡើយធ្វើមិនដឹងមិនឮចំពោះការផ្ទុះធុងសាំងម៉ូតូនៅពីក្រោមរថយន្ត ហើយបានបន្តបើករថយន្តទៅមុខទៀតមុនពេលអណ្តាតភ្លើងឆាបឆេះដល់ខ្លួន ទើបបោះបង់ចោលរថយន្តចម្ងាយប្រហែល២០០ម៉ែត្រពីកន្លែងដែលជនរងគ្រោះឈ្មោះ អឹម វុត្ថា អាយុ២២ឆ្នាំ និង សាត សាមិត្ត អាយុ២៣ឆ្នាំបានឆាបឆេះខ្លួនរហូតដល់ស្លាប់នៅចិញ្ចើមផ្លូវ។
លោកបានមានប្រសាសន៍ថា “ជនរងគ្រោះបានរបួសធ្ងន់ដោយសាររថយន្តបុក ប៉ុន្តែ ក្រោយមកបានស្លាប់ដោយសារការឆាបឆេះខ្លួន។ យើងកំពុងតែសើុបអង្កេតដើម្បីប្រមូលភ័ស្តុតាងចាប់ឲ្យក្រុមហ៊ុនសូគីមិុចទទួលខុសត្រូវ”។
នៅក្នុងេហតុការណ៍ដាច់ដោយឡែកមួយទៀតដែលកើតឡើងកាលពីព្រឹកថ្ងៃអង្គារ បុរសម្នាក់ឈ្មោះ ទូច ម៉ាត់ អាយុ៦៣ឆ្នាំ និងប្រពន្ធរបស់ខ្លួនដែលមានអាយុ៣៨ឆ្នាំបានស្លាប់នៅពេលរថយន្តធុនធំមួយគ្រឿងព្យាយាមបើកជែងរថយន្តមួយគ្រឿងទៀតដោយជ្រុលទៅបុកម៉ូតូរបស់ពួកគេនៅលើផ្លូវជាតិលេខ៣ក្នុងខេត្តកំពត នេះបើយោងតាមលោក ណុប សារ៉េត នាយការិយាល័យនគរបាលចរាចរណ៍ខេត្តនេះ ។
លោកបានមានប្រសាសន៍ថា “រថយន្តធុនធំបានបើកជែងរថយន្តមួយគ្រឿងផ្សេងទៀតនៅម៉ោងប្រហែល៨ព្រឹក ហើយបានបុកម៉ូតូរបស់ពួកគេ និងធ្វើឲ្យប្តីប្រពន្ធទាំងពីរនាក់នេះស្លាប់ភ្លាមៗ”។ លោកបានបន្ថែមថា នគរបាលបានចាប់ខ្លួនអ្នកបើកបរហើយនឹងបញ្ជូនអ្នកបើកបររូបនេះទៅតុលាការនៅថ្ងៃស្អែក។
លោក សារ៉េត បានបន្ថែមទៀតថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍លើកទី២នៅកន្លែងកើតហេតុដដែលនេះបានធ្វើឲ្យមនុស្សបួននាក់ផ្សេងទៀតរងរបួស ខណៈពួកគេកំពុងលើកសពប្តីប្រពន្ធទាំងពីរនាក់នេះដាក់ចូលក្នុងរថយន្តសង្គ្រោះបន្ទាន់។
លោកបានមានប្រសាសន៍ថា “កូនស្រីរបស់ជនរងគ្រោះ និងរថយន្តសង្គ្រោះបន្ទាន់បានមកដល់កន្លែងកើតហេតុ ហើយនៅពេលពួកគេកំពុងដឹកសព រថយន្តមួយគ្រឿងទៀតបានបុករថយន្តសង្គ្រោះបន្ទាន់ និងរថយន្តកូនស្រីជនរងគ្រោះពីក្រោយ ហើយបន្ទាប់មកជ្រុលទៅបុកអ្នកទាំងបួននាក់នោះនៅលើផ្លូវដោយធ្វើឲ្យពួកគេរងរបួសធ្ងន់៕ស៊ុយឈាង